COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
នី​កា​រ៉ា​ហ្គា ចាប់ផ្តើម​ការប្រកួត​ប្រដាល់​ដ៏​ភ្ញាក់ផ្អើល ស្របពេល COVID-19 កំពុង​រាតត្បាត​
29, Apr 2020 , 6:29 am        
រូបភាព
​កីឡា​ប្រដាល់សកល​បានចាប់ផ្តើម​ការប្រកួត​ឡើងវិញ​ដ៏​ភ្ញាក់ផ្អើល​ក្នុងប្រទេស​នី​កា​រ៉ា​ហ្គា​កាលពី​ចុង​សប្តាហ៍​មុន បើ​ទោះ COVID-19 កំពុង​រាតត្បាត​។ ព្រឹត្តិការណ៍​ដែល​រៀបចំ​លើស​ង្វៀន​ដ៏​ចម្រូងចម្រាស​នេះ តម្រូវ​ឲ្យ​កីឡាករ​បាញ់ថ្នាំ​សម្លាប់​មេរោគ ខណៈ​អាជ្ញាកណ្តាល​, Ring Girl និង​អ្នកចូលរួម​សុទ្ធតែ​ពាក់​ម៉ាស់​។​


 
​ស្របពេល​ពិភពលោក​កំពុង​ជួប​វិបត្តិ​ដោយសារ​ជំងឺ COVID-19 ដែល​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​កីឡា​ផ្អាក​កម្មវិធី​ប្រកួត​ស្ទើរ​ទាំងអស់នោះ ស្រាប់តែ​មានការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ចំនួន​៨​ប៉ុស្តិ៍​ស្មើនឹង​៨​សង្វៀន​អំពី​ការប្រកួត​កីឡាប្រដាល់​សកល​ក្នុង​ក្រុង Managua ប្រទេស​នី​កា​រ៉ា​ហ្គា​។​
 
​ភ្នាក់ងារ​កីឡាករ​ប្រដាល់​លោក Rosendo Alvarez ដែលជា​អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ពីរ​សម័យកាល​បាន​ទុក​ការគំរាមកំហែង​នៃ​ជំងឺ​មួយ​ឡែក​សិន ដោយ​លោក​លើកឡើងថា តម្រូវការ​សម្រាប់​កីឡាករ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួកគេ​នៅពេលនេះ​គឺ​លើសពី​ផលប៉ះពាល់​នៃ COVID-19 ទៅទៀត​។​
 
«​នៅទីនេះ​យើង​មិន​ខ្លាច COVID-19 ទេ ហើយក៏​គ្មាន​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពីគ្នា​ដែរ​»​។ លោក Alvarez ដែលមាន​រហស្សនាម​ថា «El Bufalo» និយាយ​ដូច្នេះ​នៅមុន​ព្រឹត្តិការណ៍​ចាប់ផ្តើម​។ លោក​បន្ថែមថា ករណី​ស្លាប់​ចំនួន​៣​នាក់​ដោយសារ COVID-19 នៅ​នី​កា​រ៉ា​ហ្គា​គឺជា​ករណី​នាំចូល ហើយ​គ្មាន​នរណាម្នាក់​នៅក្នុង​ប្រទេស​នេះ​ឆ្លង​នោះទេ​។​
​នី​កា​រ៉ា​ហ្គា​ជា​ប្រទេសមួយ​ស្ថិតនៅ​តំបន់​អាមេរិក​កណ្តាល ដែលមាន​ប្រជាជន​ពេញនិយម​ទស្សនា​កីឡាប្រដាល់​នេះ​។ 
 
​បើទោះជា​បើក​ឲ្យ​មានការ​ប្រកួត​ដោយ​មិន​ខ្លាច​កូ​វី​-១៩​ក្តី ប៉ុន្តែ​អ្នកចូលរួម​ក្នុង​សង្វៀន​សុទ្ធតែ​ត្រូវ​ទទួល​ការត្រួត​ព​និត្យ​ដោយ​ឧបករណ៍​វាស់​កំដៅ បាច់​ថ្នាំ​សម្លាប់​មេរោក លាង​អាល់កុល និង​ពាក់​ម៉ាស់​ជាដើម​។ ទីតាំង​អង្គុយ​ក៏មាន​គម្លាត​ឆ្ងាយ​ពីគ្នា​ផងដែរ​។​
 
​រដ្ឋាភិបាល​នី​កា​រ៉ា​ហ្គា​ក៏បាន​ចេញមក​អះអាង​ដែរ​ថា រហូតមកដល់​ពេលនេះ​ស្ទើរតែ​គ្មាន​ប្រជាពលរដ្ឋ​ខ្លួន​ឆ្លង COVID-19 នេះ​ទេ​។ ក្រសួងសុខាភិបាល​នី​កា​រ៉ា​ហ្គា​បានចេញ​ផ្សាយ​ថា​ករណី​ឆ្លង COVID-19 មាន​ចំនួន ១៣​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ៣​នាក់​។ ប៉ុន្តែ​នៅក្នុង​ប្រទេសជិតខាង​ខ្លួន ឬ​ហៅថា​ប្រទេស​ក្នុង​ប្រព័ន្ធ​សមាហរណកម្ម​អាមេរិក​កណ្តាល មាន​ចំនួន​អ្នក​ឆ្លង​ប្រហែល ១៣០០០​ករណី​ហើយ និង​ប្រហែល ៥០០​នាក់​បាន​ស្លាប់​៕












Tag:
 COVID-19
  នី​កា​រ៉ា​ហ្គា​
  Boxing
© រក្សាសិទ្ធិដោយ thmeythmey.com