COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ខកចិត្ត​ដែល​អភិបាលក្រុង​លី​វើ​ភូ​ល ចង់​ឲ្យ​រំសាយ​លី​គ​រដូវ​កាល​នេះ​
01, May 2020 , 5:15 pm        
រូបភាព
​ក្លិប Liverpool បានបង្ហាញ​ការខកចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​អភិបាលក្រុង​លី​វើ​ភូ​ល​និយាយថា Premier League រដូវ​កាល​នេះ​មិនគួរ​ចាប់ផ្តើម​ឡើងវិញ​ទេ បើទោះបីជា​មានការ​ប្រកួត​បិទទ្វារ​ក៏ដោយ​។ លោក​អភិបាលក្រុង​បាន​សង្កត់ធ្ងន់ថា ហានិភ័យ​នៃ​ការឆ្លង COVID-19 នឹង​កាន់​តែមាន​ខ្ពស់ ដ្បិត​អ្នកគាំទ្រ​នឹង​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​កីឡដ្ឋាន Anfield អំឡុងពេល​ប្រកួត​។​


 
​ក្រុម​រហស្សនាម​ហង្ស​ក្រហម​មាន​ពិន្ទុ​នាំមុខគេ​ដាច់​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស ដោយ​លើស​ក្រុម​លេខ​ពីរ Manchester City ដល់​ទៅ​២៥​ពិន្ទុ ក្រោយ​ឆ្លងកាត់​ការប្រកួត​២៩​លើក​រួចមក​។ ក្នុងចំណោម​៩​ប្រកួត​ដែល​នៅសល់​ដើម្បី​បញ្ចប់​រដូវ​កាល ២០១៩-២០​នេះ Liverpool ត្រូវការ​ឈ្នះ​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន​លី​គ​កំពូល​នេះ​តែម្តង ក្រោយ​អាក់ខាន​ឈ្នះ​៣០​ឆ្នាំ​មកហើយ​នោះ​។​
 
​បន្ទាប់ពី​ការប្រកាស​ផ្អាក​ការប្រកួត​បណ្តោះអាសន្ន​តាំងពី​ថ្ងៃទី​១៣ ខែមីនា​ដោយសារ​វិបត្តិ COVID-19 មក នៅពេលនេះ​ក្លិប​នៅ Premier League ទាំងអស់​គ្រោង​នឹង​ជួបគ្នា​នៅ​ថ្ងៃទី​១ ខែឧសភា​នេះ​ដើម្បី​ពិភាក្សាគ្នា​ពី​វិធីសាស្ត្រ​ក្នុងការ​បញ្ចប់​រដូវ​កាល ហើយ​ក៏មាន​ក្រុមខ្លះ​បាន​បើក​ការហ្វឹកហាត់​រួចហើយ​ដែរ​។​
 
​លោក Joe Anderson អភិបាលក្រុង Liverpool នៅ​ថ្ងៃទី​៣០ ខែមេសា​បាន​ប្រាប់ BBC ថា​សុខភាព និង​សុវត្ថិភាព​គឺជា​ចំនុច​សំខាន់ ហើយ​អ្វីដែល​ល្អ​បំផុត​នោះ​គឺ​ត្រូវ​ប្រកាស​បញ្ចប់​រដូវ​កាល​នេះ ដោយ​ប្រគល់​ពាន​ទៅ​ឲ្យ Liverpool ក្នុងនាម​ក្រុម​ដែល​សមជា​ជើងឯក​លី​គ​កំពូល​អង់គ្លេស​។​
 
​លោក Anderson ដែលជា​អ្នកគាំទ្រ​ក្រុម Everton នោះ​លើកឡើងថា​៖ «​ទោះបីជា​ការប្រកួត​ត្រូវ​បិទទ្វារ​ក៏ដោយ ក៏​នឹងមាន​មនុស្ស​រាប់ពាន់នាក់​ប្រមូលផ្តុំ​គ្នា​នៅក្រៅ​កីឡដ្ឋាន Anfield ដែរ​។ មិនមាន​មនុស្ស​ច្រើន​ទេ​ដែល​នឹង​គោរព​អ្វីដែល​យើង​បាន​ហាម​ដោយ​ឲ្យ​នៅ​ឆ្ងាយ​កីឡដ្ឋាន ឬ​គម្លាត​សុ​វត្តិភាព​នោះ​។ ពួកគេ​នឹង​មក​អបអរ​មិន​ខាន ដូច្នេះ​ខ្ញុំ​គិតថា​វា​មិនគួរ​ឲ្យ​មានការ​ចាប់ផ្តើម​ទេ​»​។​
 
​ជុំវិញ​ការលើកឡើង​របស់លោក Anderson បែបនេះ ខាង​ភាគី​ក្លិប Liverpool បាន​ឆ្លើយតប​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ​ថាស​ម្តី​របស់​អភិបាលក្រុង Liverpoo រូបនេះ​គឺ «​ខ្វះ​ភស្តុតាង​ដើម្បី​គាំទ្រ​ការអះអាង​បែបនេះ​»​។​
 
​ក្លិប​បន្ថែមទៀតថា​៖«​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ យើង​បាន​ភ្ជាប់​ទំនាក់​ទំនងជា​មួយក្រុម​អ្នកគាំទ្រ​ដែល​ពួកគេ​បាន​ជូនដំណឹង​ដល់​ពួកយើង​អំពី​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ក្នុង​ការគោរព​វិធានការ​គម្លាត​សុ​វត្តិភាព​។ បើសិន​លី​គ​កីឡាបាល់ទាត់​ក្នុងស្រុក​ប្រកាស​បន្តដំណើរ​ការឡើង​វិញ​នោះ យើង​នឹង​ធ្វើការ​ជាមួយ​ពួកគេ និង​អ្នកពាក់ព័ន្ធ​សំខាន់ៗ​ដទៃទៀត​ក្នុងការ​រក្សា​សណ្តាប់ធ្នាប់ ឬ​គម្លាត​សុ​វត្តិភាព​ដើម្បី​សម្រេច​គោលបំណង [​លើក​ពាន​] សំខាន់​នេះ​»​។​
 
​លោក Mark Roberts ដែលជា​អ្នកដឹកនាំ​ក្រុម​ប៉ូលីស​កីឡាបាល់ទាត់​បាន​អះអាង​ដែរ​ថា ក្រុម​ប៉ូលីស​ចង់​ឲ្យ​មានការ​លុបចោល​រដូវ​កាលដែល​នៅ​សេសសល់​តែម្តង​ប្រសិនបើ​អ្នកគាំទ្រ​មិន​គោរព​គោលការណ៍​ណែនាំ​ពី​ការ​ឃ្លាត​សុ​វត្តិភាព​នៅពេល​ការប្រកួត​ត្រឡប់មកវិញ​៕



Tag:
 Liverpool
  COVID-19
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com