COVID-19
អន្តរជាតិ
រយៈពេល​៤​ថ្ងៃ​ជាប់​គ្នា ថៃ​មាន​ករណី​ឆ្លង​COVID-19 ក្រោម ១០​ករណី​
30, Apr 2020 , 4:36 pm        
រូបភាព
រូបភាព៖​ Reuters
រូបភាព៖​ Reuters
​រដ្ឋាភិបាល​ថៃ បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19) ថ្មី​ចំនួន ៧​ករណី​បន្ថែមទៀត​នៅក្នុង​ប្រទេស​។ ជាមួយ​តួលេខ​ថ្ងៃទី​៣០ ខែមេសា​នេះ ថៃ​មាន​ករណី​ឆ្លង​ថ្មី​តិចជាង ១០​ករណី ក្នុង​រយៈពេល ៤​ថ្ងៃ​ជាប់ៗ​គ្នា​។


 
​មួយរយៈ​មុន តួលេខ​ឆ្លង​COVID-19 នៅ​ប្រទេស​ថៃ បាន​កើនឡើង​យ៉ាងគំហុក ដោយ​តួលេខ​ឆ្លង​ខ្ពស់​ជាងគេ​នៅ​ប្រទេស​ថៃ​ក្នុង​មួយថ្ងៃ គឺមាន​ចំនួន ១៨៨​ករណី​។ នៅ​ថ្ងៃ​បន្ទាប់ តួលេខ​អ្នក​ឆ្លង​ថ្មី បាន​ថមថយ​បន្តិច ដោ​យមក​ត្រឹមតែ​ជាង ១០០​ករណី​ប៉ុណ្ណោះ​។ រហូតដល់​ថ្ងៃទី​៣០ ខែមេសា​នេះ តួលេខ​នៅ​ថៃ គឺមាន​ករណី​ឆ្លង​ថ្មី​ត្រឹមតែ ៧​ករណី​ប៉ុណ្ណោះ និង​មិនមាន​អ្នកស្លាប់​។ 
 
​អត្រា​នេះ បានធ្វើ​ឲ្យ​ថៃ​មាន​ករណី​ឆ្លង​ថ្មី ក្រោម ១០​ករណី ក្នុង​រយៈពេល ៤​ថ្ងៃ​ជាប់​គ្នា បើ​គិត​ចាប់តាំងពី​ថ្ងៃទី ២៧ ខែមេសា​កន្លងមក​។ នេះ​បើតាម​តួលេខ​របស់​វែបសាយ Worldometer​។ បើតាម​ការបញ្ជា​ក់ រប​ស់​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍ ​COVID-19 ថៃ (CCSA) លោក Taweesilp Visanuyothin ក្នុងចំណោម ៧​ករណី​ថ្មី​នេះ មាន​៣​ករណី​នាំចូល​មកពី​ម៉ាឡេស៊ី និង​៤​ករណី ឆ្លង​នៅក្នុង​ស្រុក ដោយ​៣​ករណី​នៅ​ភូ​កេ​ត និង​១​ករណី​នៅ​ខេត្ត​Krabi ។ 
 
​តួលេខ COVID-19 សរុប​របស់​ថៃ​មកទល់ពេលនេះ មាន​ចំនួន ២៩៥៤​ករណី អ្នកស្លាប់​ចំនួន ៥៤​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ២៦៨៤​នាក់​។ ចំណែក​អ្នកជំងឺ ដែល​កំពុងតែ​ស្នាក់នៅ​មន្ទីរពេទ្យ​មាន​ចំនួន ២១៦​នាក់​។ 
 
​បើទោះបី​ជាមាន​ករណី​ឆ្លង​ក្នុង​មួយថ្ងៃៗ​តិច​ក៏ពិតមែន ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​បាងកក បានសម្រេចពន្យារពេល​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ ន​រហូតដល់​ចុងខែ​ឧសភា​ខាងមុខ​ឯណោះ ដើម្បី​បង្ការ​ កុំ​ឲ្យ​មាន​ករណី​ឆ្លង​កើនឡើង​ដូច​ពេលកន្លងមក​។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ថៃ ក៏បាន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ដោយ​ផ្នែក​ផងដែរ​។ ក្នុងការ​បន្ធូរបន្ថយ​នេះ រដ្ឋាភិបាល បានអនុញ្ញាត​ឲ្យ​សកម្មភាព និង​ជំនួញ​ចំនួន​៦ អាច​បើក​ដំណើរការ​ឡើងវិញ ដូចជាផ្សារ​, កន្លែង​ញាំ​អាហារ​, កន្លែង​លក់រាយ​, សកម្មភាព​កីឡា និង​កម្សាន្ត​, ហាង​អ៊ុតសក់ កាត់សក់ កន្លែង​កាត់​រោមសត្វ និង សកម្មភាព​ជំនួញ​មួយចំនួន​។ 
 
​ការណែនាំ​នេះ ត្រូវបាន​ធ្វើឡើង​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​COVID-19 ដើម្បី​អនុវត្ត​នៅ​ទូទាំងប្រទេស​។ ប៉ុន្តែ​អភិបាលខេត្ត​នីមួយៗ ក៏​អាច​កែប្រែ​ការណែនាំ​នេះ​បានដែរ ក្នុង​​បំណង​ធ្វើ​ឲ្យ​ស្របទៅនឹង​ស្ថានភាព COVID-19 នៅក្នុង​តំបន់​របស់ខ្លួន​៕ 

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com