COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ពលរដ្ឋ​អាហ្វ្រិក​ត្រូវបាន​គេ​រើស​អើ​ស​នៅ​ប្រទេស​ចិន​ដោយសារ​ជំងឺ​កូ​វីដ​១៩
26, Apr 2020 , 1:30 pm        
រូបភាព
រូបឯកសារ៖ ស្ត្រី​ម្នាក់​កំពុង​ដើរ​នៅ​ក្នុង​ផ្សារ​មួយ​​នៅ​តំបន់​ដែល​គេដាក់​ឈ្មោះ​ថា «ភូមិ​អាហ្វ្រិក» នៅ​ទីក្រុង Guangzhou ខេត្ត Guangdong ប្រទេស​ចិន។
រូបឯកសារ៖ ស្ត្រី​ម្នាក់​កំពុង​ដើរ​នៅ​ក្នុង​ផ្សារ​មួយ​​នៅ​តំបន់​ដែល​គេដាក់​ឈ្មោះ​ថា «ភូមិ​អាហ្វ្រិក» នៅ​ទីក្រុង Guangzhou ខេត្ត Guangdong ប្រទេស​ចិន។
ដោយ: VOA
​វ៉ាស៊ីនតោន — ​នៅក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​ចែករំលែក​ជាមួយ VOA និស្សិត​កុង​ហ្គោ​ម្នាក់​នៅក្នុង​ទីក្រុង​វូ​ហាន អើត​តាម​ទ្វា​បែកបាក់​មួយ និង​បាន​អង្វរ​សុំ​ការអនុញ្ញាត​ចេញពី​អា​ផាត​មិន​របស់លោក​។ និស្សិត​រូបនេះ បាន​និយាយ​ភាសា​ចិន​ប្រាប់​អ្នកធ្វើការ​ចិន​ដែលមាន​ពាក់​ម៉ាស់​ថា គាត់​បាន​ស្នាក់នៅ​ក្នុងផ្ទះ​រយៈពេល​ពី​រ​ខែ​ហើយ ហើយ​គ្មាន​រោគសញ្ញា​នៃ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ឡើយ​។ អ្នកធ្វើការ​រូបនោះ​បាន​តប​ទៅកាន់​និស្សិត​វិញ​ថា គាត់​ត្រូវ​បន្ត​នៅក្នុង​ផ្ទះ ១៤ ថ្ងៃ​ទៀត​។​

​អ្នកធ្វើការ​ចិន​នោះបាន​ប្រាប់​ទៅ​និស្សិត​ថា​៖ «​វា​ជាការ​ងារ​របស់​ពួកយើង យើង​ត្រូវតែ​អនុវត្ត ពី​ព្រោះតែ​ស្ថានភាព [​រោគរាតត្បាត​] មាន​សភាព​ធ្ងន់ធ្ងរ​នៅ​អាហ្វ្រិក​។ និស្សិត​បាន​តប​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​មិនបាន​ធ្វើដំណើរ​ទៅ​អាហ្វ្រិក​ទេ​»​។​
 
​ស្រប​ពេលដែល​ប្រទេស​ចិន​ព្យាយាម​បើក​ឡើងវិញ​ក្រោយពី​ការវាយលុក​ដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ជនជាតិ​អាហ្វ្រិក​ដែល​រស់នៅក្នុង​ប្រទេស​ចិន បាន​ឲ្យ​ដឹងថា​ពួកគេ​កំពុង​ត្រូវបាន​គេ​ដាក់​ឲ្យ​នៅ​ដោយឡែក សម្រាប់​ការធ្វើ​តេស្ត​បន្ថែម ហើយ​ក្នុង​ករណីខ្លះ ត្រូវបាន​គេ​ជម្លៀសចេញ​ពី​ផ្ទះ​។ នៅក្នុង​កិច្ចសម្ភាសន៍​មួយ ជនជាតិ​អាហ្វ្រិក​ដែល​រស់នៅក្នុង​ប្រទេស​ចិន​បាន​ប្រាប់ VOA ថា ពួកគេ​គឺជា​ជនរងគ្រោះ​នៃ​យុទ្ធនាការ​រើសអើង​មួយ ដែលមាន​គោលបំណង​ទម្លាក់កំហុស​មកលើ​ជនជាតិ​អាហ្វ្រិក សម្រាប់​ករណី​ថ្មីៗ​របស់​មេរោគ​កូ​រ៉ូ​ណា​ប្រទេស​ថ្មី​នៅក្នុង​ប្រទេស​ចិន​។​
 
​លោក Thierry Ndayigengesere ជា​អ្នកជំនួញ​ម្នា​ក់មាន​ដើមកំណើត​មកពីរ​ប្រទេស Burundi ដែល​បានរស់នៅ​ក្នុងប្រទេស​ចិន​ប្រមាណ ១២​ឆ្នាំ​។ លោក​បាន​និយាយថា​បុគ្គលិក​ពេទ្យ​ចិន ដែលមាន​កងកម្លាំង​សន្តិសុខ​នៅ​ពីក្រោយ កំពុងតែ​កំណត់​គោលដៅ​មកលើ​ជនជាតិ​អាហ្វ្រិក​។ ពួកគេ​ដើរ​គោះទ្វា​ផ្ទះ និង​ទាមទារ​ឲ្យ​ពលរដ្ឋ​អា​ហ្រិ​ក​ធ្វើតេស្ត និង​ឲ្យ​នៅ​ដាច់ដោយឡែក​ចំនួន ១៤ ថ្ងៃ​។ អ្នកជំនួញ​រូបនេះ​បាន​និយាយថា ការធ្វើ​តេស្ត​នេះ​បានធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួន​ភ័យខ្លាច​ថា ពួកគេ​កំពុង​ត្រូវបាន​គេ​យកទៅ​ពិសោធន៍​។​
 
​លោក Ndayigengesere ក៏បាន​ប្រាប់ VOA សេវា​អាហ្វ្រិក​កណ្ដាល​ថា​៖ «​យើង​ក្នុងនាម​ជា​ពលរដ្ឋ​អាហ្វ្រិក​ភ្ញាក់ឡើង​រាល់​ព្រឹក ឃើញ​មនុស្ស​ឈរ​នៅមុខ​ផ្ទះ​របស់​យើង ពួកគេ​និយាយថា​យើង​ត្រូវតែ​ធ្វើតេស្ត​នេះ​។ ដូច្នេះ​វា​គឺជា​ស្ថានការណ៍​ច្របូកច្របល់​មួយ ពីព្រោះ​គ្នា​យើង​មួយចំនួន​យល់ថា អូ​! ឥឡូវ​ពួកគេ​ចង់​ចាក់​មេរោគ​ចូលខ្លួន​យើង មិនមែន​គ្រាន់តែ​ចង់​ពិនិត្យ​យើង​ទេ​»​។​
​ការភ័យខ្លាច​នេះ​ក៏​បណ្ដាលមកពី​កង្វះ​ការពន្យល់​ពី​សំណាក់​អាជ្ញាធរ​ផងដែរ​។ លោក​Ndayigengesere បាន​និយាយថា​៖ «​គ្មាន​ការផ្ដល់​ព័ត៌មាន ឬ​ការជូនដំណឹង​មុន រឿងនេះ​កើតឡើង​។ វា​ច្របូកច្របល់​មែនទែន​»​។ 
 
​លោក Zhao Lijian អ្នកនាំពាក្យ​ឲ្យ​ក្រសួងការបរទេស​ចិន​បាន​និយាយថា ជនបរទេស​មិនត្រូវ​បានដាក់​ឲ្យ​នៅ​ដោយឡែក សម្រាប់​ការព្យាបាល​ដែលមាន​លក្ខណៈ​រើសអើង ស្រប​ពេលដែល​អជ្ញាធរ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នោះទេ​។​
 
​លោក Zhoa បាន​និយាយ​កាលពីពេល​ថ្មីៗ​នេះ​ថា​៖ «​យើង​នៅតែ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​យ៉ាងខ្លាំង​ពី​ករណី​ឆ្លង​ដែល​នាំ​មកពី​ក្រៅប្រទេស និង​ការកើត​ឡើងវិញ​នៅក្នុង​ស្រុក​។ ជាពិសេស ស្រប​ពេលដែល​មេរោគ​នេះ​កំពុង​រាតត្បាត​ជុំវិញ ពិភពលោក ការឆ្លង​ដែល​ដែល​នាំ​មកពី​ក្រៅប្រទេស​បង្ក​ឲ្យ​មាន​សំពាធ​យ៉ាងខ្លាំង​។ យើង​ចាត់ទុក​ជនបរទេស​ទាំង​អស់​ដូចគ្នា​។  យើង​មិន​ធ្វើការ​រើសអើង ហើយ​យើង​មិន​អត់ឱន​ឲ្យ​ការរើសអើង​ឡើយ​»​។​
 
​ទោះជា​យ៉ាងនេះ​ក្ដី អ្នកតស៊ូ​មតិ​សម្រាប់​ពលរដ្ឋ​អាហ្វ្រិក​បាន​ឲ្យ​ដឹងថា ពួកគេ​ត្រូវបាន​បាន​រឹតត្បិត​សិទ្ធិសេរីភាព​មូលដ្ឋាន​។ លោក Mamane Bashir អ្នកនាំពាក្យ​សមាគម​ជនជាតិ​នី​ហ្សេ​រី​យ៉ា​រស់នៅ​ប្រទេស​ចិន បាន​ឲ្យ​ដឹង​នៅក្នុង​បទសម្ភាសន៍​ជាមួយ VOA សេវា Hasua ៖ «​យើង​មាន​រូបថត មនុស្ស​មួយចំនួន​ត្រូវបាន​ឃុំឃាំង​ក្នុង​អា​ផាត​មិន​របស់​ពួកគេ​ដោយ​គ្មាន​ចំណីអាហារ​។ អ្នក​មិនអាច​ចេញ​ក្រៅ​បានទេ បើសិន​អ្នកជា​ពលរដ្ឋ​អាហ្វ្រិក​»​។ លោក​ថា​៖ «​យើង​ទទួលស្គាល់​ការពិត​ថា គ្រប់គ្នា​គួរតែ​ធ្វើ​តេស​ត្ត ប៉ុន្តែ​បើ​លទ្ធផល​បង្ហាញថា​អវិជ្ជមាន អ្នក​គួរ​ឲ្យ​អាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពីផ្ទះ មិនមែន​បង្ខាំង​ទុក​នោះទេ​»​។​
 
​ទីក្រុង Guangzhou មាន​ពលរដ្ឋ​អាហ្វ្រិក​រស់នៅ​ច្រើន​បំផុត​ក្នុងប្រទេស​ចិន ដែលមាន​ចំនួន​ប្រហាក់ប្រហែល​ចន្លោះ​ពី ១​សែន ទៅ ២​សែន​នាក់​។ កាលពី​ថ្ងៃទី​៧ ខែមេសា អជ្ញាធរ​ចិន​បានប្រកាសថា មាន​ករណី​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ចំនួន ១៦ ករណី​ថ្មី​ក្នុងចំណោម​ពលរដ្ឋ​អាហ្វ្រិក រួមទាំង​នៅក្នុង​តំបន់​មួយ​ដែល​ត្រូវបាន​គេ​ហៅថា «Little Africa»​។ ចាប់ពីពេលនោះ​មក ពលរដ្ឋ​អាហ្វ្រិក​បាន​និយាយថា ពួកគេ​ត្រូវបាន​គេ​រើសអើង​តែម្តង​។​
 
​ជន​អន្តោរ​ប្រវេសន៍​ម្នាក់​មកពី​ប្រទេស​កេ​ន​យ៉ា ដែល​កំពុង​រស់នៅក្នុង​ទីក្រុង Guangzhou បាន​ប្រាប់ VOA ថា​ពីមុន ឃើញ​មាន​ពលរដ្ឋ​អាហ្វ្រិក​ដើរ​តាមផ្លូវ តាម​ធម្មតា ប៉ុន្តែ​ឥឡូវនេះ​ស្ទើរតែ​គ្មាន​អ្នកណា​ហ៊ាន​ដើរ​ចេញពីផ្ទះ​ឡើយ​។​
 
​ជនអន្តោប្រវេសន៍​រូប​នេះ​បាន​ប្រាប់ VOA សេវា Swahili ថា​៖ «​អ្នកនឹង​មិនឃើញ​មាន​ពលរដ្ឋ​អាហ្វ្រិក​នៅតាម​ផ្សារ​ឡើយ​។ អ្នកនឹង​មិនឃើញ​ពលរដ្ឋ​អា​ហ្រិ្វ​ក​នៅតាម​ហាង​ឡើយ​។​
​អ្នកនាង​បន្ថែមថា នាង និង​ពលរដ្ឋ​អាហ្វ្រិក​ផ្សេងទៀត និយាយ​ទៅកាន់​ពិភពលោក​ជា​លក្ខណៈ​អនាមិក ដោយសារតែ​ភ័យខ្លាច​ការសង​សឹង​។ «​អ្នកនឹង​ឃើញតែ​ពលរដ្ឋ​អាហ្វ្រិក​ដើរ​ឆ្លេរ​ឆ្លា​តាមផ្លូវ ព្រោះ​មិនដឹងថា​ត្រូវធ្វើ​អ្វី និង​ដោយសារតែ​គ្មាន​អ្នកណា​ជួយ​ទោះបី​ខំប្រឹង​ស្រែ​ករក​ជំនួយ​យ៉ាងណាក្ដី​»​។​
​ស្ត្រី​ជនជាតិ​កេ​ន​យ៉ា​រូបនេះ បាន​បន្ថែមថា​អ្នកស្នាក់នៅ​ជាមួយ​នាង​ម្នាក់​ត្រូវបាន​ធ្វើតេស្ត​រក​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ហើយ​ត្រូវបាន​អាជ្ញាធរ​នាំខ្លួន​យកទៅ​បាត់​។​
 
​នាង​បាន​និយាយថា​៖ «​បន្ទាប់ពី​ធ្វើតេស្ត​ហើយ ពួកគេ​បាន​នាំខ្លួន​អ្នកស្នាក់នៅ​ជាមួយ​ខ្ញុំ​ទៅ​បាត់​។ ខ្ញុំ​មិនដឹងថា​នាង​នៅទីណា​នោះទេ​។ ខ្ញុំ​មិនដឹង​ពីអ្វី​ដែល​យើង​កំពុង​ឆ្លងកាត់​នោះទេ​។ ស្ថានការណ៍​កាន់តែ​លំបាកទៅៗ​ហើយ​នៅទីនេះ​»៕
 
​ប្រែ​សម្រួល​ដោយ សឿន វ​ឌ្ឍ​នា​
 

© រក្សាសិទ្ធិដោយ thmeythmey.com