COVID-19
អន្តរជាតិ
WHO៖ ម៉ាស់​តែមួយ​មុខ មិនអាច​បញ្ចប់ COVID-19 បានទេ​
08, Apr 2020 , 7:59 am        
រូបភាព
លោកប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus។ រូបភាព៖ AFP
លោកប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus។ រូបភាព៖ AFP
​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក (WHO) នា​ថ្ងៃទី​៦ ខែមេសា បាន​បញ្ជាក់ថា ម៉ាស់​ត្រូវបាន​គេ​ដឹកជញ្ជូន​ទៅគ្រប់​ទីកន្លែង តែ​មិនអាច​ដោះស្រាយ​បញ្ហា​បានទេ ខណៈ​ទឹក​លាងដៃ និង​ការរក្សា​គម្លាត​សង្គម (Social Distancing) នៅតែមាន​បញ្ហាលំបាក​។ បន្ថែម​ពីនេះ អង្គការសហប្រជាជាតិ ក៏​ត្រៀម​សហការ​ជាមួយ​តារាចម្រៀង Lady Gaga ផងដែរ ដើម្បី​ផ្សព្វផ្សាយ​វិធានការ​ទប់ស្កាត់ COVID-19​។​


 
​តាមរយៈ​ស​ន្និសីទ​កាសែត​នាទី​ក្រុង​ហ្សឺ​ណែវ អគ្គនាយក​អង្គការ​សុខាភិបាល​ពិភពលោក Tedros Adhanom Ghebreyesus បាន​អះអាងថា ប្រទេស​មួយចំនួនបាន​ប្រើប្រាស់​ម៉ាស់​យ៉ាងច្រើន ខណៈពេល​ការប្រើប្រាស់​ទឹក​លាងដៃ និង​ការរក្សារ​គម្លាត មិនមាន​ការគិតគូរ​ច្រើន និង​ពិបាក​ក្នុងការ​អនុវត្ត​។ ការណ៍​នេះគឺ​បណ្តាលមកពី​កង្វះ​ទឹក​ប្រើប្រាស់ និង​លក្ខខណ្ឌ​នៃ​ការរស់នៅ​ជាដើម​។ តួយ៉ាង​ដូចជា​នៅ​តំបន់​អាហ្វ្រិក​ជាដើម គឺមាន​ការខ្វះខាត​ទឹក​ប្រើប្រាស់​យ៉ាងខ្លាំង ចំណែក​លក្ខខណ្ឌ​រស់នៅ​ក្នុង​តំបន់​នេះ ក៏​ពិបាក​ផងដែរ​។ 
 
​យ៉ាងណាក៏ដោយ លោក Tedros បាន​ពន្យល់ថា ម៉ាស់​គួរតែ​ប្រើប្រាស់​ជា​ផ្នែក​មួយ ​នៃ​ប្រព័ន្ធ​សុខាភិបាល ហើយ​មិនគួរ​ប្រើប្រាស់​ឲ្យ​ទូលំទូលាយ​ពេក​ទេ ខណៈ​មន្ត្រី​សុខាភិបាល​នៅ​ប្រទេស​មួយចំនួន កំពុង​ខ្វះខាត​ម៉ាស់​ក្នុង​ព្យាបាល​អ្នកជំងឺ​។ 
 
​បើតាម​លោក​ប្រមុខ WHO វា​គ្មាន​ចម្លើយ​ខុស ឬ​ត្រូវ​នោះទេ ហើយ​ម៉ាស់ គឺ​មិនអាច​ប្រៀបបាន​នឹង«​គ្រាប់កាំភ្លើង​»ក្នុងការ​បញ្ចប់ COVID-19 ឡើយ​។ អ្វីដែល​សំខាន់ ទាំងគោលការណ៍ ទាំង​ការលាង ការរក្សា​គម្លាត និង​ពាក់​ម៉ាស់​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​បន្ថែម​ពីលើ​នេះ អង្គការ​សុខភាព​ពិភពលោក ក៏​ត្រៀម​សហការ​ជាមួយ​តារាចម្រៀង Lady Gagaផងដែរ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ​បណ្តោះអាសន្ន​។ « ពិភពលោក​តែមួយ​។ ស្នាក់​នៅផ្ទះ​ទាំងអស់គ្នា​»  គឺជា​ប្រធានបទ​នៃ​ការប្រគំ​តន្ត្រី ដែល​នឹងមាន​ការចូលរួម​ពី​តារាចម្រៀង Lady Gaga, លោក Andrea Bocelli, លោក Chris Martin, តារាបាល់ទាត់ David Beckham, លោក Elton John និង​តារា​ផ្សេងទៀត នឹង​ប្រារព្ធ​នា​ថ្ងៃទី​១៨ ខែមេសា​។ 
 
​ក្រៅពីនេះ លោក Tedros ក៏បាន​សំណូមពរ​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ទាំងអស់ កុំ​យក​តំបន់​អាហ្វ្រិក​ជាទី​កន្លែង​សាកល្បង​វ៉ាក់សាំង ​COVID-19 ព្រោះនេះ គឺជា​ទង្វើ​ប្រកាន់ពូជសាសន៍ និង​អសីលធម៌ ហើយ​លោក​ក៏​សង្ឃឹម​ដែរ​ថា សកម្មភាព​នេះនឹងមិន​កើតឡើង​នោះទេ​៕ 

Tag:
 WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com