COVID-19
អន្តរជាតិ
ក្រោយ​បិទ​ឧទ្យាន តោ​នៅ​អាហ្វ្រិក​ខាងត្បូង​នាំគ្នា​ដេក​តាមផ្លូវ ដើម្បី​ទប់ស្កាត់​ការដើរ​ហើរ​របស់​ទេស​ចរ​
19, Apr 2020 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​កូ​វីដ​-១៩ ធ្វើ​ឲ្យ​ឧទ្យាន​ជាតិ Kruger នៅ​អាហ្វ្រិក​ខាងត្បូង ដែលជា​កន្លែង​សម្បូរ​មនុស្ស​ណែនណាន់តាន់តាប់ ក្លាយជា​ទីកន្លែង​ដ៏​ស្ងៀមស្ងាត់​។ ចាប់តាំងពី​ថ្ងៃទី​២៥ ខែមីនា មក សត្វ​ទាំងឡាយ​នៅក្នុង​ឧទ្យាន​មាន​សេរីភាព​ពេញទី ជាពិសេស​បណ្តា​សត្វ​តោ ដែល​បាននាំគ្នា​ទៅ​ដេក​ទៅតាម​ផ្លូវ ដើម្បី​រារាំង​មនុស្ស​កុំ​ឲ្យ​ដើរហើរ ដែលជា​ចំណែក​នៃ​ការទប់ស្កាត់​ការ​រាលដាល​កូ​វីដ​-១៩​។​

 
​ជំនួស​ឲ្យ​វាលស្មៅ ក្រុម​សត្វ​តោ បាននាំគ្នា​ដេក​យ៉ាង​រីករាយ​នៅតាម​ផ្លូវ ក្នុង​បរិវេណ​នៃ​ឧទ្យាន​ជាតិ Kruger​។ យោងតាម CNN អនុរក្ស​ឧទ្យាន​ម្នាក់ បាន​ថត​ទិដ្ឋភាព​តាមរយៈ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន ដោយ​អះអាងថា ក្រោយ​ភ្លៀង​ធ្លាក់ ថ្នល់​កៅស៊ូ ជា​កន្លែង​ដ៏​ត្រជាក់ត្រជុំ​របស់​សត្វ​តោ​ទាំងនោះ​។​
 
​លោក Richard Sowry បានបញ្ជាក់​នៅលើ​រូបថត​របស់ខ្លួន​ថា​៖ «​នេះ​ជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា ដូច្នេះ​ទិដ្ឋភាព​នេះ ក៏​រួមចំណែក​ក្នុង​មនុស្ស​ទាំងអស់​កុំ​មានការ​សប្បាយ​ភ្លេចខ្លួន​ផងដែរ​»​។​
 
​ជាទូទៅ អនុរក្ស​ឧទ្យាន បន្តការងារ​របស់ខ្លួន​ដើម្បី​រារាំង​ការចូលទៅ​ក្នុង​តំបន់​ឧទ្យាន ក្រោយ​រដ្ឋាភិបាល​ប្រកា​សបិទ​ដំណើរការ​បណ្តោះអាសន្ន​ចាប់តាំងពី​ថ្ងៃទី​២៥ ខែមីនា មក​។ «​ជាទូទៅ បណ្តា​តោ​រស់នៅក្នុង​តំបន់ Kempiana Contractual Park ប៉ុន្តែ​កាលៈទេសៈ​នេះ ពួកវា​អាច​ចេញទៅ​ដេក​នៅលើ​ផ្លូវ​ផ្សេងទៀត​បាន​»​។ នេះ​ជាការ​បញ្ជាក់​នៅលើ Twitter របស់​ឧទ្យាន​ជាតិ Kruger​។​
 
​អ្នកនាំពាក្យ​ឧទ្យាន បាន​រំលឹកថា​៖ «​មនុស្ស​ទាំងអស់​ត្រូវតែ​ដឹង​ច្បាស់​ជាមុន​ថា ពេល​មនុស្ស​អវត្តមាន វា​ជា​ពេលា​ដែល​បណ្តា​សត្វ​ត្រូវមាន​សកម្មភាព​វិញ​ម្តង​នៅក្នុង​តំបន់​ឧទ្យាន​»​។​
 
​ទោះបីជា ទេសចរ​ត្រូវបាន​ហាមប្រាម​ក៏ដោយ ប៉ុន្តែ​ការដឹកជញ្ជូន​ចំណីអាហារ ប្រេងសាំង សេវា​សន្តិសុខ និង​សេវាកម្ម​បន្ទាន់ ក៏ដូចជា​ប្រតិបត្តិ​ការទប់ស្កាត់​ឧក្រិដ្ឋកម្ម​នានា​នៅ​តំបន់​ឧទ្យាន នៅតែ​បន្ត​។​
 
​កាលពី​ថ្ងៃទី​៨ ខែមេសា លោក​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង Cyril Ramaphosa បានប្រកាស​បិទ​ប្រទេស​២១​ថ្ងៃ ហើយ​សម្រេច​បន្ត​បិទ​រហូតដល់​ចុងខែ រហូតដល់​ស្ថានភាព​កូ​វី​ដេ​-១៩ ធូរស្រាល​។ គិត​មកដល់​ថ្ងៃ​សៅរ៍​នេះ អាហ្វ្រិក​ខាងត្បូង មាន​ករណី​ឆ្លង​ជិត​២៨០០ ក្នុងនោះ​ស្លាប់​៥០​នាក់ និង​សះស្បើយ​ជាង​៩០០​នាក់​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com