ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោកគ្រូកង នួន ភារម្យ៖ ឯកទេសកុលាលភាជន៍ ខ្សត់អ្នករៀនខ្លាំង លោក កង នួនភារុំ គ្រូឯកទេសកុលាលភាជន៍ នៅសាលាមធ្យមវិចិត្រសិល្បៈ
× ភ្នំពេញ៖ លោក កង នួនភារុំ គ្រូឯកទេសកុលាលភាជន៍ នៅសាលាមធ្យមវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗថា ឯកទេសកុលាលភាជន៍ មិនសូវមានសិស្សរៀនឡើយ។ បើតាមលោកគ្រូ នួនភារុំ មានសិស្សរៀនតែ៧នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ដោយបូកសរុបសិស្សរៀន៤កម្រិតចូលគ្នា គឺមានន័យថា នៅឆ្នាំទី២មានសិស្សរៀន២នាក់ នៅឆ្នាំទី៤ មានសិស្សរៀន២នាក់ ហើយនៅឆ្នាំទី៥ មានសិស្សរៀន២នាក់ និងឆ្នាំទី៦ មានសិស្សរៀនតែម្នាក់តែប៉ុណ្ណោះ នេះសម្រាប់ឆ្នាំសិក្សា២០១៩-២០២០។
កុលាលភាជន៍ គឺភាជន៍ដី ចាន ឆ្នាំង ឬក្អមដែលធ្វើដោយដី។ ហេតុផលដែលនាំឱ្យឯកទេសមួយនេះ មិនសូវទទួលបានចំណាប់អារម្មណ៍ពីសិស្ស ទំនងមកពីទីផ្សារការងារលើឯកទេសនេះចង្អៀត។ ម្យ៉ាងវិញទៀត ប្រជាជនខ្មែរ ក៏មិនសូវនិយមប្រើផលិតផលចេញពីសាលា ដែលមានគុណភាពខ្ពស់ ព្រោះអាចថា មកពីវាមានតម្លៃថ្លៃ។ បើតាមលោក កង នួនភារុំ បញ្ជាក់ប្រាប់បន្ថែមថា ប្រជាជនខ្មែរភាគច្រើន ដែលទិញកុលាលភាជន៍ពីស្នាដៃសិស្ស ឬជាស្នាដៃដែលចេញពីការហ្វឹកហាត់តាមក្បួនខ្នាតច្បាស់លាស់ ច្រើនតែយកទៅតាំងលម្អក្នុងផ្ទះ។ បើសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃវិញ ប្រជាជនខ្មែរចូលចិត្តទិញកុលាលភាជន៍ ធ្វើនៅខេត្តកំពង់ឆ្នាំង ដែលជាការចេះតៗគ្នា ព្រោះវាមានតម្លៃទាប។
ដើម្បីជ្រាបច្បាស់ពីដំណាក់កាលនីមួយៗ នៃការធ្វើកុលាលភាជន៍តាមក្បួនខ្នាត តទៅនេះសូមទស្សនាវីដេអូ ដែលលោក កង នួន ភារម្យ នឹងបង្ហាញ៖
លោក កង នួន ភារម្យ ពន្យល់ដូច្នេះ៖«ជាទូទៅខ្មែរយើង គាត់មិនសូវដឹងថា នៅសាលាមធ្យមវិចិត្រសិល្បៈ មានបង្រៀនឯកទេសកុលាលភាជន៍ទេ។ តែខ្មែរយើងភាគច្រើន ដឹងថានៅខេត្តកំពង់ឆ្នាំង មានការធ្វើក្អមឆ្នាំងពីដី។ សាលាយើង មានការបង្រៀនតាមក្បួនខ្នាត និងក្បាច់ពីបុរាណត្រឹមត្រូវ។ ដូច្នេះសិស្សត្រូវការពេលយូរឆ្នាំ ទម្រាំចេះហើយអាចធ្វើបានល្អ។ ហើយនៅពេលដែលគាត់(សិស្ស)ធ្វើលក់ ក៏មានតម្លៃរៀងថ្លៃជាងទីផ្សារបន្តិចដែរ។ អ៊ីចឹងបានពេលដែលគេទិញ ភាគច្រើនគេយកទៅតាំងលម្អក្នុងផ្ទះ។ ហើយគេទិញផលិតផលពីខេត្តកំពង់ឆ្នាំង យកមកប្រើប្រាស់ប្រចាំថ្ងៃវិញ»។
បើតាមលោក កង នួនភារុំ គ្រូឯកទេសកុលាលភាជន៍ នៅសាលាមធ្យមវិចិត្រសិល្បៈ ការធ្វើកុលាលភាជន៍តាមក្បួនខ្នាត និងក្បាច់ពីបុរាណ មានដំណាក់កាលច្រើន រួមទាំងត្រូវការបច្ចេកទេសច្បាស់លាស់ផងដែរ។ ជាងនោះទៅទៀត ដីដែលត្រូវយកមកធ្វើ កុលាលភាជន៍ ត្រូវតែយកមកពីខេត្តកំពង់ឆ្នាំង ពោលគឺពីភ្នំក្រាំងដីមាស៕
Tag:
កុលាលភាជន៍
សិល្បៈ
សាលាមធ្យមវិចិត្រសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com