អភិបាលស្រុក​បន្ទាយស្រី រំពឹងថា​«​ស្រែ​សង្គម​»​នឹង​អាច​ដោះស្រាយ​បញ្ហា​បន្ទាន់​ក្នុងអំឡុង​កូ​វីដ​-១៩
COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អភិបាលស្រុក​បន្ទាយស្រី រំពឹងថា​«​ស្រែ​សង្គម​»​នឹង​អាច​ដោះស្រាយ​បញ្ហា​បន្ទាន់​ក្នុងអំឡុង​កូ​វីដ​-១៩
02, May 2020 , 8:59 pm        
រូបភាព
​សៀមរាប​៖ ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​ក្នុង​មូលដ្ឋាន​របស់ខ្លួន អភិបាលស្រុក​បន្ទាយស្រី បាន​បង្កើត​គម្រោង «​ស្រែ​សង្គម​» ក្នុងន័យ​ជួយ​សម្រាល​បន្ទុក​ដល់​ជន​ខ្វះខាត ពិសេស​ពលរដ្ឋ​ដែល​ប៉ះពាល់​ខ្លាំង​ខណៈដែល​កំពុង​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ ស្រែ​សង្គម គឺ​រដ្ឋ​បាន​ជួល​ដីស្រែ​ពី​ប្រជាពលរដ្ឋ ដើម្បី​ធ្វើស្រែ​យក​ទិន្នផល ចែកជូន​ពលរដ្ឋ​ដែល​ខ្វះខាត​។

 
​តើ​ស្រែ​សង្គម មាន​អត្ថន័យ​បែបណា ហើយ​ថា​តើ​គម្រោង​នេះ​អាចជួយ​ដល់​ជនក្រីក្រ​ក្នុងស្រុក​បន្ទាយស្រី​ដោយ​វិធី​ណាខ្លះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖
 
 
​គម្រោង​ស្រែ​សង្គម ជាការ​ផ្តួចផ្តើមឡើង ដោយ​រដ្ឋបាល​ស្រុក​បន្ទាយស្រី​។ ប្រជាពលរដ្ឋ​ជិត​៤០​គ្រួសារ បានសម្រេច​ជួល​ដីស្រែ​ពួកគេ ទៅ​រដ្ឋបាល​ស្រុក ក្នុងការ​ធ្វើស្រែ​សង្គម​នេះ ហើយ​ពួកគេ​នឹង​ទទួលបាន​ទិន្នផល​មួយផ្នែក ដោយ​មិនបាច់​ចំណាយ​អ្វី​ទាំងអស់​។ 
 
​អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់ ឱ្យដឹងថា គម្រោង​នេះ​ធ្វើឡើង ដើម្បី​យក​ទិន្នផល​ស្រូវ​ដែល​បាន​ទៅ​ចែក​ដល់​ពលរដ្ឋ​ដែល​ខ្វះខាត ឬ​ទីទ័លក្រ​ក្នុងស្រុក​ទាំងមូល​។ លោក​ពន្យល់ថា គម្រោង​នេះ គឺ​ផ្តោត​សំខាន់​លើ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ដូចជា​ជន​ចាស់ជរា ជនពិការ ឬ​ជនរងគ្រោះ ក្នុង​កាលៈទេសៈ​ជំងឺ​កូ​វីដ​-១៩​នេះ​។ លោក​បន្ថែមថា​៖«...​ពលរដ្ឋ​ក្នុងស្រុក ពិបាក​រក​ការងារ​ធ្វើ មាន​ខ្លះទៀត បន្ថែម​សមាជិក​ទើប​មកពី​ថៃ ក្រៅ​ស្រុក​។ ខ្លះ​ធ្លាប់មាន​កូនចៅ​មានការ​ងារ​ធ្វើ ឥឡូវ​ត្រឡប់​ចូល​មូលដ្ឋាន​វិញ​។ ដូច្នេះ​ពួកគាត់​ទាំងនោះ ប្រឈម​ការខ្វះខាត​ស្បៀង​។ ការងារ​នេះ ជាការ​កៀងគរ​ធនធាន​មួយចំនួន ដើម្បី​ផលិត​ជា​អង្ករ ហើយ​យកទៅ​ចែក​ក្នុង​វិធី​ណាមួយ ជូន​ជាជាង​ការធ្វើ​អំណោយ​»​។​
 
​បច្ចុប្បន្ន មាន​កសិករ​ចំនួន​៣៩​គ្រួសារ ដែល​ព្រម​ផ្តល់​ដីស្រែ​ឱ្យ​រដ្ឋបាល​ស្រុក​បន្ទាយស្រី យក​អនុវត្តន៍​គម្រោង​ស្រែ​សង្គម​។ លោក​អភិបាលស្រុក​ពន្យល់ថា ពលរដ្ឋ​ដែល​ផ្តល់​ស្រែ​ឱ្យ​ក្នុង​គម្រោង​នេះ នឹង​ទទួលបាន​ស្រូវ​ចំនួន​៤០០​គីឡូក្រាម ក្នុង​មួយ​ហិកតា ដោយ​ពុំមាន​ការចំណាយ​អ្វី​ទាំងអស់​។ បរិមាណ​នេះ គឺ​វា​មាន​ភាព​សមាមាត្រ​គ្នា ទៅនឹង​ផល​ស្រូវ​ដែល​ពួកគាត់​ធ្លាប់ធ្វើ​កន្លងមក​ដែរ​។ ណាមួយ​ក្នុង​រដូវ​នេះ ស្រែ​ទាំងនោះ​ត្រូវបាន​ទុកចោល គឺ​កសិករ​ធ្វើ​តែ​ក្នុង​រដូវភ្លៀង​តែប៉ុណ្ណោះ​។ រដ្ឋបាល​ស្រុក​បន្ទាយស្រី នឹង​ពិចារណា​ពង្រីក​ផ្ទៃដី​បន្ថែមទៀត ដែល​បច្ចុប្បន្ន​មាន​ត្រឹម​ប្រមាណ​៤០​ហិកតា​។​


 
​ការជ្រើសរើស​ភូមិសាស្ដ្រ​ឃុំ​ព្រះ​ដាក់ សម្រាប់​អនុវត្តន៍​គម្រោង ស្រែ​សង្គម ត្រូវបាន​លោក ឃឹម ហ្វី​ណង់ ពន្យល់ថា ដោយសារ​ភូមិសាស្ដ្រ​នេះ មាន​ប្រព័ន្ធ​ទឹក​ស្រាប់ ដែលមាន​ប្រភពពី​ទំនប់​តា​នាវ ជើងភ្នំ​បូក​។ ជាងនេះទៅទៀត ទីតាំង​ស្ថិតនៅ​បាត​បារាយណ៍​ចាស់ ដែល​ដី​មាន​ជីជាតិ​ល្អ ស័ក្ដិសម​ធ្វើ​ក្នុង​រដូវ​ខ្សត់​ភ្លៀង​។ 
 
​បច្ចុប្បន្ន គម្រោង​ស្រែ​សង្គម កំពុង​ចាប់ផ្តើម​អនុវត្តន៍​ក្នុងដំណាក់កាល​ទី​១ ដោយ​រំពឹងថា អាច​ព្រោះ​គ្រាប់ស្រូវ​នៅ​ដើមខែ​ឧសភា ហើយនឹង​ទទួលបាន​ផល​នៅក្នុង​ខែសីហា​។ រដ្ឋបាល​ស្រុក​បន្ទាយស្រី បានជ្រើសរើស​ប្រភេទ​ស្រូវស្រាល គឺមាន​រយៈពេល​ប្រមាណ​១០០​ថ្ងៃ និង​អនុវត្តន៍​បាន​២​ជុំ ក្នុង​ឆ្នាំ ២០២០​នេះ​។ 
 
​នៅពេល​សួរថា​តើ គម្រោង​អាចមាន​និរន្តរភាព ដល់​ពេលណា​? លោក ឃឹម ហ្វី​ណង់ ឆ្លើយថា លោក​បង្កើត​គម្រោង​នេះ​ឡើ ង​ចំពោះ​ដំណោះស្រាយ​ភ្លាមៗ​តែប៉ុណ្ណោះ ដូច​ពេល​មាន​ជំងឺ​កូ​វីដ​-១៩​នេះ​ជាដើម​។ តែ​យ៉ាងណា លោក​អភិបាល​វ័យក្មេង​រូបនេះ បង្ហើប​ពី​បំណង​យក​គម្រោង​ស្រែ​សង្គម អនុវត្តន៍​បន្ត​ក្នុង​មូលដ្ឋាន​លោក ដែល​លោក​មើលឃើញថា មាន​ផលចំណេញ​ច្រើន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ដើម្បី​ជួយ​ពលរដ្ឋ​ដែល​ខ្វះខាត​បាន​ច្រើន​។ លោក​ពន្យល់ថា​៖ ខ្ញុំ​មាន​ជម្រើស​មួយទៀត​ក្នុងការ​ពិចារណា គឺ​ធ្វើ​ដូច្នេះ​ដែរ តែ​មិនមែន​ផ្តល់​ជា​អំណោយ​ទេ​។ បើ​ឱ្យ​ជា​អំណោយ ទាល់​តែមាន​អ្នក​ឧបត្ថម្ភ​។ អីចឹង​ជម្រើស​មួយ​អាច​ធ្វើបាន ធ្វើជា​ស្រែ​ធ្វើ​មិន​ចែកជា​ប្រាក់ចំណេញ ហើយ​បានជា​ស្រូវ ហើយ​យកមក​លក់​ក្នុងតម្លៃ​សង្គម​មួយ ធូរ​ថ្លៃ​ពាក់កណ្ដាល​លើ​ទីផ្សារ តែ​យកលុយ​ដែល​បាន​តិចតួច​ដើម្បី​បន្តធ្វើ​ទៀត​។ ខ្ញុំ​ជឿថា បើ​យើង​ធ្វើ​ទម្រង់​នេះ ប្រហែល​ជាមាន​និរន្តរភាព ហើយ​អាច​ពង្រីក​បាន​ធំ តែ​ទុក​ពេលវេលា​ក្រោយ​សម្រាប់​គិត​បន្ថែម​...»​។​
 
​លោក ឃឹម ហ្វី​ណង់ បន្តទៀតថា​៖« ចិត្ត​ខ្ញុំ ចង់​ជំរុញ​ឱ្យ​ការងារ​នេះ​ធ្វើ ទោះបី​មិនមែន​ធ្វើ​ក្នុងន័យ​ស្រែ​សង្គម​នេះ​ក៏ដោយ សូម្បីតែ​ពលរដ្ឋ​ធ្វើខ្លួន​គាត់ រដ្ឋ​គួរ​សហការគ្នា​បែបនេះ ច្របាច់​គ្នា​ទៅ​ដាក់​កម្លាំង​រួម អ្នកគ្រប់គ្រង​រួម គ្រឿងចក្រ​រួម ប្រព័ន្ធធារាសាស្ដ្រ​រួម រក​ទីផ្សារ​ឱ្យ​រួម​ទៀត នៅ​ប្រទេស​គេ​ទំនើប​គេ​តែង​ធ្វើ​ដូច្នេះ​»៕

















Tag:
 ស្រែ​សង្គម​
  បន្ទាយស្រី​
  ឃឹម ហ្វី​ណង់​
© រក្សាសិទ្ធិដោយ thmeythmey.com