COVID-19
អន្តរជាតិ
លោកស្រី ស៊ូ​ជី អំពាវនាវ​ក្រុមគ្រូពេទ្យ​វ័យក្មេង​បង្ហាញ​ការ​ស្នេហា​ជាតិ​ដោយ​ចូលរួម​ប្រឆាំង Covid-19
03, May 2020 , 12:59 pm        
រូបភាព
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ថ្លែងសុន្ទរកថានៅរដ្ឋធានីណៃពិដោ កាលពីឆ្នាំ ២០១៧ (រូបភាព៖ AFP)
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ថ្លែងសុន្ទរកថានៅរដ្ឋធានីណៃពិដោ កាលពីឆ្នាំ ២០១៧ (រូបភាព៖ AFP)
ដោយ:
​មេដឹកនាំ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​អំពាវនាវ​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ ជាពិសេស​វេជ្ជបណ្ឌិត​វ័យក្មេង ឲ្យ​បង្ហាញ​ស្មារតី​ស្នេហា​ជាតិ តាមរយៈ​ការចូលរួម​ជាមួយនឹង​រដ្ឋាភិបាល ក្នុង​ការងារ​ការពារ និង​ទប់ស្កាត់ វីរុស​រាតត្បាត Covid-19 ខណៈ​មី​យ៉ាន់​ម៉ា បន្ត​រកឃើញ​ករណី​ថ្មី​នៃ​អ្នក​ឆ្លង និង​មាន​អ្នកស្លាប់ ដោយសារតែ​ជំងឺ​នេះ​ទៀតផង​។​

 
​តាមរយៈ​កិច្ចសន្ទនា​វីដេអូ​ជាមួយនឹង​វេជ្ជបណ្ឌិត​ជួរមុខ​ម្នាក់ ដែល​បាន​ឆ្លង​វីរុស Covid-19 និង​ទើប​ជាសះស្បើយ​វិញ លោកស្រី​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី បាន​លើកទឹកចិត្ត​ថា លោកស្រី ពិតជា​ត្រូវការ​ក្រុមគ្រូពេទ្យ ដើម្បី​គាំពារ​ប្រទេស​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​។ លោកស្រី ទទួលស្គាល់ថា​មី​យ៉ាន់​ម៉ា មិនមែនជា​ប្រទេស​អ្នកមាន ដែល​ចំណុច​នេះ​ត្រូវការ​ឲ្យ​ពលរដ្ឋ ជាពិសេស​អ្នកជំនាញ​ចូល​ជាមួយនឹង​រដ្ឋាភិបាល​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Myanmar Times លោកស្រី​ទីប្រឹក្សា បាន​អំពាវនាវ និង​លើកទឹកចិត្ត ដល់​ក្រុមគ្រូពេទ្យ​វ័យក្មេង ចូល​បម្រើការ​នៅតាម​មន្ទីរពេទ្យ​នៅ​តំបន់​ដាច់ស្រយាល ដូច្នេះ​ពួកគេ អាច​ទទួលបាន​បទពិសោធ​ន៍​ថ្មី​បន្ថែម ដែល​ពួកគេ​មិន​ធ្លាប់​ជួប​នៅក្នុង​ទីក្រុង​។ សម្រាប់​លោកស្រី ការចូលរួម​នេះ ក៏​ជា​ឥរិយាបថ​មួយ​បង្ហាញ​ពី​ការ​ស្នេហា​ជាតិ​ផងដែរ ។ 
 
​បន្ថែម​ពី​ការ​ផ្តាំផ្ញើ និង​លើកទឹកចិត្ដដ​ល់​ក្រុមគ្រូពេទ្យ មេដឹកនាំ​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​រូបនេះ ក៏បាន​ទទូច​ឲ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា កុំ​មាន​ភាព​តក់ស្លុត ជាពិសេស​លើ​បញ្ហា​កង្វះ​ចំណីអាហារ និង​សម្ភារ​វេជ្ជសាស្ត្រ​ជាដើម​។ លោកស្រី ប្រាប់ថា មី​យ៉ាន់​ម៉ា មាន​ចំណីអាហារ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាជន ហើយ​ប្រជាជន​មិនត្រូវ​មានការ​ភ័យខ្លាច​អ្វី​ដែរ​។ 
 
​គួរ​ជម្រាប​បន្តិច​ថា គិត​ត្រឹម​ថ្ងៃទី​១ ឧសភា មី​យ៉ាន់​ម៉ា មាន​អ្នក​ឆ្លង​វីរុស Covid-19 សរុប ១៥១​ករណី ដែល​ក្នុងនោះ មាន​ជាសះស្បើយ​សរុប ៣១ នាក់ និង​ស្លាប់ ៦ នាក់​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  Covid19
© រក្សាសិទ្ធិដោយ thmeythmey.com