COVID-19
អន្តរជាតិ
ពលរដ្ឋ​អាមេរិក​បាតុកម្ម​ប្រឆាំង​បញ្ជា​ឲ្យ​នៅផ្ទះ ខណៈ​អ្នកស្លាប់ COVID-19 មាន​៤​ម៉ឺន​នាក់
20, Apr 2020 , 10:21 am        
រូបភាព
ប្រភពរូប៖ Reuters
ប្រភពរូប៖ Reuters
ដោយ:
​មនុស្ស​យ៉ាងតិច​២៥០០​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​អគារ Capitol រដ្ឋ​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​១៩ ខែមេសា ដើម្បី​តវ៉ា​ប្រឆាំង​បទបញ្ជា​ស្នាក់​នៅផ្ទះ​ក្នុង​គោលដៅ​ទប់ស្កាត់​ការរីក​រាលដាល COVID-19​។ បាតុករ​អាមេរិក​ទាំង​នេះ បាន​ល្មើស​បម្រាម​លើ​ការប្រមូលផ្ដុំ​មនុស្ស​លើស​៥០​នាក់​។​

 
​ទោះបី​មានការ​ប្រកាស​ពី​អ្នករៀបចំ​បាតុកម្ម​ឲ្យ​ពាក់​ម៉ាស់ បាតុករ​ជាច្រើន​ពុំបាន​ចាប់អារម្មណ៍​អនុវត្តតាម​ឡើយ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters សមត្ថកិច្ច​ប៉ាន់​ស្មានថា ក្រុមបាតុករ​មាន​ចំនួន​ប្រមាណ ២៥០០​នាក់ ដែលជា​បាត​កម្ម​ធំ​បំផុត​មួយ​ក្នុង​សហរដ្ឋអាមេរិក​ប្រឆាំងនឹង​បទបញ្ជា​បិទ​ប្រទេស​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​។ 
 
​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នករៀបចំ​បាតុកម្ម​ឈ្មោះ Tyler Miller អាយុ ៣៩​ឆ្នាំ ដែលជា​វិស្វករ​ម្នាក់ បាន​អះអាង​ដូច្នេះ​ថា​៖« ការបិទ​អាជីវកម្ម ដោយ​ជ្រើសរើស​អ្នកឈ្នះ និង​អ្នកចាញ់ ដែល​ចាត់ទុកថា​វា​ចាំបាច់ និង​មិនចាំបាច់​នោះ គឺ​ល្មើស​នឹង​រដ្ឋធម្មនុញ្ញ​សហព័ន្ធ និង​រដ្ឋ​»​។ លោក Miller ចាត់ទុក​ការធ្វើ​បាតុកម្ម​នេះ​ជា​កិច្ចប្រឹងប្រែង​ផ្ដល់​សេរីភាព​ដល់​រដ្ឋ​វ៉ាស៊ីនតោន​។ 
 
​កាលពី​ថ្ងៃ​សុក្រ ទី​១៧ ខែមេសា លោក ប្រ​ធានា​ធីប​តី ដូ​ណា​ល់ ត្រាំ តាមរយៈ Twitter បានបង្ហាញ​ការគាំទ្រ​ការធ្វើ​បាតុកម្ម​ស្រដៀង​គ្នា​នេះ​ក្នុង​រដ្ឋ Michigan, Minnesota និង Virginia ក្នុង​គោលដៅ​ផ្ដល់​សេរីភាព​ដល់​ពួកគេ​ពីបទ​បញ្ជា​គម្លាត​សុវត្ថិភាព​។ 
 
​ដោយឡែក លោក​អភិបាលរដ្ឋ​វ៉ាស៊ីនតោន Jay Inslee មកពី​បក្ស​ប្រជាធិបតេយ្យ ដែលជា​អ្នក​ដាក់ចេញ​បទបញ្ជា​ស្នាក់​នៅផ្ទះ​នេះ នៅ​ថ្ងៃ​១៩ ខែមេសា បាន​លើកឡើងថា សមាជិកសភា​មកពី​បក្ស​សាធារណរដ្ឋ បាន​គាំទ្រ​ក្រុម​បះបោរ​ប្រឆាំង​បទបញ្ជា​គម្លាត​សុវត្ថិភាព​។ 
 
​ត្រង់ចំណុច​នេះ លោក សង្កត់ធ្ងន់ថា លោក​គាំទ្រ​សិទ្ធិសេរីភាព​នៃ​បញ្ចេញមតិ ក៏ប៉ុន្តែ​ក្រុមបាតុករ​ទាំងនេះ​ពុំមាន​លទ្ធភាព​ផ្លាស់ប្តូរ​គោលនយោបាយ​លោក​ឡើយ ព្រោះថា​បញ្ហា​នេះ​ពុំមែន​ជា​រឿង​នយោបាយ​ឡើយ តែ​សម្រាប់​សុខភាព​ពលរដ្ឋ​ទាំងអស់​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​២០ ខែមេសា សហរដ្ឋអាមេរិក មាន​ករណី​ឆ្លង​COVID-19 សរុប​ជាង​៧៦​ម៉ឺន​ករណី ក្នុងនោះ​ជាសះស្បើយ​មាន​៧​ម៉ឺន​នាក់ ខណៈ​អ្នក​ស្លាប់មាន​៤​ម៉ឺន​នាក់​។ នេះ​បើតាម​វេ​ប​សាយ worldometers.info ។ រដ្ឋ​វ៉ាស៊ីនតោន គឺជា​រដ្ឋ​អាមេរិក​ដំបូង​គេ​ដែល​បាន​រកឃើញ​ករណី​COVID-19 កាលពី​ចុងខែ​មករា​មកម្ល៉េះ​៕

Tag:
 សហរដ្ឋអាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com