​មធ្យោបាយ​ខ្លះ​ដើម្បី​សង្គ្រោះ​ជំនួញ​កុំ​ឲ្យ​ស្លាប់​ក្នុង​បរិបទ​កូ​វីដ​-១៩!
COVID-19
ពីនេះ ពីនោះ / មិនយល់...!
​មធ្យោបាយ​ខ្លះ​ដើម្បី​សង្គ្រោះ​ជំនួញ​កុំ​ឲ្យ​ស្លាប់​ក្នុង​បរិបទ​កូ​វីដ​-១៩!
29, Apr 2020 , 11:46 am        
រូបភាព
ដោយ: ថ្មីៗ
​ចាប់តាំងពី​ការវាយលុក​របស់​មេរោគ​កូ​វីដ​១៩​មក ជំនួញ​(​ក្រុម​ខ្នាត​ហ៊ុន​ធំ មធ្យម និង​តូច​)​មួយចំនួន​បានប្រកាស​បិទទ្វារ​ភ្លាម ជំនួញ​ខ្លះទៀត នៅ​បន្ត​ដង្ហើមចង្រិត​តិចៗ រីឯ​ជំនួញ​ខ្លះទៀត ទោះ​ចំណេញ ឬ​មិន​ចំណេញ ត្រូវតែ​បន្តដំណើរ​ទៅមុខទៀត​។ សំណួរ​ដែល សុធីរ និង​សំណាង លើកឡើង​នៅពេលនេះ គឺថា តើ​មធ្យោបាយ​អ្វីខ្លះ​ដែល​អាចជួយ​សង្គ្រោះ​ជំនួញ​កុំ​ឲ្យ​ដាច់ខ្យល់​បាន​?

 
​សុធីរ​៖ អា សំណាង​! តើ​គេ​ជួយសង្គ្រោះ​ជំនួញ​ដង្ហើមចង្រិត​យ៉ាងដូច​ម្តេចទៅ​?   
 
​សំណាង​៖ មុននឹង​អញ​ឆ្លើយ អញ​ប្រាប់​ឯង​ឲ្យ​ហើយ​ថា អញ​អត់​មានចំណេះដឹង​ផ្នែក​ជំនួញ​ទេ​។ អញ​អត់​មានចំណេះ​(​ចំណេះធ្វើ​)(The know-how)​ផ្នែក​ជំនួញ​ទេ តែ​អញ​គ្រាន់តែ​ដឹង​(To know) ថា គេ​ធ្វើ​ជំនួញ​យ៉ាងម៉េច​! អ៊ីចឹង អ្ហែង​ត្រូវ​យល់​ឲ្យ​ច្បាស់​ថា អញ​អត់​មានចំណេះ​ធ្វើ​ទេ អញ​គ្រាន់តែ​«​ដឹង​»​ទេ​។  
 
សុធីរ​៖ អើបើ​គ្រាន់តែ​ដឹង​ក៏​ល្អ​ដែរ និយាយ​មក​លោក​ព្រះ កុំ​នៅ​និយាយ​រ៉ាយរ៉ាប់​ច្រើនពេក​! តើ​គេ​ជួយសង្គ្រោះ​ជំនួញ​យ៉ាងដូច​ម្តេចទៅ​?   
 
​សំណាង​៖ នៅក្នុង​បរិបទ​កូ​វីដ​១៩​នេះ ក្រុមហ៊ុន​ជាច្រើន​ប្រើប្រាស់​មធ្យោបាយ​ខុសៗ​គ្នា​ដើម្បី​សង្គ្រោះ​ជីវិត​ក្រុមហ៊ុន​កុំ​ឲ្យ​ក្ស័យធន​ភ្លាមៗ​។ ក្រុមហ៊ុន​ខ្លះ ព្យួរ​សកម្មភាព​ស្ទើរ​៩០%​ដោ​យស​រក្សា​សកម្មភាព​ក្រុមហ៊ុន​តែ​១០% ហើយ​ស្របពេល​ជាមួយគ្នា ក្រុមហ៊ុន​កាត់បន្ថយ​ចំនួន​បុគ្គលិក​ស្ទើរ​ទាំងអស់​ដើម្បី​កាត់បន្ថយ​ចំណាយ​ស្ទើរ​ទាំងស្រុង​។ ក្រុមហ៊ុន​ខ្លះទៀត រក្សា​សកម្មភាព​នៅ​ដដែល​ដោយ​ក្រុមហ៊ុន​ជជែក​គ្នា​ជាមួយ​បុគ្គលិក​ឲ្យ​ទទួលយក​ប្រាក់ខែ​តិច​បំផុត​ក្នុង​កម្រិត​អប្បបរមា​ណាមួយ ហើយ​ក្នុង​ពេលនេះ បើ​ក្រុមហ៊ុន​ទទួលបាន​ប្រាក់ចំណូល​ច្រើន ឬ​តិច ក្រុមហ៊ុន​នឹង​បន្ថែម​ប្រាក់ខែ​ជូន​បុគ្គលិក​ទៅតាម​ប្រាក់ចំណូល និង​ចំណេញ​។ ហើយ មធ្យោបាយ​ទី​៣…
 
​សុធីរ​៖ អើ​មធ្យោបាយ​ទី​៣ យ៉ាងម៉េច​ទៅ​? 
 
​សំណាង​៖ ក្នុង​មធ្យោបាយ​ទី​៣​នេះ ក្រុមហ៊ុន​ខ្លះទៀត ជជែក​គ្នា​ជុំវិញ​ការកាត់បន្ថយ​ចំណាយ​លើ​ប្រាក់ខែ​បុគ្គលិក​ទាំងអស់​ក្នុង​កម្រិត​ណាមួយ​សមរ​ម្យ​។ បន្ទាប់មក ក្រុមហ៊ុន​កាត់បន្ថយ​បុគ្គលិក​មិនចាំបាច់​ចោល​។ បុគ្គលិក​មិនចាំបាច់ គឺជា​បុគ្គលិក​ខ្វះ​ផលិតភាព បុគ្គលិក​បង្កបញ្ហា​ក្នុង​ក្រុមហ៊ុន​នាពេល​កន្លងមក​។​ល​។ ហើយ​ចំណុច​ទី​៣​ដែល​ក្រុមហ៊ុន​ធ្វើ​ដែរនោះ គឺ​ច​ចារ​ជាមួយ​ម្ចាស់​ទីតាំង​អាជីវកម្ម​ឲ្យ​បញ្ចុះតម្លៃ​ខ្លះ​។ ដំណោះស្រាយ​នៃ​រូបមន្ត​ទាំងបី​ខាងលើនេះ បើ​គ្រប់ភាគី​ត​ព្រមព្រៀង វា​អាច​អនុញ្ញាត​ឲ្យ​ជំនួញ​បន្តសកម្មភាព​បាន​ខ្លះទៀត តែ​សួរថា តើ​ជីវិត​ជំនួញ​នឹង​ទៅជា​យ៉ាងណា​នាពេល​អនាគត​នោះ គ្មាន​នរណា​អាច​ឆ្លើយបាន​ក្រៅពី​មេរោគ​កូ​វីដ​១៩​ឡើយ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com