COVID-19
អន្តរជាតិ
វៀតណាម ផ្ដល់ជំនួយ​តម្លៃ​រាប់ម៉ឺន​ដុល្លារ​ឲ្យ​ជប៉ុន រុស្ស៊ី និង​អាមេរិក​ដើម្បី​ទប់ទល់ COVID-19
18, Apr 2020 , 11:39 am        
រូបភាព
​វៀតណាម នៅ​ថ្ងៃទី​១៦ ខែមេសា បានប្រគល់​ជំនួយ​ជា​សម្ភារ​វេជ្ជសាស្ត្រ​តម្លៃ​រាប់ម៉ឺន​ដុល្លារ និង​ម៉ាស់​ជាច្រើន​សន្លឹក​ឲ្យ​មហាអំណាច​អាមេរិក រុស្ស៊ី និង​ជប៉ុន​ដើម្បី​ទប់ទល់​នឹង​ការ​រាលដាល​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។

 
​នៅ​ថ្ងៃទី​១៦ ខែមេសា អនុរដ្ឋមន្ត្រី​អចិន្ត្រៃយ៍​ក្រសួងការបរទេស​វៀត​ណា​ម Bui Thanh Son បានប្រគល់​ម៉ាស់ និង​សម្ភារ​វេជ្ជសាស្ត្រ​តម្លៃ​១០​ម៉ឺន​ដុល្លារ​ឲ្យ​អគ្គរដ្ឋទូត​ជប៉ុន​ដែល​តំណាង​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​។ ដំណាលគ្នា​នោះ រដ្ឋមន្ត្រី​ការិយាល័យ​នាយករដ្ឋមន្ត្រី Mai Tien Dung ក៏​ប្រគល់​ម៉ាស់​វេជ្ជសាស្ត្រ​ចំនួន​៥​ម៉ឺន​សន្លឹក​សម្រាប់​ការិយាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន​ប្រើប្រាស់​ផងដែរ​។​
 
​បើតាម​កាសែត​អន​ឡាញ​របស់​រដ្ឋាភិបាល​វៀ​ត​ណា​ម VGP អគ្គរដ្ឋទូត​រង​ជប៉ុន​ប្រចាំ​ហាណូយ លោក Asaduma Sinnichi បាន​អរគុណ​រដ្ឋាភិបាល​វៀត​ណា​ម​ចំពោះ​ជំនួយ​ទាំងនេះ ហើយក៏​អរគុណ​វៀតណាម​ដែល​មើលថែ​ជនជាតិ​ជប៉ុន​ប្រមាណ​២​ម៉ឺន​នាក់​ដែល​រស់នៅ​វៀតណាម​ផងដែរ​។ កន្លងទៅ ជប៉ុន ក៏​សន្យា​ផ្ដល់ជំនួយ​ប្រមាណ​២០០​លាន​យ៉េន​សម្រាប់​វៀតណាម​ក្នុងការ​ដោះស្រាយ​នឹង​ជំងឺ​ដែល​រាលដាល​យ៉ាង​រហ័ស​នេះ​។​
 
​ក្រៅពី​ជប៉ុន លោក Bui ក៏បាន​ប្រគល់​ម៉ាស់​វេជ្ជសាស្ត្រ​ផលិត​នៅ​វៀតណាម​ផ្ទាល់​ដែលមាន​តម្លៃ​២០​ម៉ឺន​ដុល្លារ​ឲ្យ​អាមេរិក​ផងដែរ​។ អគ្គ​រដ្ឋ​អាមេរិក លោក Daniel J. Kritenbrink ជា​អ្នកទទួល​ជំនួយ​នេះ​។ ដោយឡែក លោក​រដ្ឋមន្ត្រី Mai ក៏បានផ្ដល់​ជំនួយ​ជា​ម៉ាស់​ចំនួន​៥​ម៉ឺន​ទៀត​ឲ្យ​សេត​វិមាន​អាមេរិក​ផងដែរ​។​
 
​អាមេរិក ជា​ប្រទេស​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ដោយសារ COVID-19 ដោយ​នាំមុខគេ​ទាំង​ចំនួន​អ្នក​ឆ្លង និង​ចំនួន​អ្នកស្លាប់​។ គិត​ត្រឹម​ថ្ងៃទី​១៧ ខែមេសា អាមេរិក​មាន​ករណី​ឆ្លង​ចំនួន​ជាង​៧១​ម៉ឺន​នាក់ និង​ស្លាប់​ជាង​៣៧​ពាន់​នាក់​។ នេះ​បើតាម​វេ​ប​សាយ Worldometers ។​
 
​នៅ​ថ្ងៃ​ដដែល រដ្ឋមន្ត្រី​ការិយាល័យ​នាយករដ្ឋមន្ត្រី​ដដែល ក៏​ប្រគល់​ម៉ាស់​ចំនួន​៥​ម៉ឺន​សន្លឹក​ឲ្យ​ការិយាល័យ​ប្រធានាធិបតី​រុស្ស៊ី​ផងដែរ​។ 
 
​តាមពិតទៅ វៀតណាម​បានផ្ដល់​ជំនួយ​វេជ្ជសាស្ត្រ និង​ម៉ាស់​ដល់​ប្រទេស​ច្រើន​រួចមកហើយ​ដែរ​ដូចជា កម្ពុជា ឡាវ ស៊ុយអែត បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី​ជាដើម​។ 

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com