COVID-19
អន្តរជាតិ
ប្រេស៊ីល ជាប្រទេសទី១០ មាន COVID-19 ច្រើនជាងចិន រូបភាព៖ AFP
× គិតមកត្រឹមព្រឹកថ្ងៃទី៣០ ខែមេសា ប្រេស៊ីលក្លាយជាប្រទេសទី១០ ដែលមានជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ច្រើនជាងប្រទេសចិន។ តួលេខចុងក្រោយនេះ ប្រេស៊ីលបានកើនឡើងដល់ជាង ៨,៧ម៉ឺនករណី ដោយលើសចិនប្រមាណជិត ៥ពាន់ករណី។
ប្រេស៊ីល គឺជាប្រទេសទី១ ដែលមានCOVID-19 ច្រើនជាងគេនៅក្នុងតំបន់អាមេរិកខាងត្បូង និងក្លាយជាប្រទេសស្ថិតនៅក្នុងលំដាប់ទី១០ ដែលមានជំងឺរលាកសួតប្រភេទថ្មីច្រើនជាងគេនៅលើពិភពលោក និងច្រើនជាងចិន ដែលជាប្រទេសផ្ទុះ COVID-19 ដំបូងទៅទៀត។
តួលេខសរុបកូរ៉ូណាវីរុសរបស់ប្រេស៊ីលនៅពេលនេះមានចំនួន ៨៧១៨៧ករណី អ្នកស្លាប់មានចំនួន ៦០០៦នាក់ និងអ្នកជាសះស្បើយមានចំនួន ៣៥៩៣៥ករណី។ តួលេខឆ្លងសរុបរបស់ប្រេស៊ីលនេះ គឺលើសចិនរហូតដល់ជិត ៥ពាន់ករណីឯណោះ ដោយចិនមានចំនួន ៨២៨៧៤ករណីនៅទូទាំងប្រទេស។ មួយរយៈចុងក្រោយនេះ ប្រេស៊ីលមានករណីឆ្លងច្រើនណាស់ក្នុងមួយថ្ងៃៗ។ បើគិតពីថ្ងៃទី២៨ មកដល់ថ្ងៃទី៣០ ខែមេសា ប្រេស៊ីលមានករណីឆ្លងលើសពី ៦ពាន់ករណីរាល់ថ្ងៃ។ នេះបើតាមតួលេខរបស់វេបសាយ Worldometer។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីសុខាភិបាលប្រេស៊ីល លោក Edmar Santos នាថ្ងៃទី៣០ ខែមេសា បានលើកឡើងថា ដើម្បីទប់ស្កាត់ COVID-19 ប្រស៊ីលត្រូវមានចំណាត់ការមួយចំនួន ដូចជាវិធីសាស្ត្ររបស់ចិនដែររួមមានការបិទក្រុង ឬប្រទេសជាដើម។ ការលើកឡើងមន្ត្រីរូបនេះ ធ្វើឡើង ស្របពេលលោកប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ មិនចង់ឲ្យមានវិធានការបិទក្រុង ឬប្រទេសឡើយ ព្រោះបណ្តាលឲ្យសេដ្ឋកិច្ចជួបវិបត្តិ និងប្រជាពលរដ្ឋបាត់បង់ការងារធ្វើកាន់តែមានចំនួនច្រើន។
បើតាមលោកមន្ត្រីដដែល ប្រេស៊ីលអាចប្រឈមនឹងបញ្ហាដូចនៅអាមេរិក អ៊ីតាលី និងអេស្ប៉ាញជាដើម ព្រោះដោយសារអត្រាអ្នកឆ្លង មានការកើនឡើងរាល់ថ្ងៃ បើគិតចាប់តាំងពីរកឃើញ COVID-19 នៅក្នុងប្រទេសមក។
សូមបញ្ជាក់ថា កន្លងមកលោកប្រធានាធិបតីប្រេស៊ីល បានបណ្តេញរដ្ឋមន្ត្រីសុខាភិបាលមួយរូបចេញពីតំណែងម្តងហើយ ដោយសារទាស់គ្នាជុំវិញបញ្ហា COVID-19។ ការដកតំណែករដ្ឋមន្ត្រីសុខាភិបាលបែបនេះ ធ្វើឡើងបន្ទាប់ពីលោក បុលសូណារ៉ូ មិនពេញចិត្តពីវិធានការរក្សាគម្លាតសុវត្ថិភាព(Social Distancing) របស់លោករដ្ឋមន្ត្រី ដែលបានអនុវត្តកន្លងមក៕
Tag:
ប្រេស៊ីល
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com