COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​៖ ការមិន​បង់​វិភាគទាន​របស់​អាមេរិក​ឲ្យ​WHO គឺជា​ការបំពាន​ករណី​កិច្ច​សមាជិក​
25, Apr 2020 , 5:30 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang។ រូបភាព៖ ក្រសួងការបរទេសចិន
 
​ការមិន​បង់​វិភាគទាន​របស់​អាមេរិក ទៅ​អង្គការ​សុខភាព​ពិភពលោក​(WHO) ជុំវិញ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19) គឺជា​ការបំពាន​ករណី​កិច្ច​ជា​សមាជិក​។ មិនតែប៉ុណ្ណោះ ការផ្អាក​វិភាគទាន​បែបនេះ មានតែ​បង្ក​ឲ្យ​បណ្តា​ប្រទេស ដែលមាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ កាន់តែ​រងគ្រោះ​ថែមទៀត​។ នេះ​បើតាម​ការឆ្លើយតប​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang នា​ថ្ងៃទី​២៤ ខែមេសា ទៅនឹង​ការលើកឡើង​របស់​ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ពី​ការផ្អាក​ជំនួយ​ឲ្យ WHO​។


​ក្នុង​មួយឆ្នាំៗ អាមេរិក បាន​បង់​វិភាគទាន​ទៅ​អង្គការ​សុខភាព​ពិភពលោក​ជាច្រើន​លាន​ដុល្លារ​។ គ្រាន់តែ​ឆ្នាំ​២០១៩ អាមេរិក​ផ្តល់ជំនួយ​ដល់​អង្គការ​អន្តរជាតិ​មួយ​នេះ រហូតដល់ ៤០០​លាន​ដុល្លារ​ឯណោះ ដែល​ស្មើនឹង ១៥​ភាគរយ​នៃ​ថវិការ​សរុប​របស់​អង្គការ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៥ ខែមេសា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​ផ្អាក​ជំនួយ​ដល់ WHO បន្ទាប់ពី​លោក​មើលឃើញ អង្គការ​មួយ​នេះ មិនមែន​តម្លាភាព និង​ជួយ​ចិន​លាក់បាំង​ព័ត៌មាន COVID-19​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក បានលើកឡើង​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​Fox News នា​ថ្ងៃទី​២២ ខែមេសា ថា អាមេរិក​ប្រហែលជា​មិនអាច​ផ្តល់ជំនួយ​ដល់​អង្គការ​សុខភាព​ពិភពលោក​ឡើងវិញ​បានទេ បើទោះបីជា​មានការ​ផ្លាស់​ប្តូរ​ការដឹកនាំ ឬ​ផ្លាស់ប្តូរ​ច្រើនជាង​នេះ​ក៏ដោយ​។ 
 
​បន្ទាប់ពី​មានការ​លើកឡើង​របស់​ប្រមុខ​ការទូត​អាមេរិក​បែបនេះ អ្នកនាំពាក្យ​ចិន លោក Geng បានបញ្ជាក់​នៅមុខ​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​ថា ក្នុងនាម​ជា​សមាជិក​WHO ប្រទេស​ទាំងអស់ ត្រូវបាន​ចងភ្ជាប់​កាតព្វកិច្ច​ដោយ​ការបង់​វិភាគទាន ហើយ​ការផ្អាក​វិភាគទាន​អាមេរិក​បែបនេះ គឺជា​ទង្វើ​បំពាន​ករណី​កិច្ច​ជា​សមាជិក​។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យ​វ័យ ៤៧​ឆ្នាំ​រូបនេះ បាន​ព្រមាន​អាមេរិក​ថា សកម្មភាព​របស់​រដ្ឋា​ភិ​បាល​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​កាលៈទេសៈ​COVID-19​បែបនេះ គឺ​មានតែ​បង្ក​ភាព​រងគ្រោះ​ដល់​ប្រទេស​របស់ខ្លួន និង​បណ្តា​ប្រទេស ដែលមាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​តែប៉ុណ្ណោះ​។ 
 
​ម្យ៉ាងវិញទៀត អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ថែមទាំង​ច្រានចោល​ពាក្យសម្តី​របស់​អាមេរិក ដែល​បាន​ចោទ​អង្គការ​សុខភាព​ពិភពលោក​ថា​គ្មាន​តម្លាភាព​ផងដែរ​។ ការបដិសេធ​បែបនេះ ចិន បាន​លើកឡើងថា ការ​សំអាង​របស់​ទីក្រុង​វ៉ាស៊ីនតោន គឺជា​រឿង​មិន​ពិត និង​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់ WHO​។ ក្រៅពី​ឆ្លើយតប​ទៅនឹង​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Geng ក៏បាន​សរសើរ​លោក Tedros Adhanom Ghebreyesus នាយក​WHO ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19 ផងដែរ​។ 
 
​មកទល់ពេលនេះ ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស មិន​ត្រឹម​ក្លាយជា​ជំងឺឆ្លង​សកល ដែល​ប្រទេស​ជាច្រើន​កំពុងតែ​រងគ្រោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ក្លាយទៅជា​រឿង​នយោបាយ​សម្រាប់​ប្រទេស​មួយចំនួន​។ រឿង​នយោបាយ​នេះ ប្រទេស​មួយចំនួន បាន​ចោទ​គ្នា​ទៅវិញទៅមក ជុំវិញ​បញ្ហា​ដើមកំណើត​នៃ​កូ​រ៉ូ​ណាវី​រុស ការចែករំលែក​ព័ត៌មាន និង​ការ​លាក់បាំង​ព័ត៌មាន​ជាដើម​៕ 
 

Tag:
 អាមេរិក​
  WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com