អ្នកជំនាញ​កំពុង​ចាប់ផ្តើម​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះស្រង់​ដែល​សង់​នៅ​ពាក់កណ្ដាល​ស​.​វ​ទី​១០
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​កំពុង​ចាប់ផ្តើម​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះស្រង់​ដែល​សង់​នៅ​ពាក់កណ្ដាល​ស​.​វ​ទី​១០
12, Apr 2020 , 9:29 pm        
រូបភាព
​សៀមរាប​៖ ប្រាសាទ​កណ្ដាល​ស្រះស្រង់​ដែល​ដួលរលំ​បាត់​រូបរាង​ទៅហើយនោះ កំពុង​ទទួល​បានការ​ជួសជុល​ឡើងវិញ​។ ការជួសជុល​នេះ​អាចជា​លើកដំបូង ក្រោយពី​បារាំង​ធ្លាប់​ជួសជុល​ម្ដង​នៅ​អំឡុង​ឆ្នាំ​១៩៣២​។ ការជួសជុល​មានការ​លំបាក​បន្ដិច ដោយសារ​ប្រាសាទ​ស្ថិតក្នុង​កណ្ដាល​ស្រះ​ដែលមាន​ទឹក​កម្ពស់​ជាង​១​ម៉ែត្រ ដោយ​អ្នកជំនាញ​ត្រូវ​ការធ្វើ​ទំនប់​ហ៊ុំព័ទ្ធ និង​បូមទឹក​ចេញ​សិន មុន​ចាប់​ផ្តើមធ្វើ​កំណាយ​ជួសជុល​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​



 
​ក្រុមកម្មករ​កំពុង​មមាញឹក​ក្នុងការ​ដឹកជញ្ជូន​កា​រ៉ុង​ដី​តាម​ទូក និង​ខ្ទះ​ដែល​គេ​រៀប​ដូចជា​ក្បូន យកទៅ​ចាក់​បំពេញ​នៅ​ទំនប់​កណ្ដាល​ស្រះស្រង់​។  ខុសពី​ការជួសជុល​ប្រាសាទ​នៅលើ​គោក ប្រាសាទ​កណ្ដាល​ស្រះស្រង់​ដែល​ហ៊ុំព័ទ្ធ​ដោយ​ទឹក ត្រូវ​ការសង់​ទំនប់​មួយ​ដំណាក់កាល​សិន ទើប​អាច​ដំណើរការ​ជួសជុល​បាន​។​



លោក ម៉ៅ សុខ​នី ប្រធាន​គម្រោង​ការដ្ឋាន​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះស្រង់​ថ្លែងថា ក្រុមការងារ​របស់លោក​កំពុង​ចាប់ផ្តើម​ជួសជុល​ប្រាសាទ​ក្នុងដំណាក់កាល​ទី​១ ដោយ​ត្រូវធ្វើ​ទំនប់​ជុំវិញ​ប្រាសាទ​។ លោក​បន្ថែមថា ការងារ​នេះ​ត្រូវការ​ប្រើពេល​យ៉ាងតិច​ជិត​២​ខែ ព្រោះ​ទំនប់​មាន​ទំហំ​ធំ ដោយមាន​កម្ពស់​១,២​ម៉ែត្រ និង​ទទឹក ១,២​ម៉ែត្រ​។ មកដល់ពេលនេះ ការដ្ឋាន​ទំនប់​កំពុង​ដំណើរការបាន​ប្រមាណ​៤៥​ភាគរយ​ហើយ​។​


 
​ក្នុង​ការងារ​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះស្រង់​នេះ ចែកជា​៣​ដំណាក់កាល​ធំៗ ទី​១​គឺ​ការធ្វើ​ទំនប់ ទី​២ គឺ​ការធ្វើ​កំណាយ​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា និង​ចុងក្រោយ​គឺ​ការងារ​ជួសជុល​។ លោក សុខ​នី ពន្យល់ថា ដំណាក់កាល​មួយៗ ត្រូវការ​ពេលវេលា​និង​សិក្សា​ល្អិតល្អន់​តាមរយៈ​អ្នកជំនាញ​ច្រើន​ផ្នែក ទាំង​លើ​ការសិក្សា​ពី​ប្លង់​ស្ថាបត្យកម្ម និង​បុរាណវិទ្យា​។ លោក​ពន្យល់ថា​៖« យើង​ត្រូវ​ការមើល​ទំហំ រូបរាង មាន​ប៉ុន្មាន​ខឿន ហើយ​នៅ​កណ្ដាល​ធ្វើ​អ្វី​ដើម្បី​ឱ្យដឹង​ច្បាស់ ដំណាក់កាល​ចុងក្រោយ យើង​សិក្សា​ពី​ភូមិសាស្ដ្រ​ទូទៅ ពី​ប្លង់​ស្ថាបត្យកម្ម សម្រង់​ប្លង់ ស្ថានភាព​នៃ​ស្រះស្រង់​មានការ​ខូចខាត មានការ​ជួសជុល​ប៉ុន្មាន​ដង​ហើយ យើង​ឃើញ​មួយផ្នែក​នៃ​ជ្រុង​ខាងលិច​បាន​ជួសជុល​នៅ​សម័យ​បារាំង​អំឡុង​ឆ្នាំ ១៩៣២ ចំណែក​ខាងកើត​ជើង​ត្បូង នៅ​សភា​ពពី​បុរាណ​មក មិនទាន់មាន​ការជួស​ជុល​»​។​
 



ស្រះស្រង់​ត្រូវបាន​កសាងឡើង​នៅ​ពាក់កណ្ដាល​ស​.​វ​ទី​១០ ហើយ​មានការ​កែលម្អ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​នា​ស​.​វ​ទី​១២​។ ប្រាសាទ​នេះ​មាន​អក្ស​មិន​ចំ​ប្រាសាទបន្ទាយក្ដី​ដែល​នៅ​ជ្រុង​ខាងលិច​នោះទេ ហើយក៏​មិន​ចំ​រានហាល​នៃ​ស្រះស្រង់​ដែរ​។ លោក សុខ​នី បញ្ជាក់ថា ក្រុមការងារ​របស់លោក​នឹង​ខិតខំ​ស្វែងរក​ពី​មូលហេតុ​ទាំងនេះ និង​ប្រឹង​ជួសជុល​ឡើងវិញ​ឱ្យបាន​ល្អប្រសើរ ដ្បិតថា​ប្រាសាទ​កណ្ដាល​ជា​ទស្សនីយភាព​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ ពិសេស​ទស្សនា​ពេល​ថ្ងៃ​រះ​និង​ថ្ងៃ​លិច​។​ 


 
​ដូច​បណ្ដា​ប្រាសាទ​ដទៃទៀត​ដែរ ប្រាសាទ​កណ្ដាល​ស្រះស្រង់​រង​ការខូចខាត​ដោយសារ​កត្ដា​មនុស្ស កត្ដា​ធម្មជាតិ​។ ការបោះបង់ចោល​មិន​ថែទាំ ការ​លួច​គាស់កកាយ​ពី​ឈ្មួញ​ជួញដូរ និង​សកម្មភាព​ចាប់​ត្រី​ក្នុង​ស្រះ​របស់​អ្នកស្រុក សុទ្ធសឹង​ជា​កត្ដា​ដែល​លោក សុខ​នី យល់ថា ធ្វើឱ្យ​ប្រាសាទ​ដួលរលំ បាក់បែក​បាន​យ៉ាង​ងាយ​។​


 
​ការជួសជុល​ប្រាសាទ​កណ្ដាល​ស្រះស្រង់ គឺ​នឹង​យក​លំនាំ​ដើម​ដែល​អ្នក​បុរាណវិទ្យា​បាន​សិក្សា​កន្លងមក​។ ទម្រង់​ប្លង់​នៃ​ប្រាសាទ​នេះ ត្រូវបាន​គេ​សន្ម​ត់​ថា​មាន​រូបរាង​ដូច​ត្របក​ផ្កាឈូក ដោយ​មើល​តាម​ទម្រង់​ថ្ម​នៅ​ជុំវិញ​នោះ​។ យ៉ាងណាក៏ដោយ​លោក សុខ​នី ពន្យល់ថា មានការ​ចល័ត​ថ្ម​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ ដូច្នេះ​ការស្រាវជ្រាវ​នៅតែ​បន្ដ ហើយ​ការជួសជុល​ត្រូវយក​លំនាំ​ដែល​គណៈកម្មាធិការ​អន្ដរជាតិ​អាយ​ស៊ី​ស៊ី​-​អង្គរ បានដាក់​ជូន នោះ​គឺ​មិនត្រូវ​ប្រើ​ថ្ម​ថ្មី​ច្រើន​លើសពី​៣០​ភាគរយ​ឡើយ​។ គម្រោង​ជួសជុល​ប្រាសាទ​នេះ គ្រោង​ប្រើពេល​៨​ខែ តែ​អ្នកជំនាញ​ព្រួយបារម្ភ​ថា អាច​នឹង​ស៊ីពេល​លើស​នេះ​ដោយសារ​ពី​ដំណាក់កាល​មួយៗ​ទាមទារ​ការសិក្សា​យ៉ាង​ល្អិតល្អន់​៕


 
 
 

Tag:
 ប្រាសាទ​កណ្ដាល​ស្រះស្រង់​
  ស្រះស្រង់​
  បេតិកភណ្ឌ​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com