COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង​បើក​ការស៊ើបអង្កេត ក្រោយ​ករណី​លាប់​ជំងឺ COVID-19 កើនឡើង​
14, Apr 2020 , 8:59 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ករណី​កើត​ជំងឺ COVID-19 ឡើងវិញ ដែល​ហៅ​សាមញ្ញ​ថា លាប់ កំពុង​ក្លាយជា​ក្ដីបារម្ភ​សម្រាប់​កូរ៉េខាងត្បូង​។ ការ​លាប់​ជំងឺ COVID-19 នេះ បាន​កើនឡើង​ច្រើន​ករណី ស្រប​ពេលដែល​ករណី​ឆ្លង​ថ្មី​នៅ​កូរ៉េខាងត្បូង បាន​បន្ត​ថយចុះ​។ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង កំពុង​ស៊ើបអង្កេត​ករណីបែបនេះ​ដើម្បី​រក​មូលហេតុ​ឲ្យ​ច្បាស់លាស់​។

 
​មជ្ឈមណ្ឌល​កូរ៉េ​សម្រាប់​ការទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង (KCDC) អះអាងថា ត្រឹម​ថ្ងៃទី​១៣ ខែមេសា មនុស្ស​ចំនួន​១១៦​នាក់ ត្រូវបាន​បញ្ជាក់ថា លាប់​ជំងឺ COVID-19 នេះ​។ ក្នុងចំណោម​ករណី​លាប់​នេះ មាន​៨៣​ករណី កើតឡើង​នៅ​ទីក្រុង Daegu និង​ខេត្ត North Gyeongsang ដែលជា​តំបន់​ផ្ទុះ​ករណី​ឆ្លង​ធំជាងគេ​នៅ​កូរ៉េខាងត្បូង​។ 
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap មជ្ឈមណ្ឌល​ខាងលើ កំពុង​រក​មូលហេតុ​នៃ​ការ​លាប់​នេះ ដោយ​ពិនិត្យមើល​អ្នកជំងឺ​ធ្វើតេស្ត​វិជ្ជមាន​ម្ដង​ទៀតថា ពួកគេ​ឆ្លង​វីរុស​ម្ដងទៀត ឬក៏​វីរុស​នៅក្នុង​ខ្លួនប្រាណ​មិនទាន់​អស់​។ ប្រធាន KCDC លោក Jeong Eun-kyeong និយាយ​នៅ​ថ្ងៃទី​១៣ ខែមេសា ថា មជ្ឈមណ្ឌល​របស់លោក ក៏​កំពុង​ស្រាវជ្រាវ​ថា ករណី​លាប់​នេះ អាចជា​ការឆ្លង​វីរុស​ទី​ពីរ​ឬ​យ៉ាងណា (Secondary Infection)​។​
 
​លោក Jeong បន្តថា កូរ៉េខាងត្បូង ក៏​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ពាក់ព័ន្ធ​ការធ្វើ​តេស្ត​វិជ្ជមាន​នេះ​ឡើងវិញ​ដែរ​។ លើសពីនោះ KCDC ក៏​សិក្សា​ពី​លទ្ធភាព​ដែល​អ្នក​សះស្បើយ​ពី COVID-19 អាចមាន​ប្រព័ន្ធ​ភាពស៊ាំ​ទល់នឹង​ជំងឺ​នេះ និង​រយៈ​ពេលដែល​ប្រព័ន្ធ​ភាពស៊ាំ​ដំណើរការ​ផងដែរ​។ មកទល់ពេលនេះ គេ​ក៏​មិនទាន់​ឃើញ​មាន​ករណី​អ្នកជំងឺ​លាប់ ចម្លង​ដល់​អ្នកផ្សេង​ឡើយ​។ 
 
​យ៉ាងណាមិញ ក្រុមមន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូង ជឿថា មាន​ភាគរយ​ច្រើន​ដែល​វីរុស ទំនង​ជាមាន​សកម្មភាព​ឡើងវិញ​ជាជាង​ការឆ្លង​ម្ដងទៀត ព្រោះ​ពេលដែល​អ្នកជំងឺ​លាប់​ទាំងនោះ មាន​លទ្ធផល​វិជ្ជមាន​ជាថ្មី គឺមាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្រោយ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទី​ពេទ្យ​។ នៅ​កូរ៉េខាងត្បូង អ្នកជំងឺ COVID-19 ត្រូវមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ពីរដង​ក្នុង​រយៈពេល​២៤​ម៉ោង ទើបត្រូវ​បានអនុញ្ញាត​ឲ្យ​ចេញ​ពេទ្យ​៕
 
 
 
 
 

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com