COVID-19
ជាតិ
សង្គមជាតិ
គណៈសង្ឃ ប្រគេន​បច្ច័យ​១៥​លាន​រៀល ទៅ​វត្ត​៤១ នៅ​ឧ​ត្ត​រ​មានជ័យ ដែល​ខ្វះខាត ដោយសារ​កូ​វីដ​
21, Apr 2020 , 7:19 pm        
រូបភាព
មន្រ្តីសង្ឃ យកអង្ករទៅប្រគេនព្រះសង្ឃក្នុងវត្ត១ ក្នុងចំណោមវត្ត៤១ ដែលជួបការខ្វះខាត (រូបពីគណៈសង្ឃនាយក)
មន្រ្តីសង្ឃ យកអង្ករទៅប្រគេនព្រះសង្ឃក្នុងវត្ត១ ក្នុងចំណោមវត្ត៤១ ដែលជួបការខ្វះខាត (រូបពីគណៈសង្ឃនាយក)
ដោយ: ថ្មីៗ
​វត្ត​៤១ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ រង​ផលប៉ះពាល់ ដោយសារតែ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ គណៈសង្ឃ​នាយក ដែលជា​ស្ថាប័ន​មើល​ការខុសត្រូវ​លើ​ព្រះសង្ឃ​នៅ​ទូទាំងប្រទេស បាន​បញ្ចេញ​បច្ច័យ​១៥​លាន​រៀល បែងចែក​ទៅកាន់​វត្ត​ទាំង​៤១​នោះ​។

 
​សម្តេច អំ លឹម​ហេង សម្តេច​សង្ឃនាយក​រង​ទី​១ បាន​ប្រគេន​ភារកិច្ច​នេះ ទៅ​ព្រះ​តេជគុណ ប៊ុន សា​លួត ព្រះ​មេគណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​យក​បច្ច័យ​ទាំង​១៥​លាន​រៀល​នោះ បែងចែក​ទៅកាន់​វត្ត​ទាំង​៤១​។ លិខិត​របស់​សម្តេច អំ លឹម​ហេង ដែល​ចេញ​ជំនួស​សម្តេច ន​ន្ទ ង៉ែត ជាស​ម្តេច​សង្ឃនាយក កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ព្រះសង្ឃ​តាម​វត្ត​ទាំង​៤១ មាន​៣៧៣​អង្គ​។ 
 
​លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មតា​និង​សាសនា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ល្ងាច​ថ្ងៃទី​១៨ ខែមេសា​ថា ដ្បិត​ជំងឺ​កូ​វីដ​-១៩ រាលដាល​នៅ​កម្ពុជា​ក្តី តែ​មិនទាន់មាន​វត្ត​អារាម​ណាមួយ រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​រហូតដល់​ដាច់​ចង្ហាន់​ព្រះសង្ឃ​នោះទេ​។ លោក បន្តថា ចំពោះ​ការជួយ ដល់​វត្ត​ទាំង​៤១ គឺជា​គោលការណ៍​របស់​គណៈសង្ឃ​នាយក​។ 
 
​លោក បន្ថែមថា ជា​រៀងរាល់ឆ្នាំ គណៈសង្ឃ​នាយក តែង​ជួយ​ដល់​វត្ត​ទាំងឡាយណា ដែល​ខ្វះខាត ក្រខ្សត់ និង នៅ​ដាច់ស្រយាល នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ មិនមែន​ទើបតែ​ជួយ ពេល​ជំងឺ​កូ​វីដ​-១៩ រាលដាល​នោះទេ​។ យ៉ាងណា លោក ពុំបាន​ផ្តល់ព័ត៌មាន​ឡើយ​ថា មាន​វត្ត​នៅ​ខេត្ត​ផ្សេងទៀត រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នេះដែរ ឬ​មិនមាន​។ 
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២១ ខែមេសា នៅ​កម្ពុជា រកឃើញ​មនុស្ស​១២២​នាក់ ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ តែ​បានជា​សះស្បើយ​១១០​នាក់​ហើយ ដោយ​នៅសល់តែ​១២​នាក់​ទៀត​ប៉ុណ្ណោះ ដែល​បន្ត​សម្រាក​ព្យាបាល​៕

Tag:
 ​វត្ត​ខ្វះខាត​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com