COVID-19
អន្តរជាតិ
COVID-19៖ កូរ៉េខាងត្បូង ដែល​ធ្លាប់​រងគ្រោះ​ខ្លាំង​បន្ទាប់ពី​ចិន ទើប​មាន​អ្នកស្លាប់​២០០​នាក់​
08, Apr 2020 , 5:29 pm        
រូបភាព
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៨ ខែមេសា បានប្រកាស​ពី​ករណី​ស្លាប់​បន្ថែម​ដោយ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​បង្កដោយ​កូ​រ៉ូ​ណា​វីរុស​ថ្មី (COVID-19) ចំនួន​៨​នាក់ ដែល​ធ្វើ​ឲ្យ​តួលេខ​អ្នកស្លាប់​នៅ​ប្រទេស​នេះ​កើន​ដល់​២០០​នាក់​។ នេះ​ជា​ចំនួន​ដ៏​តិច​បំផុត​សម្រាប់​កូរ៉េខាងត្បូង​ដែលជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​បន្ទាប់ពី​ចិន​កាលពី​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​មួយចំនួន​ដែល​ផ្ទុះ​ករណី​ឆ្លង​ក្រោយ តែមាន​ករណី​ស្លាប់ និង​ឆ្លង​ច្រើនជាង​។​

 
​កូរ៉េខាងត្បូង ជា​ប្រទេស​ទី​ពីរ​បន្ទាប់ពី​ចិន​ដែល COVID-19 ចាប់ផ្ដើម​រាលដាល​ខ្លាំង​។ ករណី​ទីមួយ​របស់​កូរ៉េខាងត្បូង ត្រូវបាន​រាយការណ៍​នៅ​ចុងខែ​កុម្ភៈ ប៉ុន្តែ​ករណី​ឆ្លង​បែរជា​មាន​តិច​ទៅវិញ​។ គិត​ត្រឹម​ថ្ងៃទី​៨ ខែមេសា កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង COVID-19 ទាំងអស់​១០៣៨៤​នាក់ និង​ស្លាប់​២០០​នាក់​។ ចំនួន​អ្នកស្លាប់​នេះ គឺជា​អត្រា​ទាប​បំផុត​ប្រៀបធៀប​នឹង​ចំនួន​អ្នក​ឆ្លង ហើយ​វា​ក៏​តិច​ដែរ បើ​ប្រៀបធៀប​នឹង​ប្រទេស​ផ្សេង​ដែលមាន​ករណី​ឆ្លង COVID-19 ក្រោយ​កូរ៉េខាងត្បូង​នោះ​។ 
 
​បី​សប្ដាហ៍​ចុងក្រោយ កូរ៉េខាងត្បូង​រាយការណ៍​ពី​ការឆ្លង​ប្រចាំថ្ងៃ​ប្រហែល​មួយរយ ឬ​ក្រោម​មួយ​ករណី​ប៉ុណ្ណោះ​។ អាជ្ញាធរ​កូរ៉េខាងត្បូង បាន​បន្ត​ទទូច​ឲ្យ​ប្រជាជន​អនុវត្ត​គម្លាត​សង្គម​បន្ថែមទៀត សំដៅ​កាត់ផ្ដាច់​ការឆ្លង​ថ្មីៗ បន្ថែម​ពីលើ​វិធានការ​របស់​រដ្ឋាភិបាល​ដែល​ត្រូវបាន​ប្រទេស​ជាច្រើន​សរសើរ​ថា មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់ COVID-19 មិន​ឲ្យ​រាលដាល​នោះ​។ អនុរដ្ឋមន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូង Kim Ganglip និយាយថា គម្លាត​សង្គម ជា​វ៉ាក់សាំង​តែមួយគត់​។​
 
​ផ្ទុយ​ពី​កូរ៉េខាងត្បូង ប្រទេស​ជាច្រើន​នៅ​ប៉ែក​ខាងលិច បាន​កត់ត្រា​ពី​ករណី​ឆ្លង​យ៉ាងច្រើន ទោះ​ប្រទេស​ទាំងនោះ​មាន​ករណី​ឆ្លង COVID-19 ក្រោយ ឬ​មាន​តិចតួច​ពេល​កូរ៉េខាងត្បូង​រងគ្រោះ​ខ្លាំង​នោះ​។ អាមេរិក មាន​ករណី​ឆ្លង​បួន​សែន​នាក់ ស្លាប់​ជាង​១២៨០០​នាក់​, អេ​ស្ប៉ា​ញ​ឆ្លង​ជាង​១៤​ម៉ឺន​នាក់ ស្លាប់​១៤០០០​នាក់​, អ៊ីតាលី​ឆ្លង​ជាង​១៣៥០០០​នាក់ ស្លាប់​ជាង​១៧១០០​នាក់ និង​អាល្លឺម៉ង់​ឆ្លង​ជិត​១១​ម៉ឺន​នាក់ ស្លាប់​ជាង​មួយ​ម៉ឺន​នាក់​។ 
 
​អ្វីដែល​កូរ៉េខាងត្បូង កំពុង​ធ្វើ​ដើម្បី​ទប់ស្កាត់​ការឆ្លង COVID-19 មានការ​អភិវឌ្ឍ​ការធ្វើ​តេស្ត​រក​វីរុស​ឲ្យ​បាន​លឿន​បំផុត ការធ្វើ​តេស្ត​ជនសង្ស័យ និង​ការដាក់​ដាច់ដោយឡែក​អ្នក​ឆ្លង និង​អ្នក​សង្ស័យ​។ លើសពីនោះ អាជ្ញាធរ​កូរ៉េខាងត្បូង ក៏បាន​ប្រកាស​ព័ត៌មាន​ទាក់ទង​ជំងឺ​នេះ និង​អ្នកជំងឺ​ទៅកាន់​ប្រជាជន​តាមរយៈ​ការបង្កើត App ជាដើម​។ ការចូលរួម​របស់​ប្រជាជន ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​ឲ្យ​ករណី​ឆ្លង​នៅ​កូរ៉េខាងត្បូង មាន​មិន​ច្រើន​ដែរ​។​
 
​មិន​ត្រឹម​មាន​អត្រា​ស្លាប់​តិច​ឡើយ កូរ៉េខាងត្បូង​ក៏មាន​អត្រា​សះស្បើយ​ច្រើន​ផងដែរ​។ មកទល់ពេលនេះ មនុស្ស​ចំនួន​៦៧៧៦​នាក់​ដែល​ច្រើនជាង​ពាក់កណ្ដាល​នៃ​អ្នក​ឆ្លង​ទាំងអស់ ត្រូវបាន​ព្យាបាល​សះស្បើយ ហើយ​ចាក​ចេញពី​មន្ទីរពេទ្យ​៕  

Tag:
 កូរ៉េខាងត្បូង​
  ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com