ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​ទេ​? ទឹក​ដំឡូងបារាំង​ស្រស់​អាច​ផ្ដល់​ផល​ល្អ​ស្មាន​មិន​ដល់​ទាំងនេះ​
25, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជាធម្មតា​អ្នក​មិនអាច​ទទួលទាន​ទឹក​ដំឡូងបារាំង​ស្រស់​ដូច​ទឹក​ផ្លែឈើ​ឬ​បន្លែ​ដទៃ​ឡើយ​។ ទោះជា​យ៉ាងណា​ធ្លាប់​ដឹង​ទេ​ថា​ត្រឹមតែ​ពី ២ ទៅ ៣ ស្លាបព្រា​បាយ គឺ​គ្រប់គ្រាន់​នឹង​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព​រាងកាយ​រួមទាំង​សម្រស់​ស្មាន​មិន​ដល់​ណាស់​ទៅហើយ​?


​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​ការ​ទទួលទាន​ទឹក​ដំឡូងបារាំង​ស្រស់ ៖
 
១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​នេះ​ក៏​ព្រោះតែ​ទឹក​ដំឡូងបារាំង​ស្រស់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​បាន​យ៉ាង​ប្រសើរ​។​
 
២. បន្សាប​ជាតិពុល​ក្នុង​ថ្លើម​
 
​ទឹក​ដំឡូងបារាំង​ស្រស់​មាន​លក្ខណៈសម្បត្តិ​ជា​ភ្នាក់ងារ​បន្សាប​ជាតិពុល​និង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​រួមទាំង​វីតាមីន C ដែល​ជួយ​ឱ្យ​មុខងារ​ថ្លើម​កាន់​តែមាន​ភាពប្រសើរ​ឡើង​។​
 
៣. ធ្វើឱ្យ​ការរំលាយ​អាហារ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​
 
​ជាតិ​ម្សៅៗ​នៃ​ទឹក​ដំឡូងបារាំង​ស្រស់​អាចជួយ​សម្រួលការ​រំលាយ​អាហារ​គួរឱ្យកត់សម្គាល់​។ ដំឡូងបារាំង​ក៏មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ជួយ​បំបាត់​អាកា​រៈ​ហើមពោះ ទល់លាមក និង​ពិបាក​រំលាយ​អាហារ​ផងដែរ​។​
 
៤. បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​
 
​បរិមាណ​ជាតិ​សរសៃ​ខ្ពស់​ក្នុង​ទឹក​ដំឡូងបារាំង​ស្រស់​ជួយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​បេះដូង​គួរឱ្យកត់សម្គាល់​។​
 
៥. បំបាត់​អា​ការៈឈឺ​សន្លាក់​
 
​បរិមាណ​ត្រឹមតែ​បន្តិច​នៃ​ទឹក​ដំឡូងបារាំង​ស្រស់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សមាសធាតុ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​បំបាត់​អា​ការៈឈឺ​សន្លាក់​បាន​យ៉ាង​ប្រសើរ​។​
 
៦. បញ្ចុះ​សម្ពាធ​ឈាម​
 
​នេះ​ក៏​ព្រោះតែ​ដំឡូងបារាំង​ក៏មាន​ផ្ទុក​នូវ​សារធាតុ  flavanoids និង kukoamine ជួយ​បញ្ចុះ​សម្ពាធ​ឈាម​។​
 
៧. កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​
 
​វត្តមាន​នៃ​វីតាមីន C ក្នុង​ទឹក​ដំឡូងបារាំង​ស្រស់​ជួយ​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​ទប់ស្កាត់​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​គួរឱ្យកត់សម្គាល់​។ អ្នក​អាច​លាប​ម៉ាស្សា​ទឹក​ដំឡូងបារាំង​ស្រស់​បន្តិច​លើ​មុខ​។​

៨. កម្ចាត់​ស្នាម​មុន និង​ស្នាម​អ៊ុច​ខ្មៅ​
 
​អ្វីដែល​អ្នកត្រូវការ គឺ​ទឹក​ដំឡូងបារាំង ១ ស្លាបព្រា​បាយ និង​ទឹក​ប៉េងប៉ោះ​ស្រស់ ១ ស្លាបព្រា​បាយ​។ ហើយ​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹក​ដំឡូងបារាំង​ស្រស់ និង​ទឹក​ប៉េងប៉ោះ​ស្រស់​ចូលគ្នា​។ កូរ​ឱ្យ​សព្វ សឹម​លាបទឹក​ល្បាយ​នេះ​លើ​ស្នាម​មុន និង​ស្នាម​អ៊ុច​ខ្មៅ​លើ​ផ្ទៃមុខ​របស់​អ្នក​។ ទុកចោល​សម្រាប់​រយៈពេល​ប្រមាណ​ពី ៤០ ទៅ ៤៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់ ឬ​ទុកចោល​ពេញ​មួយ​យប់ សឹម​លាង​សម្អាត​ចេញ​នៅ​ព្រឹក​បន្ទាប់​ក៏បាន​។ អ្នក​អាចអនុវត្ត​រូបមន្ត​នេះ​រាល់ថ្ងៃ រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។​
 
៩. កម្ចាត់​ស្នាម​ខ្មៅ​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​
 
​អ្វីដែល​អ្នកត្រូវការ គឺ​ទឹក​ដំឡូងបារាំង​ស្រស់​ចំនួន ២ ស្លាបព្រា​កាហ្វេ និង​ទឹក​ត្រសក់​ស្រស់​ចំនួន ២ ស្លាបព្រា​កាហ្វេ​។ លាយ​ទឹក​ដំឡូងបារាំង និង​ទឹក​ត្រសក់​ចូលគ្នា​ឱ្យ​សព្វ សឹម​លាបទឹក​ល្បាយ​ក្រោម​ភ្នែក​មុនពេល​ចូល​គេង​យប់​។ លាង​សម្អាត​ចេញ​នៅ​ព្រឹក​បន្ទាប់​ជាមួយ​ទឹក​ត្រជាក់​។​
 
១០. បំបាត់​បញ្ហា​ក្លៀក​ខ្មៅ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាបទឹក​ដំឡូងបារាំង​ស្រស់​ត្រង់​ក្លៀក រួច​ទុកចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​និង​ជូត​ផ្ដិតៗ​ឱ្យ​ស្ងួត​ជាការ​ស្រេច​។​
 
​ប្រយ័ត្ន​៖ កុំ​ទទួលទាន​ទឹក​ដំឡូងបារាំង​ស្រស់​ច្រើនពេក​ឡើយ​! ត្រឹមតែ​ពី ២ ទៅ ៣ ស្លាបព្រា​បាយ គឺ​គ្រប់គ្រាន់​ហើយ​។ ការ​ទទួលទាន​ច្រើនពេក​អាច​បណ្ដាលឱ្យ​ក្អួត ពិបាក​រំលាយ​អាហារ និង​រាគ​។ ទឹក​ដំឡូងបារាំង​ស្រស់​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ដែល​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ត្រូវតែ​កម្រិត​បរិមាណ​នៃ​ការទទួល​ទាន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com