COVID-19
អន្តរជាតិ
COVID-19៖ បុរស​ម្នាក់​បដិសេធ​ពាក់​អុកស៊ីសែន ដើម្បី​ស្លាប់​ក្នុង​ថ្ងៃ​តែ​១​ជាមួយ​ភរិយា​
02, May 2020 , 10:29 pm        
រូបភាព
ដោយ: ធីតា
​ស្វាមី និង​ភរិយា បាន​ស្លាប់​ក្នុង​ថ្ងៃ​តែមួយ​ដោយសារ COVID-19 ក្រោយ​ចំណងអាពាហ៍ពិពាហ៍​ជាង​៦០​ឆ្នាំ​។ BBC បាន​ដកស្រង់​ប្រភពពី​គ្រួសារ​អង់គ្លេស​នេះ​ថា ស្វាមី​បាន​បដិសេធ​ពាក់​ឧបករណ៍​ដកដង្ហើម (​អុកស៊ីសែន​) បន្ទាប់ពី​គាត់​ទទួលដំណឹង​មរណភាព​របស់​ភរិយា​ខ្លួន​។​

 
​លោកតា Bill Dartnall អាយុ​៩០​ឆ្នាំ បាន​ស្លាប់​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​ពេលដែល​លោកយាយ Mary អាយុ​៨១​ឆ្នាំ ដែល​ភរិយា បាន​ស្លាប់​នៅ​មន្ទីរពេទ្យ Southampton General ប្រទេស​អង់គ្លេស ដោយសារ COVID-19​។​
 
​អ្នកស្រី Rosemary បាន​អះអាងថា​៖ «​លោកប៉ា មិន​ចង់​រស់នៅ​ដោយ​គ្មាន​ម៉ាក់​នោះឡើយ ដោយ​គាត់​បាន​បាន​បដិសេធ​ពាក់​បំពង់​អុកស៊ីសែន ក្រោយ​ដឹង​ពី​មរណភាព​របស់​ម៉ាក់​»​។​
 
​ពួកគាត់​បាន​រៀបការ​ជាមួយគ្នា​អស់​រយៈពេល​ប្រមាណ​៦៣​ឆ្នាំ ហើយ​រស់នៅ​បណ្តោះអាសន្ន​នៅ​ទីតាំង​ថែទាំ​សុខភាព​ដែល​រៀបចំ​នៅ​សណ្ឋាគារ Holiday Inn ក្រុង Southampton បន្ទាប់ពី​លោកយាយ Mary បាន​ធ្លាក់ខ្លួន​ឈឺ កាលពី​ចុងខែ​មីនា មក​។ ក្រោយមក លោកតា Bill ក៏​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដូចគ្នា បន្ទាប់ពី​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19​។​
 
​អ្នកស្រី Rosemary បាន​បញ្ជាក់ថា ឪពុក​របស់ខ្លួន​ចង់​ធ្វើដំណើរ​ជា​គូរ ដោយ​មិន​ចង់​ឲ្យ​វិញ្ញាណក្ខន្ធ​ភរិយា​តែលតោល​នោះឡើយ​។ «​ពិតជា​ពិបាក​ទប់​ចិត្តបាន​ណាស់ ចំពោះ​ការបាត់បង់​ឪពុកម្តាយ ប៉ុន្តែ​ការរស់នៅ​បែកបាក់​គ្នា​របស់​ពួកគាត់ ក៏​កាន់តែ​មានការ​ឈឺចាប់​ខ្លាំង​ផងដែរ​។​
 
Rosemary Dartnall និង Ann ដែលជា​ប្អូនស្រី សុទ្ធតែ​មិនបាន​ទាន់ដង្ហើម​ឪពុកម្តាយ​របស់ខ្លួន​ឡើយ​។ ពួកគាត់​សុទ្ធតែ​មានការ​សោកស្តាយ ហើយ​សន្យា​រៀបចំ​ពិធី​ដ៏​សមគួរ​សម្រាប់​ឪពុកម្តាយ​ខ្លួន ក្រោយ​ពេលដែល​ស្ថានភាព COVID-19 ស្ងប់ស្ងាត់​៕





© រក្សាសិទ្ធិដោយ thmeythmey.com