COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ ក្រោយ​រង​ការរិះគន់​ខ្លាំង Liverpool លែង​កាត់​ប្រាក់ខែ​បុគ្គលិក​វិញ
07, Apr 2020 , 4:41 pm        
រូបភាព
​ក្លិប Liverpool បាន​ប្តូរ​ការសម្រេចចិត្ត​រប​ស់​ខ្លួន​វិញ​ដោយ​មិន​កាត់​ប្រាក់​ឈ្នួល​របស់​បុគ្គលិក​ឡើយ​អំឡុងពេល​ឈប់សម្រាក​បណ្តោះអាសន្ន​ដោយសារ COVID-19 និង​ថែមទាំង​សុំទោស​អ្នកគាំទ្រ​របស់​ពួកគេ​ផង​។​


 
​កាលពី​ថ្ងៃទី​៤ ខែមេសា ក្លិប​រហ្សនាម​ហង្ស​ក្រហម បានប្រកាសថា​ពួកគេ​នឹង​អនុវត្តតាម​គម្រោងការ​ងារ​ដោយ​ផ្តល់​មូលនិធិ​ពន្ធ​ដល់​រដ្ឋាភិបាល​អង់គ្លេស​តាមរយៈ​ការ​កាត់​ប្រាក់​ឈ្នួល​បុគ្គលិក​ចំនួន​២០​ភាគរយ​។ ប៉ុន្តែ​ការលើកឡើង​បែបនេះ​បានធ្វើ​ឲ្យ​មានប្រតិកម្ម និង​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​គា​ទ្រ រួមទាំង​អតីត​កីឡាករ​របស់ខ្លួន​ផង​។​
 
Liverpool ជា​ក្លិប​ទី ៥ នៃ​ក្របខណ្ឌ Premier League ដែល​បានសម្រេច​កាត់​ប្រាក់ខែ​បុគ្គលិក អំឡុង​វិបត្តិ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ខណៈ​លី​គ​ត្រូវ​ផ្អាក​សម្រាប់​ការប្រកួត​ដែល​នៅសល់​រហូតដល់​ខែមិថុនា ឆ្នាំ​២០២០​។​
 
​យ៉ាងណាក៏ដោយ ក្រោយ​មានការ​រិះគន់​ខ្លាំងៗ​ដោយមាន​ការផ្ញើ​ជា​សំបុត្រ​ពី​អ្នកគាំទ្រ​ផង​នោះ Liverpool បាន​បើក​កិច្ចប្រជុំ​ដោយមាន​ម្ចាស់​ក្លិប និង​ម្ចាស់​ហ៊ុន​ផង ក៏បាន​សម្រេច​ផ្លាស់ប្តូរ​គំនិត​ខាងលើនេះ​វិញ​ហើយ​ផ្តល់ប្រាក់​ឈ្នួល​ដល់​បុគ្គលិក​ពេញលេញ​ទោះ​គ្មាន​ការប្រកួត​ក្តី​។​
 
​លោក Peter Moore នាយក​ប្រតិបត្តិ​ក្លិប​ហង្ស​ក្រហម​បាន​និយាយថា ៖«​យើង​ទទួលស្គាល់ថា​យើង​បាន​សន្និដ្ឋាន និង​សម្រេចចិត្ត​ខុស​កាលពី​សប្តាហ៍​មុន ហើយ​ពិតជា​សោកស្តាយ​ចំពោះ​រឿង​នោះ​»​។ លោក​បាន​បន្ថែមថា​ក្លិប​បានជ្រើសរើស​រក​មធ្យោបាយ​ផ្សេង​ដើម្បី​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក​តាម​ធម្មតា​។​
 
​ម្ចាស់​ជើងឯក​ក្របខណ្ឌ​កំពូល​អឺរ៉ុប Champions League ឆ្នាំ​២០១៩  ជា​ក្លិប​កីឡាបាល់ទាត់​ដែលមាន​ជាងគេ​លំដាប់ថ្នាក់​ទី​៧​ពិភពលោក និង​ទទួលបាន​ប្រាក់ចំណេញ​ចំនួន ៤២​លាន​ផោន (៥២​លាន​ដុល្លារ​អាមេរិក​) កាលពី​ឆ្នាំមុន​។​
 
Newcaslte United, Tottenham Hotspur, Bournemouth និង Norwich City សុទ្ធតែ​បានប្រកាស​កាត់​ប្រាក់​ឈ្នួល​បុគ្គលិក​២០​ភាគរយ​ក្រោម​ហេតុផល​ការពារ​អនាគត​ក្លិប​ដោយ​វិបត្តិ COVID-19​។​
 
​ដោយឡែក ក្លិប Manchester United និង Manchester City បាន​ចេញមុខ​បញ្ជាក់​ហើយ​ថា ក្លិប​នឹងមិន​កាត់​ប្រាក់​ឈ្នួល​បុគ្ល​លិ​ក​ខ្លួន​មួយ​សេន​ឡើយ បើ​ទោះ​គ្មាន​ការប្រកួត​ក៏ដោយ​៕

Tag:
 Liverpool
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com