ជាតិ
ក្រសួងពន្យារពេលប្រឡងបាក់ឌុប និងឌីប្លូម
08, Apr 2020 , 11:51 am        
រូបភាព
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការពន្យារពេលប្រឡងបាក់ឌុប និងឌីប្លូម ក្នុងឆ្នាំសិក្សា២០១៩-២០២០នេះ។ កាលបរិច្ឆេទសម័យប្រឡងថ្នាក់ជាតិទាំង២កម្រិតនេះ នឹងត្រូវបញ្ជាក់នៅពេលក្រោយ



ក្រសួងអប់រំ បានប្រកាសពីការពន្យារពេល នៃការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដែលគ្រោងធ្វើចាប់ពីថ្ងៃទី ១៧ សីហា ដល់ថ្ងៃទី៩កញ្ញា ឆ្នាំ២០២០។ ក្រសួងក៏ពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ដែលគ្រោងធ្វើនៅថ្ងៃទី៣ ខែសីហា ដល់ថ្ងៃទី១០ សីហាឆ្នាំ២០២០នេះដែរ។ កាលបរិច្ឆេទនៃសម័យប្រឡងថ្នាក់ជាតិទាំង២កម្រិតនេះ នៅពេលក្រោយ។ នេះបើតាមការណែនាំរបស់ក្រសួងអប់រំ ចេញផ្សាយនៅថ្ងៃទី ៨ មេសានេះ។ ក្រសួងអប់រំ ថាការពន្យារពេលនេះ គឺដើម្បីចូលរួម​ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាដើម្បីឲ្យស្របតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួល​យកបានចំពោះ​ការប្រឡងគ្រប់ប្រភេទ។ 

ដ្បិតការប្រឡងត្រូវពន្យារពេល ប៉ុន្តែ​ក្រសួងអប់រំ បានណែនាំ​ឲ្យ​សិស្សានុសិស្ស ត្រូវស្វ័យសិក្សា​នៅតាមផ្ទះ ដោយប្រើប្រាស់​សៀវភៅគោល និងតាមរយៈប្រព័ន្ធអេឡិចត្រូនិក(E-Learning) ដែល​មាននៅក្នុងគេហទំព័រផ្លូវការ​ក្រសួង ដែល​រួម​មាន YouTube និង Facebook ផ្លូវការ​របស់ក្រសួងអប់រំ ឬមជ្ឈមណ្ឌលសិក្សាអេឡិត្រូនិក elearning.moyes.gov.kh រួម​ជាមួយនឹងប្រព័ន្ធ E-School Cambodia, ប្រព័ន្ធ Wiki School ទាំងនៅលើកម្មវិធីទូរសព្ទដៃ និងមានចាក់ផ្សាយនៅ​ស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១, ទូរទស្សន៍ OneTV ប៉ុស្តិ៍លេខ ៦, ទូរទស្សន៍ខ្សែកាប SkyOne ប៉ុស្តិ៍លេខ៣៥, ទូរទស្សន៍ Wiki School TV ជាដើម និងប្រភពផ្សេងៗទៀត៕ 

© រក្សាសិទ្ធិដោយ thmeythmey.com