COVID-19
អន្តរជាតិ
ខ្លា​មួយ​ក្បាល​ក្នុង​សួនសត្វ​ក្រុង​ញូវយ៉ក ឆ្លង COVID-19
06, Apr 2020 , 3:42 pm        
រូបភាព
ខ្លោងទ្វារចូលសួនសត្វ Bronx ក្នុងទីក្រុងញូវយ៉ក។ រូបភាព Flickr
ខ្លោងទ្វារចូលសួនសត្វ Bronx ក្នុងទីក្រុងញូវយ៉ក។ រូបភាព Flickr
ដោយ:
​សត្វ​ខ្លា​មួយ​ក្បាល​ក្នុង​សួនសត្វ Bronx ក្នុង​ទីក្រុង​ញូវយ៉ក​ត្រូវបាន​គេ​ធ្វើតេស្ត​ថា មាន​ផ្ទុក​ជំងឺ COVID-19 ។ គេ​ជឿថា​សត្វ​ខ្លា​នេះ​ឆ្លង​ជំងឺ COVID-19 ពី​អ្នក​ថែទាំ​សត្វ​ដែល​ផ្ទុក COVID-19 ដែល​មិន​បញ្ចេញ​រោគសញ្ញា​។ នេះ​បើ​យោងតាម​សារ​ព័​ត៍​មាន AFP ដែល​ដកស្រង់​សេចក្តីថ្លែងការណ៍​របស់​សួនសត្វ​ខាងលើ​។​

 
​សត្វ​ខ្លា​ពូជ​ម៉ា​ឡេ  អាយុ​៤​ឆ្នាំ ឈ្មោះ Nadia រួមជាមួយ​ខ្លាញី Azul សត្វ​ខ្លា​ស៊ី​បេ​រី​២​ក្បាល និង​តោ​អាហ្វ្រិក​៣​ក្បាល មាន​ចេញ​អាកា​រៈ​ក្អក​ស្ងួត​។ ប៉ុន្តែ​មានតែ ខ្លា Nadia ដែលមាន​លទ្ធផល​វិជ្ជមាន COVID-19 ។ គេ​រំពឹងថា សត្វ​ទាំងនេះ​ជាសះស្បើយ​ក្នុងពេល​ខ្លី​ខាងមុខ​។ សេចក្តីថ្លែងការណ៍​រប​ស់​ខ្លួន សួនសត្វ Bronx អះអាងថា  បានធ្វើ​តេស្ត​សត្វ​ខាងលើ​យ៉ាង​ប្រុងប្រយ័ត្ន និង​ធានាថា ចំណេះដឹង​ដែល​ខ្លួប​មាន​នឹង​រួមចំណែក​ក្នុងការ​យល់ដឹង​ពី​កូ​រ៉ូ​ណា​វ៉ី​រុស​ថ្មី​នេះ​។ 
 
​សហគមន៍​អភិរក្ស​សត្វព្រៃ ដែល​ដំណើរការ​សួនសត្វ​នេះ​បាន​បន្ថែមទៀតថា បើទោះបី​សត្វ​ទាំងអស់នោះ​មិនសូវ​ចង់ស៊ី​ចំណី ប៉ុន្តែ​ពួកវា​បានទទួល​ការមើល​ថែ​ដោយ​អ្នក​ថែទាំ និង​ពេទ្យសត្វ​។ បើតាម​សេចក្តីថ្លែងការណ៍​ដដែល គេ​ពុំទាន់​ដឹងថា​ជំងឺ​នេះ​វិ​វត្ត​យ៉ាងណា​ក្នុង​ខ្លួនប្រាណ​សត្វ​ឡើយ ដោយសារ​ប្រភេទ​សត្វ​នីមួយៗ​ប្រតិកម្ម​ទៅនឹង​ការឆ្លង​ផ្សេងៗ​ពីគ្នា ប៉ុន្តែ​នឹង​បន្ត​ការពិនិត្យ​យ៉ាង​ដិតដល់ និង​ប្រមើលមើល​ការ​ជាសះស្បើយ​របស់​វា​។ 
 
​លោក Paul Calle ប្រធាន​ពេទ្យសត្វ​នៅ​សួនសត្វ Bronx ប្រាប់​ទីភ្នាក់ងារ​ព័​ត៍​មាន Reuters ថា ទោះបីជា​សត្វ​ខ្លា និង​តោ​ឯទៀត​បញ្ចេញ​រោគសញ្ញា​ក៏ពិតមែន​តែ​ពួកវា​មិន​ឈឺធ្ងន់ធ្ងរ​ទេ ដោយឡែក​សម្រាប់សត្វ​ខ្លា Nadia គេ​សម្រេចចិត្ត​ធ្វើតេស្ត​ដោយសារតែ​វា​ឈឺ​ខ្លាំងជាងគេ និង​ចាប់ផ្តើម​មិន​ចង់ស៊ី​ចំណី ហើយគេមិន​ចង់​ប្រើ​ថ្នាំ​សណ្តំ​លើ​សត្វ​ទាំងអស់​ផងដែរ​។​
 
​សត្វ​ខ្លា Nadia ត្រូវបាន​គេ​ពិនិត្យ​ដោយ​ប្រើ​កាំរស្មី X អ៊ុ​ល​ត្រា​សោ​ន និង​ធ្វើតេស្ត​ឈាម​ដើម្បី​ឲ្យ​ដឹង​ពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​សុខភាព​មិនល្អ​។ បន្ទាប់មក​ពួកគេ​ក៏​សម្រេច​ធ្វើតេស្ត COVID-19​ ដោយហេតុតែ​ចំនួន​អ្នក​ឆ្លង​ក្នុង​ទីក្រុង​ញ៉ូ​វ​យ៉​កមាន​ការកើនឡើង​យ៉ាងគំហុក​។​
 
​យ៉ាងណាមិញ សួនសត្វ​ខាងលើ​បាន​សង្កត់ធ្ងន់ថា​៖ « គ្មាន​ភស្តុតាង​ណា​បង្ហាញថា សត្វ​ដើរតួនាទី​ក្នុងការ​ចម្លង COVID-19 ទៅ​មនុស្ស​ក្រៅពី​ហេតុការណ៍​ដំបូង​នៅ​វូ​ហាន​ឡើយ ហើយក៏​គ្មាន​ភស្តុតាង​ណា​ដែល​បង្ហាញថា មនុស្ស​ចម្ង COVID-19 ពី​សត្វ​នៅ​សហរដ្ឋអាមេរិក ដែល​ក្នុងនោះ​រួមមាន​សត្វ​ចិញ្ចឹម​ដូចជា​ឆ្កែ និង​ឆ្មា​ផងដែរ​»​។ 
 
​យោងតាម​គេហទំព័រ​ក្រសួងកសិកម្ម​អាមេរិក គេ​ពុំទាន់​មាន​របាយការណ៍​ស្តីពី​សត្វ និង​សត្វ​ចិញ្ចឹម​ដែល​ឆ្លង និង​ឈឺ​ដោយសា​វី​រ៉ុ​ស​កូ​រ៉ូ​ណា មុន​ករណី​សត្វ​ខ្លា Nadia ឡើយ ប៉ុន្តែ​បាន​ណែនាំ​មនុស្ស​មាន​ជំងឺ ឲ្យ​កាត់បន្ថយ​ការប៉ះពាល់​សត្វ រហូត​មាន​ព័​ត៍​មាន​បន្ថែម​។​
 
​គួរ​រំលឹក​ផងដែរ​ថា កាលពី​ចុងខែ​មីនា​សត្វ​ឆ្មា​ចិញ្ចឹម​នៅ​ប៊ែ​ល​ហ្សិ​កមាន​ផ្ទុក COVID-19 ចំណែកឯ​ឆ្កែ​ពី​ក្បាល​នៅ​ហុងកុង ក៏​ផ្ទុក​COVID-19 ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com