COVID-19
ជាតិ
រកឃើញ​មេ​តា​ណុល​ដល់​ទៅ​ជាង​៨០​តោន ក្នុង​អាល់កុល​លាងដៃ ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​
18, Apr 2020 , 2:26 pm        
រូបភាព
អាល់កុលក្លែងក្លាយជាង៦០តោន ត្រូវបានមន្រ្តីមានសមត្ថកិច្ច ចាប់បាននិងយកទៅបំផ្លាញចោល កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០
អាល់កុលក្លែងក្លាយជាង៦០តោន ត្រូវបានមន្រ្តីមានសមត្ថកិច្ច ចាប់បាននិងយកទៅបំផ្លាញចោល កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០
ដោយ:
ដោយមាន​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) របស់​ក្រសួងពាណិជ្ជកម្ម បាន​ចុះ​ធ្វើ​ប្រតិ​ប្រតិបត្តិ​ការដើរ​ត្រួតពិនិត្យ​គុណភាព​អាល់កុល​លាង​សម្អាត​ដៃ ដែល​កំពុង​ចរាចរ​និង​ចែកចាយ​នៅលើ​ទីផ្សារ និង​នៅតាម​កន្លែង​ផ្សេងៗ​ទៀត នៅ​ទូទាំងប្រទេស​កម្ពុជា​។


 
​ក្រសួងពាណិជ្ជកម្ម អះអាងថា តាមរយៈ​កិច្ចប្រតិបត្តិការ​នេះ មន្ត្រី​មាន​សមត្ថកិច្ច បាន​រកឃើញ​ការលួចបន្លំ​ប្រើប្រាស់​សារធាតុ​មេ​តា​ណុល​ជាច្រើន ធ្វើជា​អាល់កុល​លាង​សម្អាត​ដៃ សម្រាប់​កម្ចាត់​ជំងឺ​កូ​វីដ​-១៩​។ ក្រសួងពាណិជ្ជកម្ម លើកឡើងថា តាម​ការចុះ​ត្រួតពិនិត្យ​និង​ការធ្វើ​តេស្ត​លើ​ផលិតផល​អាល់កុល​លាងដៃ នៅ​មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង បង្ក្រាប​ការ​ក្លែងបន្លំ មកដល់ពេលនេះ មន្ត្រី​មាន​សមត្ថកិច្ច បាន​រកឃើញ​សារធាតុ​មេ​តា​ណុល​រហូតដល់​ទៅជា​ង​៨០​តោន​។ 
 
​តាមរយៈ​សេចក្តីជូនដំណឹង ដែល​ចេញ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា​៖«​បញ្ហា​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ទៀតផង​»​។ 
 
​ក្រសួងពាណិជ្ជកម្ម ទទូច​ស្នើសុំ​ឲ្យ​អាជីវករ ក្រុមហ៊ុន សហគ្រាស និង បុគ្គល ដែល​ធ្វើ​អាជីវកម្ម​លើ​ផលិតផល​ប្រើប្រាស់​សារធាតុ​មេ​តា​ណុល បញ្ឈប់​ការដាក់​លក់ និង​ចែកចាយ​ផលិតផល​ទាំងនោះ នៅក្នុង​ទីផ្សារ ដើម្បី​ជា​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ទាំងមូល​។ 
 
​ទទ្ទឹម​នឹង​ការស្នើសុំ ក្រសួងពាណិជ្ជកម្ម ក៏​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ផងដែរ ចំពោះ​បុគ្គល​ណា ដែល​នៅតែ​គឃ្លើន​។ ក្រសួង​ព្រមាន​ថា​៖«​ក្នុងករណី ដែល​ក្រសួងពាណិជ្ជកម្ម​នៅតែ​ពិនិត្យឃើញថា អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស និង បុគ្គល​ណាមួយ នៅតែ​ឆ្លៀតឱកាស​លក់​និង​ចែកចាយ​ផលិតផល​ដូច​បាន​ជម្រាបជូន​ខាងលើ ក្នុងអំឡុងពេល​ប្រទេស​កម្ពុជា កំពុង​ជួបប្រទះ​នឹង​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រសួងពាណិជ្ជកម្ម នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​»​។ 
 
​មេ​តា​ណុល គឺជា​ប្រភេទ​អាល់កុល​ពុល ថ្លា គ្មាន​ពណ៌ គ្មាន​ក្លិន ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង​ទៅនឹង​អាល់កុល​ធម្មតា​។ មេ​តា​ណុល ជា​សារធាតុ​រលាយ​ក្នុង​ទឹក​ទាំងស្រុង ហើយ​ងាយ​ឆាបឆេះ​។ ជាទូទៅ សារធាតុ​នេះ នៅលើ​ទីផ្សារ មានឈ្មោះ​ពាណិជ្ជកម្ម​ផ្សេងៗ​គ្នា ដូចជា មេ​ទី​អាល់កុល  (Methyl Alcolhol) មេ​ទីល​អ៊ី​ដ្រា​ន (Methyl Hydrate) មេ​ទីល​អ៊ី​ដ្រុ​ក​ស៊ីត (Methyl Hydroxide) និង មេ​ទីល​ឡុ​ល Methylol ជាដើម​។ ទាំងនេះ គឺជា​ការពន្យល់​របស់​ក្រសួងពាណិជ្ជកម្ម នៅក្នុង​សេចក្តីជូនដំណឹង​ខាងលើ​។ 
 
​ក្រសួងពាណិជ្ជកម្ម បន្តថា យោងតាម​សេចក្តីណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក សារធាតុ​មេ​តា​ណុល មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​សារធាតុ​ផ្សំ​សកម្ម​នៅក្នុង​ការផលិត​សារធាតុ​លាង​សម្អាត​ដៃ​ឡើយ​។ 
 
​ក្រសួងពាណិជ្ជកម្ម បន្ថែមថា មេ​តា​ណុល អាច​បង្ក​ផលប៉ះពាល់​ទៅលើ​សុខភាព តាមរយៈ​ការ​ស្រូប​ចូល ការ​ជ្រាបចូល​តាម​ស្បែក ឬ​ការ​លេប​ចូល​។ បើ​ប្រើ​រយៈពេល​ខ្លី អាច​រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ បាត់ស្មារតី​...​។ បើ​ប្រើ​រយៈពេល​វែង អាច​ពុល ដល់​ប្រព័ន្ធ​រាងកាយ ខូច​ដល់​ប្រព័ន្ធ​ខួរក្បាល ការមើលឃើញ​ចុះខ្សោយ ឬ​ស្រវាំង​និង​អាច​ងងឹត​ទាំងស្រុង​...​។ បើ​ដាក់​លាយ​ជាមួយ​ស្រា​ឬ​ភេសជ្ជៈ​ផ្សេងៗ អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕ 
 

Tag:
 COVID-19
  អាល់​កុ​លាងដៃ​
  មេ​តា​ណុល​
© រក្សាសិទ្ធិដោយ thmeythmey.com