COVID-19
កីឡាជាតិ
ជាតិ
បើក ឬ​បន្ត​ផ្អាក​លី​គ​កំពូល​កម្ពុជា នឹង​ដឹង​លទ្ធផល​នៅ​ដើម​សប្តាហ៍​ក្រោយ​
01, May 2020 , 8:59 am        
រូបភាព
ដោយ:
​ក្រោយ​ផ្អាក​ការប្រកួត​អស់​រយៈពេល​ជាង​១​ខែ​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ នឹង​ដឹង​លទ្ធផល​បើក​ឡើងវិញ ឬ​បន្ត​ផ្អាក​នៅ​សប្តាហ៍​ក្រោយនេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

 
​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បញ្ជាក់ថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ ដើម្បី​ពិភាក្សា​ពាក់ព័ន្ធ​ការប្រកួត​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ដែល​បាន​ផ្អាក​ការប្រកួត​អស់​រយៈពេល​ជាង​១​ខែ​។ កិច្ចប្រជុំ​នេះ នឹង​ជជែក​គ្នា​លើ​បញ្ហា​បើក ឬ​បន្ត​ផ្អាក​ការប្រកួត​ពានរង្វាន់​ទាំងពីរ និង​គម្រោង​រៀបចំ​ការប្រកួត​ពានរ​ង្វាន់​បន្ថែម​ផ្សេងៗ​ទៀត​។ 
 
​អគ្គលេខាធិការ​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​មិនទាន់បាន​ពិភាក្សាគ្នា​ពី​បញ្ហា​បើក​ការប្រកួត​ពានរង្វាន់​លី​គ​ឡើងវិញ​នៅឡើយ​ទេ តែ​យើង​នឹង​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ បន្ទាប់ពី​មានការ​ស្នើសុំ​ពី​ខាង​អគ្គលេខាធិការដ្ឋាន និង​សំណូមពរ​ពី​ខាង​ក្លិប ដែល​បានស្នើ​មក​សហព័ន្ធ​»​។​
 
​អាចមាន​ភាគរយ​ខ្ពស់​ក្នុង​ការបើក​ការប្រកួត​លី​គ​កំពូល​ឡើងវិញ ដ្បិត​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុ​ជាមាន​ភាព​ធូរស្បើយ ហើយ​ក្នុង​រយៈពេល​១៨​ថ្ងៃ​ចុង​ក្រោយនេះ​កម្ពុជា​គ្មាន​អ្នកជំងឺ​កូ​វីដ​-១៩​ថ្មី​នោះទេ​។ បច្ចុប្បន្ន​កម្ពុជា​នៅសល់​អ្នកជំងឺ​កូ​វីដ​-១៩ តែ​៣​នាក់​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល ខណៈ​អ្នកជំងឺ​១១៩​នាក់​បាន​ព្យាបាល​ជាសះស្បើយ​ក្នុងចំណោម​អ្នកជំងឺ​សរុប​១២២​នាក់​។ 
 
​ជាង​៤០​ថ្ងៃ​ហើយ ដែល​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច ហ៊ុន សែន បាន​ផ្អាក​ការប្រកួត​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ ពោលគឺ​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​សម្រេច​ផ្អាក​ការប្រកួត​ទាំងពីរ​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​និង​បង្ការ​ការរីក​រាលដាល​នៃ​មេរោគ​បង្ក​ជា​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​នេះ​៕ 

Tag:
 ​បាល់ទាត់​
  កែវ សារ៉េត​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com