ជាតិ
សេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច ដាក់ដំណើរការគម្រោងផ្ដល់ឥណទានការប្រាក់ទាប ដែលមានទឹកប្រាក់១០០លានដុល្លារ ដល់SME រូបភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
× ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានដាក់ឲ្យដំណើរការគម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ដើម្បីផ្ដល់ឥណទានដែលមានការប្រាក់ទាប ក្នុងការជំរុញការអភិវឌ្ឍសហគ្រាសទាំងនោះ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មូលនិធិក្រោមគម្រោងហិរញ្ញប្បទាននេះ មានទឹកប្រាក់១០០លានដុល្លារ។
វិស័យមួយចំនួននៅកម្ពុជា កំពុងរងផលប៉ះពាល់ ដោយសារកូវីដ-១៩។ ក្នុងស្ថានភាពនេះ រដ្ឋាភិបាល បានបង្កើត និងដាក់ឲ្យដំណើរការជាផ្លូវការ គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម។ គម្រោងនេះ បង្កើតឡើងសម្រាប់ផ្ដល់ឥណទានមានការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។
វិស័យអាទិភាព ដែលទទួលបានឥណទាននេះ រួមមានផ្នែកកម្មន្តសាល និងសិប្បកម្ម សម្រាប់ជំនួសឲ្យការនាំចូលម្រើសេចក្ដីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូល នៅក្នុងការផលិតរបស់ក្រុមហ៊ុនធំៗ។ នេះជាការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច។ ស្ថាប័នដដែលបញ្ជាក់ថា មូលនិធិ ១០០លានដុល្លារ ក្រោមគម្រោងសហហិរញ្ញប្បទាននេះ ជាការផ្ដល់សហហិរញ្ញប្បទានបដិភាគស្មើគ្នា រវាងធនាគារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ចំនួន ៣៣។
ក្រសួងសេដ្ឋកិច្ចបញ្ជាក់ទៀតថា សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការឥណទាន អាចដាក់ពាក្យស្នើសុំឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទាននេះ នៅតាមគ្រឹះសា្ថនហិរញ្ញវត្ថុចូលរួមណាមួយ ដោយគោរពតាមលក្ខខណ្ឌរបស់គម្រោងហិរញ្ញប្បទាន និងលក្ខខណ្ឌផ្ដល់ឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុ៕
Tag:
សេដ្ឋកិច្ច
ការប្រាក់
សហគ្រាស
ធុនតូច
មធ្យម
© រក្សាសិទ្ធិដោយ thmeythmey.com