COVID-19
អន្តរជាតិ
រដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីលអស់តំណែង ក្រោយទាស់ជាមួយប្រធានាធិបតីជុំវិញ COVID-19 រដ្ឋមន្រ្តីសុខាភិបាលប្រេស៊ីល លោក Luiz Henrique Mandetta។ រូបភាព៖ WSJ
× ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ នាថ្ងៃទី១៦ ខែមេសា បានបញ្ឈប់លោក Luiz Henrique Mandetta រដ្ឋមន្ត្រីសុខាភិបាល ពីតំណែង។ ការដកតំណែងនេះ គឺបណ្តាលមកពីបញ្ហាការមិនយល់ស្របគ្នាជុំវិញការទប់ស្កាត់ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស( COVID-19) ។
លោកLuiz Henrique Mandetta ជាអ្នកប្រកាសព័ត៌មានដកតំណែងដោយខ្លួនឯងលើទំព័រ Twitter របស់ខ្លួន។ លោក Mandetta បានសរសេរថា៖ «ខ្ញុំទើបតែបានលឺពីប្រធានាធិបតី ជែ បុលសូណារ៉ូ ពីការប្រកាសដករបស់ខ្ញុំចេញពីក្រសួងសុខាភិបាល»។ ទោះបីជាត្រូវបានដកតំណែងក្តី លោក Mandetta ក៏បានថ្លែងអរគុណលោក បុលសូណារ៉ូ ដែលបានផ្តល់ឱកាសសម្រាប់លោកក្នុងការអភិវឌ្ឍ និងកែលំអរប្រព័ន្ធសុខាភិបាលប្រេស៊ីល។
ការដកតំណែករដ្ឋមន្ត្រីសុខាភិបាលបែបនេះ ធ្វើឡើងបន្ទាប់ពីលោក បុលសូណារ៉ូ មិនពេញចិត្តពីវិធានការរក្សាគម្លាតសុវត្ថិភាព(Social Distancing) របស់លោករដ្ឋមន្ត្រី ដែលបានអនុវត្តកន្លងមក។ បើតាមលោកប្រធានាធិបតី ប្រេស៊ីល គួរតែបញ្ឈប់ការរឹតត្បិត និងមិនចាំបាច់ឲ្យប្រជាជននៅផ្ទះឡើយ ព្រោះបើប្រជាជននៅផ្ទះ សេដ្ឋកិច្ចរបស់ប្រទេសនឹងជួបវិបត្តិ និងផលប៉ះពាល់ ចំណែកប្រជាជនក៏ជួបបញ្ហាកង្វះខាតផងដែរ។
ដកតំណែង លោក Mandetta ហើយ លោក បុលសូណារ៉ូ បានដាក់ជំនួសវិញដោយលោក Nelson Teich អ្នកជំនាញខាងមហារីក។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោកប្រធានាធិបតីបាននិយាយថា លោកនឹងតែងតាំង Teich ជំនួសវិញ។ កន្លងមក លោក Teich ក៏ធ្លាប់ជាបុគ្គលម្នាក់ ដែលស្ថិតក្នុងបញ្ជីជ្រើសតាំងជារដ្ឋមន្ត្រីសុខាភិបាលផងដែរ មុនពេលលោក Mandetta ត្រូវបានតែងតាំងឲ្យកាន់តំណែងមួយនេះ។
គិតមកទល់ពេលនេះ ប្រេស៊ីលមានករណី COVID-19 សរុបចំនួនជាង ៣ម៉ឺនករណី អ្នកស្លាប់ជាង ១៩២៤ករណី និងអ្នកជាសះស្បើយចំនួន ១២៧ករណី៕
Tag:
COVID-19
ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com