COVID-19
អន្តរជាតិ
លោក ត្រាំ បញ្ជាឲ្យទ័ពជើងទឹកអាមេរិកបាញ់កាណូតអ៊ីរ៉ង់ បើហ៊ានចូលកៀកពេក
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបើកដៃឲ្យកប៉ាល់ទ័ពជើងទឹកអាមេរិកបាញ់កាណូតយោធាអ៊ីរ៉ង់ បើពួកគេចូលកៀកខ្លាំងពេក។ បញ្ជារបស់លោក ត្រាំ ធ្វើឡើងមួយថ្ងៃក្រោយកាណូតទ័ពអ៊ីរ៉ង់ដែលបំពាក់កាំភ្លើងផងនោះ បានចូលកៀកនាវាអាមេរិកមួយគ្រឿងនៅតំបន់ឈូងសមុទ្រ។ ប៉ុន្តែមន្ត្រីយោធាអ៊ីរ៉ង់ ហាក់មិនព្រឺនឹងការព្រមានរបស់ប្រធានាធិបតីអាមេរិកឡើយ ដោយប្រាប់អាមេរិកឲ្យគិតគូរពីបញ្ហាជំងឺ COVID-19 ក្នុងស្រុកវិញទៅ។
កាណូត១១គ្រឿងរបស់កងទ័ពអ៊ីរ៉ង់ បានធ្វើដំណើរជិតខ្លាំងនឹងកប៉ាល់ចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកនៅតំបន់ឈូងសមុទ្រពែរ្សកាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ។ រឿងនេះធ្វើឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនសប្បាយចិត្តឡើយ និងផ្ដល់ភ្លើងបៃតងឲ្យកងទ័ពអាមេរិកធ្វើសកម្មភាពការពារខ្លួនរបស់ពួកគេ។
ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន លោក ត្រាំ អះអាងថា អាមេរិកមិនអាចអត់ធ្មត់នឹងរឿងបែបនេះបានឡើយ ហើយលោកមិនអនុញ្ញាតឲ្យកងទ័ពអ៊ីរ៉ង់បង្កគ្រោះថ្នាក់ដាក់កងទ័ពអាមេរិក និងកប៉ាល់យោធាអាមេរិកឡើយ។ លោកក៏ដាក់បញ្ជាថា បាញ់ពួកគេកម្ទេចទៅ។
«នេះជាការគំរាម។ នៅពេលពួកគេចូលកៀកកប៉ាល់របស់យើង ពួកគេមានកាំភ្លើង និងអាវុធផ្សេងលើទូកផង តែយើងនឹងកម្ទេចពួកគេ។» នេះជាការលើកឡើងរបស់លោក ត្រាំ ។
តាមពិតទៅ ហេតុការណ៍ដូចខាងលើ មិនមែនជារឿងថ្មីឡើយ។ ជារឿយៗ កងទ័ពអាមេរិក ក៏បានបាញ់ព្រមានកប៉ាល់ ឬកាណូតកងទ័ពអ៊ីរ៉ង់ដែលគឃ្លើនចូលកៀកកប៉ាល់របស់ខ្លួន។ និយាយពីរឿងបាញ់ចំវិញ យោធាអាមេរិក ក៏អាចអនុវត្តសិទ្ធិការពារខ្លួនដោយបាញ់កម្ទេចតែម្ដងក៏បាន។ ប៉ុន្តែការបញ្ជាចេញពីមាត់លោក ត្រាំ ជារឿងដែលអាចធ្វើឲ្យភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់កាន់តែយ៉ាប់យ៉ឺនថែមទៀត។
យ៉ាងណាក្ដី ការគំរាមរបស់លោក ត្រាំ ហាក់មិនបានធ្វើឲ្យអ៊ីរ៉ង់រអាឡើយ។ ទីភ្នាក់ងារព័ត៌មាន ISNA បានស្រង់សម្ដីអ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Abolfazl Shekarchi ថា អាមេរិកគួរតែផ្ដោតលើការសង្គ្រោះយោធារបស់ខ្លួនពីជំងឺ COVID-19 វិញទៅ។ មន្ត្រីយោធាអ៊ីរ៉ង់រូបនេះ ចង់ឌឺដងអាមេរិកពាក់ព័ន្ធការឆ្លង COVID-19 នៅលើនាវាដឹកយន្តហោះ Theodore Roosevelt រហូតមានការបណ្ដេញមេបញ្ជាការទៅទៀត៕
Tag:
អាមេរិក
អ៊ីរ៉ង់
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com