កីឡាជាតិ
ជាតិ
កីឡាករ ឡៅ ចិ​ត្រា រងរបួស​បាក់ឆ្អឹង​ម្រាមដៃ ដែល​អាច​អវត្តមាន​លើស​ង្វៀន​មួយរយៈ​ធំ​
27, Apr 2020 , 9:29 pm        
រូបភាព
ដោយ:
​កីឡាករ ឡៅ ចិ​ត្រា បាន​រងរបួស​បាក់ឆ្អឹង​ម្រាមដៃ​ចង្អុល​ខាងឆ្វេង នា​ជំនួប​ដណ្តើម​ប្រាក់​លាន​ពានរង្វាន់​លោក ម៉ា សេរី នៅ​សង្វៀន CNC កាលពី​ចុង​សប្តាហ៍​មុន​។ បញ្ហា​របួស​នេះ អាចធ្វើ​ឲ្យ ចិ​ត្រា អវត្តមាន​ពីស​ង្វៀន​មួយរយៈ​ធំ ដ្បិត​របួស​របស់គេ​មាន​សភាព​ធ្ងន់ធ្ងរ​។​

 
​កីឡាករ ឡៅ ស៊ី​ណាត នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ នេះ បាន​បង្ហោះ​រូបថត​បីសន្លឹក​លើ​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ពី​ស្ថានភាព​របស់​កីឡាករ ឡៅ ចិ​ត្រា ដែលជា​ប្រុស​បង្កើត​របស់ខ្លួន​។ លោក ស៊ី​ណាត បាន​បញ្ជាក់ថា ក្រោយ​ការ​ស្គេ​ន​ពី​គ្រូពេទ្យ​ជំនាញ​លទ្ធផល​បង្ហាញថា ចិ​ត្រា បាន​រងរបួស​បាក់​គល់​ឆ្អឹង​ម្រាមដៃ​ចង្អុល​ខាងឆ្វេង​ស្ទើរ​ដាច់ចេញ​ពីគ្នា​។​
 
​បើតាម​អតីត​កីឡាករ​ឆ្នើម​របស់​កម្ពុជា​រូបនេះ មូលហេតុ​ដែល​ធ្វើ​ឲ្យ​កីឡាករ ឡៅ ចិ​ត្រា រងរបួស​បែបនេះ គឺ​បន្ទាប់ពី​រូបគេ​ដាល់​ចំក្បាល​កីឡាករ មឿ​ន សុខ​ហ៊ុន នា​ការប្រកួត​ដណ្តើមពាន​រង្វាន់​លោក ម៉ា សេរី នៅលើ​សង្វៀន​ប្រដាល់​របស់ CNC កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០​។ 
 
​លោក ស៊ី​ណាត បាន​បញ្ជាក់ថា ចិ​ត្រា បាន​រងរបួស​នេះ​តាំងពី​ទឹក​ទី​១ តែ​រូបគេ​បាន​តស៊ូ​វាយ​រហូត​ចប់​ការប្រកួត​។ ជា​លទ្ធផល​កាលណោះ កីឡាករ មឿ​ន សុខ​ហ៊ុ​ច បាន​យកឈ្នះ​កីឡាករ ឡៅ ចិ​ត្រា ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ សុខ​ហ៊ុ​ច ក្លាយជា​ម្ចាស់​ពាន​លោក ម៉ា សេរី រដូវ​កាល​ទី​៤ អម​ជាមួយ​ថវិកា​លើកទឹកចិត្ត​១​ពាន់​ដុល្លារ​។ 
 
​គ្រូពេទ្យ​មិនបាន​វាយតម្លៃ​លើ​ស្ថានភាព​របួស​របស់​កីឡាករ ឡៅ ចិ​ត្រា ចំពោះ​ពេលវេលា ដែល​ត្រូវ​ចំណាយ​លើ​ការ​សម្រាក​ព្យាបាល​នោះទេ​។ តែបើ​តាម​លោក ឡៅ ស៊ី​ណាត បាន​វាយតម្លៃថា ប្អូនប្រុស​របស់ខ្លួន​អាច​ចំណាយពេល​ជាច្រើន​សប្តាហ៍​ក្នុងការ​សម្រាក​ព្យាបាល​ឲ្យ​ជាសះស្បើយ​៕ 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  ឡៅ ចិ​ត្រា​
  ឡៅ ស៊ី​ណាត
© រក្សាសិទ្ធិដោយ thmeythmey.com