COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Barca រក​អ្នក​ឧបត្ថម្ភ​ដាក់ឈ្មោះ​កីឡដ្ឋាន​ថ្មី យកប្រាក់​ជួយ​ប្រឆាំង COVID-19
22, Apr 2020 , 11:35 am        
រូបភាព
Barcelona នឹង​ផ្តល់​សិទ្ធិ​ឲ្យ​អ្នក​ឧបត្ថម្ភ​ដាក់ឈ្មោះ ​លើ​កីឡដ្ឋាន​របស់ខ្លួន​ជា​លើកដំបូង ហើយ​ប្រាក់ចំណូល​ដែល​ទទួលបាន​ពី​ការដាក់​ឈ្មោះ​នេះ នឹង​បរិច្ចាគ​ទាំងអស់​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង COVID-19​។​


 
​កីឡដ្ឋាន​របស់​ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ ដែល​សព្វថ្ងៃ​មានឈ្មោះ​ថា Camp Nou (​ជា​ភាសា​កាតា​ឡាន់​) មិន​ធ្លាប់មាន​ប្រវត្តិ​ប្តូរ​ឈ្មោះ​ផ្សេង​ពី​នេះឡើយ ចាប់តាំងពី​បាន​បើក​ដំណើរការ​ប្រើប្រាស់​ពី​ឆ្នាំ ១៩៥៧ មក​។​
 
​រហូតមកដល់​ឆ្នាំ​២០២០ ជា​ឆ្នាំ​ដែល​ពិភពលោក​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​ពីមុនមក​ ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ម្ចាស់​ជើងឯក La Liga រដូវ​កាល​មុន បា​នរក​វិធី​ថ្មី​មួយ​ដោយ​ផ្តល់​សិទ្ធិ​ដាក់ឈ្មោះ ​លើ​កីឡដ្ឋាន​របស់ខ្លួន ដើម្បី​ទទួលបាន​កម្រៃ​ខ្លះ​។ ថ្លៃឈ្នួល​ដែល​ទទួលបាន​ពី​កិច្ចព្រមព្រៀង​ឧបត្ថម្ភ ​ដែល​ចាប់ផ្តើម​ពី​រដូវ​កាល ២០២០-២១ នឹងត្រូវ​ចូលក្នុង​មូលនិធិ Barca ទាំងអស់​។​
 
​បើតាម​សេចក្តីប្រកាស​របស់​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​តំបន់​ស្វយ័ត​កាតា​ឡូ​នា​នេះ ចំណូល​ដែល​ទទួលបាន​ពី​ការឧបត្ថម្ភ នឹងត្រូវ​ប្រើ​សម្រាប់​គម្រោង​ស្រាវជ្រាវ និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល​នេះ​។​
 
​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​បន្ថែមថា​៖ «FC Barcelona និង​មូលនិធិ Barca ចាត់ទុក​ស្ថានភាព​នេះ​ជា​ភាពចាំបាច់​ ស្របពេល​ពិភពលោក​កំពុង​ជួប​វិបត្តិ ដូច្នេះ​ក្លិប​គួរតែ​ប្រើប្រាស់​ធនធាន​ទាំងអស់​របស់ខ្លួន ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត COVID-19 និង​ផលវិបាក​របស់​វា​»​។​
 
​ក្រុម Barca មិនមាន​អ្នក​ឧបត្ថម្ភ​អាវ​រហូតដល់​ឆ្នាំ ២០១០ នៅពេលដែល​ពួកគេ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មូលនិធិ​កាតា ទោះបីជា​អង្គការ UNICEF បានបង្ហាញ​ខ្លួន​នៅលើ​អាវ​របស់​ពួកគេ​តាំងពី​ឆ្នាំ ២០០៦ ក៏ដោយ​។​
 
​អេ​ស្ប៉ា​ញ ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ចំនួន​បួន​លើ​លោក​ ដែលមាន​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ ពោលគឺ​ជាង ២០០០០ នាក់ និង​ឆ្លង​ជាង​២​សែន​នាក់ គិត​ត្រឹម​ថ្ងៃទី​២២ ខែមេសានេះ​៕

Tag:
 COVID-19
  Camp Nou
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com