COVID-19
ជាតិ
អភិបាលស្រុកបន្ទាយស្រី ផ្ដើមគម្រោង «ធ្វើស្រែសមូហភាព»យកស្រូវចែកពលរដ្ឋក្រីក្រ» រូបភាពពីហ្វេសប៊ុកលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី
× ភ្នំពេញ៖ រដ្ឋបាលស្រុកបន្ទាយស្រី កំពុងអនុវត្តគម្រោង«ធ្វើស្រែសមូហភាព»សាកល្បង ដើម្បីប្រមូលទិន្នផលស្រូវចែកទៅពលរដ្ឋក្រីក្រនៅក្នុងស្រុក។ គម្រោង«ធ្វើស្រែសមូហភាព» ត្រូវធ្វើនៅលើផ្ទៃដីជិត ៤០ហិកតា ដែលជាដីស្រែរបស់ពលរដ្ឋ ៣៩គ្រួសារ នៅក្នុងឃុំព្រះដាក់។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី តាមគម្រោង គម្រោង«ធ្វើស្រែសមូហភាព» នឹងអាចប្រមូលផលស្រូវស្រាលដើមរដូវ នៅរយៈពេល៣ខែទៀត។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានផ្តួចផ្តើគម្រោង«ធ្វើស្រែសមូហភាព»សាកល្បង ក្នុងបំណងកៀងគរធនធានរួម មកផលិតអង្ករសម្រាប់ចែកជូនដល់ពលរដ្ឋទ័លក្រនៅក្នុងស្រុក។ ស្រែសមូហភាព គ្រោងធ្វើនៅលើផ្ទៃដីជិត៤០ហិកតា ដែលជាដីស្រែរបស់ពលរដ្ឋ ៣៩គ្រួសារ ភូមិអូរទទឹង និងភូមិថ្នល់ទទឹង ក្នុងឃុំព្រះដាក់។ នេះបើយោងតាមសំណេរទៅលើទំព័រហ្វេសប៊ុករបស់ លោក ឃឹម ហ្វីណង់។
លោក ឃឹម ហ្វីណង់ បញ្ជាក់ដូច្នេះ៖«ក្នុងកាលៈទេសៈដែលការរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងតែជះហានិភ័យទៅដល់សេដ្ឋកិច្ចគ្រួសារ និងជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ជម្រើសល្អបំផុតមួយ គឺការធានាឲ្យមានសុវត្ថិភាពស្បៀងអាហារ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរា ដែលងាយរងផលប៉ះពាល់ និងតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់»។
រូបភាពពីហ្វេសប៊ុកលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី
តាមលោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បើគ្មានអ្វីប្រែប្រួលទេ ៣ខែទៀត គម្រោងនេះនឹងអាចប្រមូលទិន្នផលស្រូវស្រាលដើមរដូវ ជុំទី១។ ហើយស្រូវទាំងនោះ នឹងត្រូវចែកទៅម្ចាស់ស្រែខ្លះ នៅសល់ប៉ុន្មានទុកចែកជូនពលរដ្ឋគោលដៅ។
រដ្ឋបាលស្រុកបន្ទាយស្រី ក៏ទទួលបានអំណោយជាពូជស្រូវស្រាល, ជីលាមកសត្វ,ម៉ាស៊ីន និងគ្រឿងចក្រ,ប្រេង និងកម្លាំងស្ទូង និងច្រូតផងដែរ។ លោក ឃឹម ហ្វីណង់ សង្ឃឹមថា គម្រោងធ្វើស្រែសមូហភាពសាកល្បងជំហ៊ានដំបូង ដែល នឹងក្លាយគំរូល្អ ក្នុងការពង្រីកឲ្យធំជាងមុន នៅអនាគត៕
រូបភាពពីហ្វេសប៊ុកលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី
រូបភាពពីហ្វេសប៊ុកលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី
Tag:
កសិកម្ម
ស្រូវ
ស្រែសមូហភាព
COVID-19
សៀមរាប
ឃឹម ហ្វីណង់
© រក្សាសិទ្ធិដោយ thmeythmey.com