៧​ថ្ងៃ​ចុង​ក្រោយនេះ កម្ពុជា​មិនមាន​ករណី​ថ្មី​នៃ​ជំងឺ​COVID-19 ឡើយ​
COVID-19
ជាតិ
៧​ថ្ងៃ​ចុង​ក្រោយនេះ កម្ពុជា​មិនមាន​ករណី​ថ្មី​នៃ​ជំងឺ​COVID-19 ឡើយ​
19, Apr 2020 , 7:43 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​មួយ​សប្តាហ៍​ចុងក្រោយ​នេះ ពោលគឺ​ចាប់ពី​ថ្ងៃទី​១៣​ដល់​១៩​មេសា កម្ពុជា​មិន​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩(COVID-19)​ឡើយ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​។ ដោយឡែក​សម្រាប់​ថ្ងៃទី​១៩​មេសា​នេះ  គឺមាន​ករណី​ជាសះស្បើយ​ចំនួន​២​នាក់​បន្ថែមទៀត គឺជា​ស្ត្រី​ជនជាតិ​វៀតណាម​វ័យ​៣៤​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ និង​ក្មេងប្រុស​វ័យ​១២​ជា​ជនជាតិខ្មែរ នៅ​ខេត្តសៀមរាប​។ ករណី​ថ្មី​នេះ បានធ្វើឱ្យ​ចំនួន​អ្នកជា​សះស្បើយ​សរុប​នៅ​កម្ពុ​ជាមាន​១០៥​នាក់ ស្មើនឹង​៨៦​ភាគរយ​នៃ​អ្នកជំងឺ​កូ​វីដ​-១៩​សរុប​១២២​នាក់​។​



ថ្វី​ដ្បិត​មិនមាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​ក្រសួងសុខាភិបាល​ធ្លាប់​ព្រមាន​ថា ប្រសិនបើ​ពលរដ្ឋ​មិនបាន​អនុវត្តន៍​វិធាន​អនាម័យ​ឱ្យ​ខ្ជាប់ខ្ជួន និង​ស្តាប់​ការណែនាំ​នានា​របស់​ក្រសួងសុខាភិបាល ក្នុងការ​បង្ការ ឬ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ទេ នោះ​កម្ពុជា​នឹង​ឈានដល់​ការចម្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​នៅក្នុង​សហគមន៍​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៩​មេសា ឆ្នាំ​២០២០ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​១២២​នាក់ ក្នុង​រាជធានី​-​ខេត្ត​ចំនួន​១៣​។ ក្នុងនោះ ភ្នំពេញ មាន​២៨​នាក់​(​សះស្បើយ​១៨​នាក់​), ព្រះសីហនុ មាន​៤០​នាក់​(​សះស្បើយ​៣៨​នាក់​), កំពង់ចាម​មាន​១៦​នាក់​(​សះស្បើយ​ទាំងអស់​),​បាត់ដំបង មាន​៨​នាក់​(​សះស្បើយ​៧​នាក់​), សៀមរាប មាន​៧​នាក់​(​សះស្បើយ​៦​នាក់​),​ត្បូងឃ្មុំ មាន​៤​នាក់​(​ជាសះស្បើយ​ទាំងអស់​), កែប មាន​៤​នាក់​(​សះស្បើយ​៣​នាក់​), បន្ទាយមានជ័យ មាន​៤​នាក់​(​សះស្បើយ​៣​នាក់​), កំពង់ឆ្នាំង មាន​៣​នាក់​(​សះស្បើយ​២​នាក់​), ព្រះវិហារ​មាន​២​នាក់​(​ជាសះស្បើយ​ទាំងអស់​), កំពត មាន​២​នាក់​(​ជាសះស្បើយ​ទាំងអស់​), កោះកុង​មាន​២​នាក់​(​ជាសះស្បើយ​ទាំងអស់​) និង​ខេត្តកណ្តាល​មាន​២​នាក់​(​ជាសះស្បើយ​ទាំងអស់​)៕​

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com