ពីនេះ ពីនោះ
កូ​វីដ​-១៩៖ ជា​ពេលដែល​យុវជន​ទាំងមូល បង្ហាញ​កាយវិការ​ស្នេហា​ជាតិ​ហើយ​
15, Apr 2020 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពេល​ស្រុក​ជួប​វិបត្តិ យុវជន​គួរ​ចេញមុខ​ឱ្យ​ច្រើនជាង​ពេល​ធម្មតា​។ នេះ​ជា​យោបល់​របស់​សុធីរ និង​សំណាង​។ មាន​ហើយ អ្នកធ្វើ​សកម្មភាព​មនុស្ស អ្នកស្ម័គ្រចិត្ត ប៉ុន្តែ​វា​ហាក់​នៅមាន​ចំនួន​តិច​នៅឡើយ​។​

 
​សុធីរ​៖ ស្រុក​យើង​ជា ស្រុក​ដែលមាន​ប្រជាជន​វ័យក្មេង​លើស​៥០​ភាគរយ​។ និយាយ​ម្យ៉ាងទៀត គឺជា​ប្រទេស​ដែលមាន​ពលរដ្ឋ​សកម្ម​ច្រើន មាន​យុវជន​ច្រើន​។ មុន​មាន​អា​កូ​វីដ ស្អី​គេ​ហ្នឹង យុវជន​អ្នកស្នេហាជាតិ​មាន​ច្រើនណាស់ មកពី​គ្រប់​ជ្រុង ចេញមុខ​នៅលើ​ហ្វេ​ស​ប៊ុ​ក​។​
 
​សំណាង​៖ អើ បើ​កុំ​ឯង​និយាយ អញចង់​ភ្លេច​រឿង​ហ្នឹង​ដែរ​។ តែ​អញ​ឃើញ​បណ្តាញ​ក្រុមយុវជន ស​.​ស​.​យ​.​ក នៅ​ភ្នំពេញ និង​តាម​ខេត្ត ដើរ​ផ្សព្វផ្សាយ​សារ​អប់រំ​តាម​ភូមិ និង​ចែក​ជំនួយ​សម្បើម​ដែរ​តើ​។ នៅមាន​ក្រុមនិស្សិត យុវជន ជា​លក្ខណៈ​ឯកជន​ខ្លះទៀត ពួកគេ​ធ្វើ​សកម្មភាព​មនុស្សធម៌ ចែក​អាល់កុល អង្ករ សាប៊ូ​ដែរ​។​
 
​សុធីរ​៖ អញ​ដឹង​ហើយ អញ​ឃើញ​ដែរ​។ អញ​សរសើរ​ពួកគេ​ហើយ ព្រោះ​ពួកគេ​ខំ​ចំណាយ​ពេលវេលា ចំណាយលុយ​ផ្ទាល់ខ្លួន អំពាវនាវ​ប្រមូល​ថវិកា​យកមក​ជួយ​អ្នក​ខ្វះខាត​។ ការងារ​អស់នេះ ហត់​ណាស់ណា​។ ប៉ុន្តែ​អញចង់​និយាយថា កាល​មិនទាន់មាន​កូ​វីដ យុវជន​អ្នក​បញ្ចេញយោបល់ សរសេ​បង្ហោះ​ទ្រឹស្តី​មាន​ច្រើនជាង​នេះ​ឆ្ងាយ​ណាស់​។ មើលទៅ បើ​ថា​ប្រទេស​មាន​វិបត្តិ គឺ​មិន​ខ្វះ​អ្នកស្នេហាជាតិ អ្នកស្ម័គ្រចិត្ត​នោះទេ​។​

​សំណាង​៖ អឺ​មែន​វ៉ី​! យើង​ត្រូវការ​កម្លាំង​មនុស្ស​ច្រើនជាង​នេះ​។ ថវិកា​យើង​អាច​រកបាន តែ​យើង​ត្រូវការ ទឹកចិត្ត និង​កម្លាំង​មនុស្ស​ធ្វើការ​។ តែ​ក្រែង​ថា មិនទាន់មាន​ការអំពាវនាវ ស្វែងរក​កម្លាំង​ស្ម័គ្រចិត្ត​ទេ​ដឹង​?
 
​សុធីរ​៖ អ្ហែង​ថា​អ៊ីចឹង​ក៏បាន​។ សង្ឃឹមថា ពេល​ប្រទេសជាតិ​ត្រូវការ​កម្លាំង​មនុស្ស​មែនទែន វា​នឹងមាន​មនុស្ស​ចូលរួម​ជាមួយ​រដ្ឋាភិបាល​។ ទាំង​អ្ហែង ទាំង​អញ ក៏​កុំ​គិតតែ​ពី​និយាយ​អី ត្រៀមខ្លួន​ស្ម័គ្រចិត្ត​ទៅ​។ អញ​បារម្ភ​រឿង​ករណី​ផ្ទុះ​ខ្លាំង នៅក្រោយ​ចូលឆ្នាំ​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com