ស៊ុយអែត ផ្តល់​ថវិកា​ជាង​៣​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​គាំទ្រ​កម្មវិធី​ប្រែប្រួល​អាកាសធាតុ​
ជាតិ
សេដ្ឋកិច្ច
ស៊ុយអែត ផ្តល់​ថវិកា​ជាង​៣​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​គាំទ្រ​កម្មវិធី​ប្រែប្រួល​អាកាសធាតុ​
24, Apr 2020 , 7:59 am        
រូបភាព
រូបថត៖ ផ្តល់ឱ្យដោយសា្ថនទូតប្រទេសស៊ុយអែតប្រចាំកម្ពុជា។​
រូបថត៖ ផ្តល់ឱ្យដោយសា្ថនទូតប្រទេសស៊ុយអែតប្រចាំកម្ពុជា។​
​ភ្នំពេញ​៖ ប្រទេស​ស៊ុយអែត ផ្តល់​ថវិកាបដិភាគ​ចំនួន​៣,៣៤​លាន​ដុល្លារ​ដល់​កម្ពុជា តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)  ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​កម្មវិធី​សម្ព័ន្ធភាព​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា​(CCCA) ក្នុង​រយៈពេល​៣​ឆ្នាំ​(២០២០-២០២២)​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា លើ​ការចុះហត្ថលេខា​លើ​កិច្ច​ព្រៀម​ព្រៀង​ផ្តល់​ថវិកា​នេះ នៅ​ថ្ងៃទី​២៣​មេសា​។

 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​បានបញ្ជាក់ CCCA គឺជា​កម្មវិធី​ដែល​ផ្តល់​ការគាំទ្រ​សំខាន់ និង​ជួយ​ធានា​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ភាព​ធន់ និង​ផ្តល់​ប្រយោជន៍​ដល់​ក្រុម​ងាយ​រងគ្រោះ​ជាងគេ​បង្អស់​ក្នុងសង្គម​។ កម្មវិធី​នៃ​ការអនុវត្ត​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​គំរូ​មួយ​នៅ​កម្ពុជា​នេះ គឺ​អនុវត្ត​រួមគ្នា​ដោយ UNDP និង​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​(​ក​.​ជ​.​អ​.​ច​)​។​
 
​លោក ប្ស៊​ន ហេ​ក​ម៉ាក ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា បាន​និយាយថា ការប្រែប្រួល​អាកាសធាតុ គឺជា​ការ​គំរាម​កំហែង​ធំ​មួយ​ដែល​កំពុង​កើតឡើង ហើយ​ទាមទារ​ឱ្យមាន​ការចាត់វិធានកា​រ​ប្រកបដោយ​មហិច្ឆតា​ ឱ្យបាន​លឿន​ដើម្បី​ដោះស្រាយ​។ លោក​បាន​បន្តថា CCCA ផ្តល់​លទ្ធភាព​ឱ្យ​តួអង្គ​សំខាន់ៗ​នៅ​កម្ពុជា សម្រាប់​អនុវត្ត​សកម្មភាព​បន្ថែម ​ដើម្បី​ការពារ​បរិស្ថាន កាត់បន្ថយ​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។ «​ប្រទេស​ស៊ុយអែត គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នេះ​»​។ នេះ​ជា​ប្រសាសន៍​របស់លោក ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​។ 
 
​ជាមួយគ្នានេះ លោក Nick Beresford តំណាង UNDP​ប្រចាំ​កម្ពុជា បានលើកឡើង ការគាំទ្រ​ពី​ប្រទេស​ស៊ុយអែត សហភាព​អឺរ៉ុប និង​UNDP ដល់​កម្ពុជា​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា គឺ​ផ្តល់នូវ​វិធីសាស្ត្រ​មួយ​សម្រាប់​កសាង និង​ស្តារឡើងវិញ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។ លោក​បាន​និយាយ​ដូច្នេះ​៖«​យើង​អាច​ប្រើប្រាស់​កាលានុវត្តភាព នានា​ដែលមាន​នៅក្នុង​អំឡុងពេល​ដែលមាន​វិបត្តិ​កូ​វីដ​-១៩​នៅ​កម្ពុជា ក៏ដូចជា​វិបត្តិ​ពិភពលោក ដើម្បី​ជួយ​ឱ្យ​ការវិនិយោគ​របស់​រាជ​រដ្ឋាភិបាល កាន់តែ​មានលទ្ធភាព​បង្កើន​ភាព​ធន់​ ទៅនឹង​កត្តា​អាកាសធាតុ ព្រមទាំង​ជួយ​ជំរុញ​ការវិនិយោគ​វិស័យ​ឯកជន ដែល​គិតគូ​ពី​បរិស្ថាន និង​មាន​ភាព​ធន់​»​។ 
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ កម្មវិធី CCCA បាន​ក្លាយជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​កម្ពុជា​។ CCCA បានផ្តល់​ការគាំទ្រ​ដល់​ការដាក់​បញ្ជូន​ចំណុច​គោលដៅ ​ស្តី​ការប្រែប្រួល​អាកាសធាតុ ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ គោលនយោបាយ​ថវិកា និង​កម្មវិធី​តាម​វិស័យ​សំខាន់​ជាដើម​។ កាល​ឆ្នាំ​២០១៩ ស៊ុយអែត សហភាព​អឺរ៉ុប និង​UNDP រួមគ្នា​ផ្តល់​ថវិកាបដិភាគ​ជិត​៧​លាន​ដុល្លារ ដល់​កម្ពុជា សម្រាប់​អភិវឌ្ឍ​វិស័យ​ថាមពល សាធារណការ និង​ដឹកជញ្ជូន អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​អប់រំ​៕

Tag:
 ស៊ុយអែត​
 UNDP
  ការប្រែប្រួល​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com