COVID-19
អន្តរជាតិ
អ្នកជា​សះស្បើយ​ពី COVID-19 នៅលើ​ពិភពលោក​បាន​កើន​ដល់​ជាង ១​លាន​នាក់​
30, Apr 2020 , 5:59 pm        
រូបភាព
គ្រូពេទ្យបាញ់ថ្នាំសម្លាប់មេរោគលើគ្រែក្នុងមន្ទីរពេទ្យមួយនៅចិន។ រូបភាព Xinhua
គ្រូពេទ្យបាញ់ថ្នាំសម្លាប់មេរោគលើគ្រែក្នុងមន្ទីរពេទ្យមួយនៅចិន។ រូបភាព Xinhua
​ចំនួន​អ្នកជា​សះស្បើយ​ពី​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) បាន​កើន​ដល់​ជាង ១​លាន​នាក់ ក្នុងចំណោម​ករណី​ឆ្លង​សរុប​លើស ៣​លាន​ករណី​។ នេះ​បើតាម​តួលេខ​របស់​វែបសាយ Worldometer គិត​ត្រឹម​រសៀល​ថ្ងៃទី​៣០ ខែមេសា​។


 
​ចាប់តាំងពី​ផ្ទុះ​ករណី​ដំបូង​នៅក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន នា​ចុងឆ្នាំ​២០១៩ មកទល់ពេលនេះ COVID-19 បាន​រីក​សាយភាយ​ទៅ​ប្រទេស និង​តំបន់​លើស ២១០ និង​ករណី​ឆ្លង​សរុប​ចំនួន ៣២២២៣១៥​ករណី​។ បើទោះបី​ជាមាន​ករណី​ឆ្លង​សរុប​ច្រើន​ក៏ដោយ អ្នកជា​សះស្បើយ​ពី​ជំងឺឆ្លង​សកល​មួយ​នេះ ក៏មាន​ចំនួន​ខ្ពស់​គួរសម​ដែរ ដោយមាន​រហូតដល់ ១០០៥៤៤០​ករណី​ឯណោះ​។ ចំនួន​អ្នកជា​សះស្បើយ​ដ៏​ច្រើន​បែបនេះ គឺ​កើតចេញពី​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​ប្រទេស​នីមួយៗ បាន​ចាត់វិធានការ​គ្រប់បែបយ៉ាង ក៏ដូចជា​កិច្ចខិតខំ​របស់​ក្រុមគ្រូពេទ្យ ក្នុងការ​ព្យាបាល​អ្នកជំងឺ​។ 
 
​ក្នុងចំណោម​ប្រទេស​មាន​ករណី COVID-19 ច្រើនជាងគេ អាមេរិក មាន​ចំនួន​អ្នកជា​សះស្បើយ​ជាង ១៤​ម៉ឺន​នាក់​, អេ​ស្ប៉ា​ញ​មាន​ជាង ១៣​ម៉ឺន​នាក់​, អ៊ីតាលី​មាន​លើសពី ៧​ម៉ឺន​នាក់​, បារាំង​មាន​ជិត ៥​ម៉ឺន​នាក់​, អាល្លឺម៉ង់​មាន​ចំនួន​ជាង ១២​ម៉ឺន​នាក់​, តួ​ក​គី​មាន​ជាង ៤​ម៉ឺន​នាក់​, រុស្ស៊ី​មាន​ជាង ១​ម៉ឺន​នាក់​, អ៊ីរ៉ង់​មាន​ចំនួន​ជាង ៧​ម៉ឺន​នាក់ និង​ចិន​មាន​ចំនួន​ជិត ៨​ម៉ឺន​នាក់​។ អង់គ្លេស​ដែលមាន​ករណី​ឆ្លង​ច្រើន មិនមាន​ទិន្នន័យ​អ្នក​សះស្បើយ​ឡើយ​។ 
 
​ដោយឡែក​នៅក្នុង​តំបន់​អាស៊ាន​វិញ ដោយ​គិត​ចាប់ពី​ប្រទេស ដែលមាន​ករណី COVID-19 សរុប​ច្រើនជាងគេ ចុះមក​តិច ក្នុងនោះ​ដូចជា សិង្ហ​បុរី​មាន​អ្នកជា​សះស្បើយ​ចំនួន ១១៨៨​នាក់ ក្នុងករណី​សរុប ១៦១៦៩​ករណី​, ឥណ្ឌូណេស៊ី​មាន ១៥២២​នាក់​ក្នុង​១០១១៨​ករណី​, ហ្វីលីពីន​មាន ១០៤៣​នាក់​ក្នុងចំណោម​៨៤៨៨​ករណី​, ម៉ាឡេស៊ី​មាន​ចំនួន ៤១៧១​នាក់​ក្នុងចំណោម ៦០០២​ករណី​, ថៃ​មាន​អ្នកជា​សះស្បើយ ២៦៨៤​នាក់​ក្នុងចំណោម ២៩៥៤​ករណី 
 
​ចំណែក​វៀតណាម​មាន​២២២​នាក់​ក្នុងចំណោម ២៧០​ករណី​, មី​យ៉ាន់​ម៉ា​មាន ២៧​នាក់ ក្នុងចំណោម ១៥០​ករណី​, ព្រុយ​ណេ​មាន​១២៤​នាក់​ក្នុងចំណោម ១៣៨​ករណី​, កម្ពុ​ជាមាន​ចំនួន ១១៩​នាក់​ក្នុងចំណោម ១២២​ករណី​, ឡាវ​មាន ៧​នាក់​ក្នុងចំណោម ១៩​ករណី​។ 
 
​សូមបញ្ជាក់ថា ក្រៅពី​ចំនួន អ្នកជា​សះស្បើយ​នៅតាម​បណ្តា​ប្រទេស​ខាងលើ នៅមាន​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត ក៏បាន​ព្យាបាល​អ្នកជំងឺ​ឲ្យ​ជាសះស្បើយ​ក្នុង​ចំនួន​ច្រើន​ផងដែរ​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com