COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ UEFA បញ្ចេញ​៧៥​លាន​ដុល្លារ បង់​ឲ្យ​ក្លិប​មុន​កំណត់​ដើម្បី​ដោះស្រាយ​វិបត្តិ
24, Apr 2020 , 11:36 am        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) បាន​បញ្ចេញ​ប្រាក់​សំណង​ជិត ៧០ លាន​អឺរ៉ូ (៧៥ លាន​ដុល្លារ​អាមេរិក​) ដល់​ក្លិប​នានា​មុនពេល​កំណត់ ដើម្បី​ជួយ​ដោះស្រាយ​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ អំឡុងពេល​ផ្អាក​ការប្រកួត​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ COVID-19​។​


 
​ប្រាក់​ខាងលើនេះ អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​ត្រូវ​បង់​ឲ្យ​ក្លិប​ណា​ដែលមាន​កីឡាករ​ខ្លួន​បាន​ចូល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ ក្នុងអំឡុងពេល​ដំណើរការ​ប្រកួត​ជម្រុះ​ពានរង្វាន់ Euro ឆ្នាំ​២០២០​។ ការបង់ប្រាក់​នេះ​នឹងត្រូវ​ធ្វើឡើង​បន្ទាប់ពី​ការបញ្ចប់​វគ្គ​ជម្រុះ​។​
 
​តាមពិតទៅ ប្រាក់​នេះ​ត្រូវ​បង់​តាម​ការគ្រោងទុក​នៅ​ខែមីនា ប៉ុន្តែ​ត្រូវបាន​ពន្យារពេល​វិញ​ដោយសារតែ​ជំងឺ​រាតត្បាត​សកល COVID-19 ដែល​ធ្វើ​ឲ្យ​ប្រកួត play-off ត្រូវ​អាក់ខាន​បញ្ចប់​តាម​កាលកំណត់​វិញ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ គណៈ​គ្រប់គ្រង UEFA បាន​ផ្លាស់ប្តូ​រគោល​ការ​នេះ​វិញ ដើម្បី​ធានាថា​សាច់ប្រាក់​ត្រូវបញ្ជូន​ទៅដល់​ក្លិប​សម្រាប់​ដោះស្រាយ​ក្នុងពេល​មាន​វិបត្តិ​នេះ​។​
 
​ក្នុងចំណោម​ប្រាក់​សរុប​៧៥​លាន​ដុល្លារ UEFA ត្រូវយក ៥៣​លាន​ដុល្លារ​អាមេរិក បង់​ទៅ​ឲ្យ​ក្លិប​ដែល​អនុញ្ញាត​ឲ្យ​កីឡាករ​ទៅ​ជួយ​ក្រុម​ជម្រើសជាតិ​ចំនួន ៣៩ ក្រុម​ដែល​មិន​ចូលដល់​វគ្គ​ជម្រុះ ខណៈ ១៩​លាន​ដុល្លារ​ត្រូវ​ផ្តល់ជូន​ក្លិប​ដែលមាន​កីឡាករ​ចូលរួម​ក្នុង​វគ្គ​ជម្រុះ play-off ពានរង្វាន់​អឺរ៉ុប​។ សម្រាប់​ប្រាក់ ៣​លាន​ដុល្លារ​ទៀត នឹងត្រូវ​បញ្ជូន​តាម​ក្រោយ​នៅពេល​ចប់​ការប្រកួត​។​
 
​ជុំវិញ​ការបង់ប្រាក់​មុនពេល​កំណត់​នេះ ប្រធាន UEFA លោក Aleksander Ceferin បាន​លើកឡើងថា គឺ​ដើម្បី​ចូលរួម​ជួយ​សម្រួល​ក្លិប​ដែល​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​គ្រា​លំបាក​ដោយសារ​ការគំរាមកំហែង​ពី​ជំងឺ COVID-19 ពិសេស​ដើម្បី​ធានាថា ក្លិប​ទទួលបាន​ការទូទាត់​ប្រាក់​ទាំងនេះ​ឲ្យ​បាន​លឿន​តាម​ដែល​អាចធ្វើ​ទៅបាន​៕

Tag:
 UEFA
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com