COVID-19
អន្តរជាតិ
ឥណ្ឌា នឹង​បិទ​ប្រទេស​រហូតដល់​ថ្ងៃទី​៣ ខែឧសភា​
14, Apr 2020 , 9:59 pm        
រូបភាព
បុរសម្នាក់ស្តាប់ការប្រកាសការបន្តបិទប្រទេសរបស់នាយករដ្ឋមន្រ្តីនារិន្រ្ទា ម៉ូឌី។ រូបភាព៖ Reuters
បុរសម្នាក់ស្តាប់ការប្រកាសការបន្តបិទប្រទេសរបស់នាយករដ្ឋមន្រ្តីនារិន្រ្ទា ម៉ូឌី។ រូបភាព៖ Reuters
 
​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី នា​ថ្ងៃទី​១៤ ខែមេសា បានប្រកាស​បិទ​ប្រទេស​ឥណ្ឌា​រហូតដល់​ថ្ងៃទី​៣ ខែឧសភា ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ ការបិទ​ប្រទេស​លើក​ទី​១ ដែលមាន​រយៈពេល ៣​សប្តាហ៍ នឹង​អស់​សុពលភាព​នៅ​យប់​នេះ​។


​ចាប់តាំងពី​ថ្ងៃទី​២៥ ខែមីនា មក ឥណ្ឌា​បាន​ស្ថិតក្នុង​ស្ថានភាព​បិទ​ប្រទេស ដើម្បី​បង្ការ​ករណី​ឆ្លង​នៃ COVID-19 នៅក្នុង​ប្រទេស​។ ដោយ​មើល​ស្ថានភាព COVID-19 ហាក់ដូចជា​មិន​ថយចុះ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី  បានសម្រេច​បិទ​ប្រទេស​បន្តទៀត ដើម្បី​ទប់ស្កាត់ COVID-19 មិន​ឲ្យ​កើនឡើង​បន្តទៀត​។ 
 
​ថ្លែង​តាមរយៈ​កញ្ចក់​ទូរទស្សន៍​ប្រាប់​ប្រជាជន​ទូទាំងប្រទេស លោក ម៉ូ​ឌី និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​រហូតដល់​ថ្ងៃទី​៣ ខែឧសភា យើងទាំងអស់គ្នា​ត្រូវតែ​ស្ថិតក្នុង​ស្ថានភាព​បិទ​ប្រទេស​។ អំឡុង​ពេលនេះ យើង​ត្រូវតែ​ស្តាប់​តាម​បទបញ្ជា​ដដែល ដូចដែល​យើង​ធ្លាប់បាន​អនុវត្ត​កន្លងមក​»​។ ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ថ្លែង​សារ​គោរព និង​អរគុណ​ចំពោះ​ប្រជាជន​ឥណ្ឌា​ទាំងអស់ ដែល​គាំទ្រ​រដ្ឋាភិបាល​ឥណ្ឌា ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​រ៉ូ​ណា​វីរុស​ផងដែរ​។​
 
​បើតាម​លោក​ម៉ូ​ឌី ការបិទ​ប្រទេស អាចធ្វើ​ឲ្យ​ប្រជាជន​ជាច្រើន​រងគ្រោះ ប៉ុន្តែ​ការចម្លង COVID-19 ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត គឺ​កាន់តែ​អាក្រក់​ទៅទៀត​។ ការបិទ​ប្រទេស​នេះ គឺ​វា​សំខាន់ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​កូ​រ៉ូ​ណា​វីរុស​ជះឥទ្ធិពល​អាក្រក់​ទៅដល់​ផ្នែក​ផ្សេងទៀត​របស់​ប្រទេស​។ ទន្ទឹមនេះ លោក​ម៉ូ​ឌី ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ប្រុងប្រយ័ត្ន និង​ចេះ​ការពារ​ខ្លួ​ង​ពី​ការឆ្លង​វីរុស​ថ្មី​នេះដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Aljazeera​។ 
 
​មុនពេល​លោក ម៉ូ​ឌី ប្រកាស​បន្ត​បិទ​ប្រទេស​បន្ត មាន​រដ្ឋ និង​តំបន់​ចំនួន​៧ បានប្រកាស​បន្ថែម​រយៈ​ពេល​បិទ​ប្រទេស​រួចហើយ ពោលគឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្ទុះ​ឡើង​នៃ COVID-19​។ គិត​មក​ត្រឹម​ថ្ងៃនេះ ឥណ្ឌា​មាន​ករណី COVID-19 សរុប​ចំនួន​ជាង ១​ម៉ឺន​ករណី អ្នកស្លាប់ ៣៥៨​ករណី និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១២០០​ករណី​។ 
 
​សូមបញ្ជាក់ថា ជា​ប្រទេស​មាន​ប្រជាជន​ជាង ១,៣​ពាន់​លាន​នាក់ ឥណ្ឌា ត្រូវបាន​ក្រុម​អ្នកជំនាញ​ព្រួយបារម្ភ​ជាខ្លាំង ព្រោះ​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ខាងត្បូង​មួយ​នេះ គឺមាន​ដង់ស៊ីតេ​ប្រជាជន​ខ្ពស់​នៅក្នុង​ទីក្រុង ឯ​ប្រព័ន្ធ​សុខាភិបាល​មាន​លក្ខណៈ​ទន់ខ្សោយ ដែល​អាច​រងគ្រោះ​ខ្លាំង​ដោយសារ COVID-19 ៕
 

Tag:
 ឥណ្ឌា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com