COVID-19
អន្តរជាតិ
កម្មករ​កាត់ដេរ​បង់​ក្លា​ដែ​ស​២​លាន​នាក់ រង​ផលប៉ះពាល់​ដោយសារ COVID-19
01, May 2020 , 10:59 pm        
រូបភាព
ប្រភពរូប៖AFP
ប្រភពរូប៖AFP
ដោយ:
​ជំងឺ​រាតត្បាត​សាកល COVID-19 កំពុង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​កម្មករ​រោងចក្រ​កាត់ដេរ​បង់​ក្លា​ដែ​ស​រាប់លាន​នាក់ ខណៈ​ម្ចាស់​ម៉ាក​ផលិត​ផលិត​អន្តរជាតិ​ល្បីៗ​បានសម្រេច​លុបចោល​កា​រ​បញ្ជា​ទិញ​តម្លៃ ៣,១៨​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស​បង់​ក្លា​ដែ​ស​នៅ​ថ្ងៃទី​៣០ ខែមេសា​។​

 
​ប្រទេស បង់​ក្លា​ដែ​ស ក៏បាន​លើកឡើង​ពី​បញ្ហា​លុបចោល​ការបញ្ជាទិញ​ពី​សំណាក់​ក្រុមហ៊ុន​អន្តរជាតិ ប៉ុន្មាន​ថ្ងៃក្រោយ​រោងចក្រ​កាត់ដេរ​រាប់ពាន់​ទីតាំង​ក្នុងប្រទេស​នេះ​បាន​ផ្ដើម​បើក​ប្រតិបត្តិការ​ឡើងវិញ ទោះ​រង​ការព្រមាន​ពី​អ្នកជំនាញ​ថា​អាច​ផ្ទុះ​ករណី​ឆ្លង COVID-19 ថ្មី​។ 
 
​រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែ​ស លោក AK Abdul Momen បានលើកឡើង​ទាក់ទង​ពី​បញ្ហា​នេះ​កាលពី​ថ្ងៃទី​២៩ ខែមេសា ខណៈ​រដ្ឋមន្ត្រី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​ពាណិជ្ជកម្ម​បរទេស​នៃ​ប្រទេស​ហូ​ឡង់ Sigrid Kaag បាន​ហៅ​ទូរ​សព្ទ​មក​លោក​ដើម្បី​ជជែក​ពិភាក្សា​ពាក់ព័ន្ធ​ផលប៉ះពាល់​បង្កឡើង​ដោយ​COVID-19 និង​រក​ផ្លូវ​ដោះស្រាយ​នាពេលខាងមុខ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​បង់​ក្លា​ដែ​ស Md Tohidul Islam នៅ​ថ្ងៃទី​៣០ ខែមេសា ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។​
 
«​ការបញ្ជាទិញ​តម្លៃ​ប្រមាណ ៣,១៨​ពាន់​លាន​ដុល្លារ ត្រូវបាន​លុបចោល ឬ​ផ្អាក​បណ្ដោះអាសន្ន​ដោយ​ក្រុមហ៊ុន​អន្តរជាតិ ដែល​ប៉ះពាល់​ដល់​រោងចក្រ​១១៥០​ទីតាំង និង​កម្មករ​២,២៨​លាន​នាក់​»​។ លោក​រដ្ឋមន្ត្រី Momen លើកឡើង​បែបនេះ​អំឡុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​រដ្ឋមន្ត្រី​ហូ​ឡង់​។ បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​បង់​ក្លា​ដែ​ស លោក Momen បានស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ហូ​ឡង់​កុំ​លុបចោល ឬ​ផ្អាក​ការបញ្ជាទិញ​ពួកគេ​ពី​បណ្ដា​រោងចក្រ​កាត់ដេរ​របស់​ប្រទេស​បង់​ក្លា​ដែ​ស​។​
 
​ដោយ​ត្រៀម​ប្រឈម​នឹង​ជំងឺ​រាតត្បាត​សាកល COVID-19 រោងចក្រ​កាត់ដេរ ២០០០​ទីតាំង​ក្នុង​ខ្សែក្រវាត់​ឧស្សាហកម្ម​ព័ទ្ធជុំវិញ​ក្រុង ដា​ក្កា និង​ទីកន្លែង​ផ្សេងទៀត​ក្នុងប្រទេស​បង់​ក្លា​ដែ​ស បាន​ផ្ដើម​ប្រតិបត្តិការ​ឡើងវិញ​ជា​បណ្ដើរៗ គិត​ចាប់តាំងពី​ការបិទ​ប្រទេស​ត្រូវ​បន្ធូរបន្ថយ​កាលពី​ចុង​សប្តាហ៍​មុន​។ ក្នុងចំណោម​រោងចក្រ​សរុប​របស់​ប្រទេស​នេះ​ទាំង​៧៦០២​ទីតាំង រោងចក្រ​ប្រមាណ​២៣៥៦​ទីតាំង​ត្រូវបាន​រាយការណ៍​ចាប់ផ្ដើម​បើក​ដំណើរ​ឡើងវិញ​គិត​ត្រឹម​ថ្ងៃទី​២៩ ខែមេសា​។​
 
​វិស័យ​កាត់ដេរ មាន​ទំហំ​ស្មើនឹង​៨០​ភាគរយ​នៃ​ការនាំចេញ​៤០​ពាន់​លាន​ដុល្លារ​ប្រចាំឆ្នាំ​របស់​ប្រទេស​បង់​ក្លា​ដែ​ស ហើយ​វិស័យនេះ​ផ្ដល់​ការងារ​ឲ្យ​កម្មករ​ជាង​៤​លាន​នាក់ ក្នុងនោះ​មាន​ស្ត្រី​៨០​ភាគរយ​។ យោងតាម​បទបញ្ជា​ចុងក្រោយ​របស់​រដ្ឋាភិបាល រោងចក្រ​កាត់ដេរ អាច​បើក​ដំណើរការ​ទៅបាន ក៏ប៉ុន្តែ​គួរ​ធានា​សុវត្ថិ​ភាពជា​ចម្បង​សម្រាប់​បុគ្គលិក និង​កម្មករ​ពួកគេ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៣០ ខែមេសា ប្រទេស​បង់​ក្លា​ដែ​ស មាន​ករណី​ឆ្លង​សរុប ៧៦៦៧​ករណី ខណៈ​អ្នកស្លាប់​ដោយសារ​COVID-19 មាន​រហូតដល់​១៦៨​នាក់​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ដែល​ដកស្រង់​របាយការណ៍​របស់​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​៕ 

Tag:
 បង់​ក្លា​ដែ​ស​
  ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com