COVID-19
អន្តរជាតិ
ថៃ មានករណីឆ្លង COVID-19 ថ្មី ៥១នាក់ ក្នុងនោះ១៣នាក់ជាបុគ្គលិកសុខាភិបាល រូបភាព៖ Disease Control Department
× ថៃ នាថ្ងៃទី៦ ខែមេសា បានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ចំនួន ៥១ករណី និងអ្នកស្លាប់ចំនួន ៣ករណីបន្ថែមទៀត។ ក្នុងចំណោម៥១ករណីនេះ ក៏មានបុគ្គលិកសុខាភិបាលផងដែរ។ តួលេខនេះ ឃើញថា មានការធ្លាក់ចុះរហូតដល់ពាក់កណ្តាល បើធៀបទៅនឹងថ្ងៃទី៥ ខែមេសា។
បើតាមការអះអាងរបស់អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្តីពីស្ថានភាពCOVID-19 លោកTaweesin Visanuyothin ថៃបានរកឃើញករណី COVID-19 ថ្មីចំនួន ៥១ករណីបន្ថែមទៀត។ បន្ថែមពីលើករណីឆ្លង ថៃក៏មានអ្នកស្លាប់ ៣ករណីបន្ថែមទៀត ក្នុងនោះក៏មានយុវជនវ័យ ២៨ឆ្នាំម្នាក់ផងដែរ។ ក្រៅពីយុវជននេះ បុរស និងស្ត្រីវ័យ៥០ឆ្នាំដែលបាត់បង់ជីវិត ក៏មានជំងឺរ៉ាំរ៉ៃជាប់ខ្លួន ចំណែកយុវជនវ័យ ២៨ឆ្នាំ បានទទួលមរណភាពដោយសារកម្តៅឡើងខ្ពស់ពេករហូតដល់ ៣៩,៣ អង្សារ។
ក្នុងចំណោមករណីថ្មីចុងក្រោយនេះ បុគ្គលិកសុខាភិបាលចំនួន ១៣នាក់ បានឆ្លង COVID-19 ឯអ្នកជំងឺ ២៥ករណីទៀត គឺមានពាក់ព័ន្ធនឹងករណីមុន ខណៈ ៣ករណីទៀត គឺជាអ្នក ដែលធ្លាប់ចូលរួមនៅក្នុងពិធីសាសនានៅម៉ាឡេស៊ី និងករណីផ្សេងទៀត។
តាមរយៈតួលេខនេះ ថៃមានករណីឆ្លងតិចជាងពាក់កណ្តាល បើធៀបនឹងថ្ងៃទី៥ ខែមេសា ដែលមាន ១០២ករណី។ វាក៏ជាតួលេខធ្លាក់ចុះទាបបំផុតផងដែរ ចាប់តាំងពីថ្ងៃទី២០ ខែមីនា កន្លងមក។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post។ បើទោះបីជារកឃើញករណី COVID-19 ពិតមែន ប៉ុន្តែលោក Taweesin បានព្រមានប្រជាជនថៃថា កុំឲ្យសាទរពេលអាជ្ញាធររកឃើញករណីឆ្លងតិចបែបនេះ ព្រោះនៅមានករណីជាច្រើនទៀត ដែលមិនទាន់រកឃើញ និងកំពុងតាមដាន។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ ថៃមានករណីCOVID-19 សរុប ២២២០ករណី អ្នកស្លាប់ ២៦នាក់ និងអ្នកជាសះស្បើយ ៧៩៣នាក់។ ទីក្រុងបាងកក មានករណី COVID-19 ច្រើនជាងគេបង្អស់រហូតដល់ជាង ១ពាន់ករណី ឯខេត្ត Nonthaburi មាន១៤៣ករណី កោះភូកេតមាន ១៣៥ករណី និងតំបន់ផ្សេងៗទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com