COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី ប្រកាស​ជំងឺ COVID-19 ជា​មហន្តរាយ​ជាតិ​
14, Apr 2020 , 3:49 pm        
រូបភាព
បុគ្គលិកសុខាភិបាលឥណ្ឌូណេស៊ី វាស់កម្ដៅប្រជាជនក្នុងទីក្រុងហ្សាការតា។ រូបភាព Xinhua
បុគ្គលិកសុខាភិបាលឥណ្ឌូណេស៊ី វាស់កម្ដៅប្រជាជនក្នុងទីក្រុងហ្សាការតា។ រូបភាព Xinhua
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ បានចេញ​សេចក្ដីសម្រេច​មួយ​ចាត់ទុកជា​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ COVID-19 ជា​មហន្តរាយ​ជាតិ បន្ទាប់ពី​បានប្រកាស​ភាពអាសន្ន​ដោយសារ​ជំងឺ​នេះ​រួចមក​។ មិនមាន​ការប្រែប្រួល​គោលនយោបាយ​អ្វី​ទេ​ក្រោយ​ការប្រកាស​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​១៤ ខែមេសា ដោយ​រដ្ឋាភិបាល​តាម​តំបន់ នឹងត្រូវ​គោរព​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កណ្ដាល​ឲ្យ​កាន់តែ​ខ្ជាប់ខ្ជួន​។​

 
«​ប្រកាស​គ្រោះមហន្តរាយ​មិនមែន​ធម្មជាតិ​ដែល​បង្កដោយ​ការ​រាលដាល​ជំងឺ COVID-19 ជា​គ្រោះមហន្តរាយ​ថ្នាក់ជាតិ​។​» នេះ​ជាការ​សម្រេច​ក្នុង​ក្រឹត្យ​ចេញ​ដោយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃទី​១៣ ខែមេសា​។ ក្នុង​ក្រឹត្យ​នេះ ការទប់ស្កាត់​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ដឹកនាំ​ដោយ​ក្រុមការងារ​ប្រឆាំង COVID-19 ដោយ​សហការ​ជាមួយ​រដ្ឋាភិបាល​តំបន់​ទាំងអស់ រដ្ឋមន្ត្រី និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​។​
 
​បើតាម​ក្រឹត្យ​ដែល​ផ្សាយ​ដោយ​កាសែត The Jakarta Post វិធានការ​ទាំងឡាយរ​បស់​រដ្ឋបាល​ថ្នាក់​ខេត្ត​នានា ត្រូវតែ​ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កណ្ដាល​។ កន្លងទៅ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​របស់​ឥណ្ឌូណេស៊ី បាន​អនុវត្ត​វិធានការ​តឹងរ៉ឹង​ទៅតាម​ស្ថានភាព​រៀងៗ​ខ្លួន​។ ជាក់ស្ដែង រដ្ឋធានី​ហ្សា​ការ​តា និង​ទីក្រុង​ប៊ូ​ហ្ក័​រ​ជាដើម បាន​ប្រើ​វិធានការ​រឹតត្បិត​សកម្មភាព​សង្គម​ខ្លាំង​ព្រោះ​មាន​ករណី​ឆ្លង​ច្រើនជាង​តំបន់​ដទៃ​។​
 
​លោក Doni Monardo ប្រធាន​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី និយាយថា ខណៈ​រដ្ឋាភិបាល​បន្ត​អនុវត្តតាម​ការ​រឹតត្បិត​ប្រជាជន​នោះ ក្រុមការងារ​ប្រឆាំង COVID-19 នឹងមាន​អំណាច​កាន់តែ​ច្រើន​ដើម្បី​ដោះស្រាយ​វិបត្តិ​សុខាភិបាល​មួយ​នេះ​។ បើតាម​មន្ត្រី​រូបនេះ ក្រុមការងារ​នេះ នឹងមាន​អំណាច​លើ​ការ​កិច្ចការ​ដូចជា​ការទទួល​បាន​ធនធានមនុស្ស​បន្ថែម ការ​ចល័ត​មនុស្ស និង​គ្រឿង​បរិក្ខារ អន្តោប្រវេសន៍ គយ និង​ការទិញ​ទំនិញ​ជាដើម​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៣ ខែមេសា ឥណ្ឌូណេស៊ី​មាន​ករណី​ឆ្លង​ទាំងអស់​ចំនួន​៤៥៥៧​នាក់ និង​ស្លាប់​៣៩៩​នាក់ ដែលជា​តួលេខ​ច្រើនជាងគេ​នៅ​អាស៊ាន ខណៈ​មនុស្ស​៣៨០​នាក់ បាន​សះស្បើយ​៕ 

Tag:
 COVID-19
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com