COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង បន្ត​ប្រយុទ្ធ​នឹង COVID-19 ទោះ​បន្ធូរ​ការ​រឹតបន្តឹង​កាន់តែ​ច្រើនក្ដី
04, May 2020 , 2:37 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ស្ថានភាព​ជំងឺ COVID-19 នៅ​កូរ៉េខាងត្បូង ត្រូវ​មើលឃើញថា ស្ថិតក្រោម​ការត្រួតត្រារ​បស់​រដ្ឋាភិបាល ដោយ​ករណី​ឆ្លង​ថ្មី​មាន​កាន់តែ​ទាប​។ រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល នឹង​បន្ត​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​សុវត្ថិភាព​សង្គម​បន្ថែមទៀត ដោយ​អនុញ្ញាត​ឲ្យ​អាជីវកម្ម​មួយចំនួនធំ​អាច​បើក​វិញ​បាន និង​ត្រៀមខ្លួន​សម្រាប់​ដំណើរការ​រៀនសូត្រ​ឡើងវិញ​នៅពេល​ខាងមុខ​ផងដែរ​។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង Chung Sye-kyun អះអាងថា កូរ៉េខាងត្បូង មិនទាន់​ទម្លាក់​ដៃ​ប្រយុទ្ធ​ឡើយ​។​

 
​ចាប់ពី​ថ្ងៃទី​៦ ខែឧសភា កូរ៉េខាងត្បូង នឹង​អនុវត្ត​គម្រោង​ច​ត្តា​ឡី​ស័ក​ប្រចាំថ្ងៃ ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​អាច​ដើរហើរ​កាន់តែ​ស្រួល​ជាង​មុន តែ​ត្រូវ​រក្សា​សុវត្ថិភាព ស្រប​ពេលដែល​ស្ថានការណ៍ COVID-19 នៅ​ប្រទេស​នេះ កាន់តែ​ធូរស្រាល​ខ្លាំង​។ គិត​ត្រឹម​ថ្ងៃទី​៤ ខែឧសភា កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​សរុប​ចំនួន​១០៨០១​នាក់ និង​ស្លាប់​២៥២​នាក់​។ នៅ​ថ្ងៃទី​៤ នេះ កូរ៉េខាងត្បូង​ក៏​មិនបាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ផងដែរ​។ 
 
​ក្រោម​ការបន្ធូរបន្ថយ​ថ្មី រដ្ឋាភិបាល​កូរ៉េខាងត្បូង​ប្រកាសថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​ការរកស៊ី​ដែល​បិទទ្វារ​ជាច្រើន​សប្ដាហ៍ អាច​បើក​រកស៊ី​បាន​វិញ ហើយ​ការជួបជុំ​ក៏​អាចធ្វើ​ឡើងវិញ​ដែរ តែ​ត្រូវអនុវត្ត​ការសម្លាប់​មេរោគ និង​គម្លាត​សុវត្ថិភាព​ពីរ​ម៉ែត្រ​ដដែល​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ លើសពីនោះ សាលារៀន និង​កន្លែងធ្វើការ ក៏​អាច​ដំណើរការ​ឡើងវិញ​ដែរ ប៉ុន្តែ​ក៏​ស្ថិតក្រោម​គោលការណ៍​សុខាភិបាល​។​
 
​បើតាម Yonhap សាលារៀន​នៅ​កូរ៉េខាងត្បូង អាចនឹងទទួល​សិស្ស​ឡើងវិញ​នៅ​ពាក់កណ្ដាល​ខែឧសភា​នេះ ខណៈ​ពួកគេ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​មួយខែ​មកហើយ​នោះ​។ អាជ្ញាធរ​អប់រំ​កូរ៉េខាងត្បូង ទំនងជា​អនុញ្ញាត​ឲ្យ​សិស្ស​កម្រិត​ខ្ពស់​ចូលរៀន​ដូច​ធម្មតា​មុនគេ មុននឹង​បន្ត​ដល់​កម្រិត​ដទៃទៀត​។ 
 
​បន្ថែម​ពីលើ​នោះ កីឡា​អាជីព​មួយចំនួន​ដូចជា​កីឡាបាល់ទាត់ និង​កីឡា​បេស​ប៊​ល ក៏​អាច​ចាប់ផ្ដើម​ប្រកួត​ឡើងវិញ​ដែរ​នៅ​ស​ប្ដា៍​នេះ ក្រោយ​បិទ​ជាច្រើន​សប្ដាហ៍​មក​។ ប៉ុន្តែ​ការប្រកួត នឹងធ្វើ​ឡើង​ដោយ​គ្មាន​ទស្សនិកជន​ឡើយ​។​
 
​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង Chung Sye Kyun បាន​អំពាវនាវ​ឲ្យ​ប្រជាជន​បន្ត​ប្រុងប្រយ័ត្ន ព្រោះ​ការប្រយុទ្ធ​នឹង COVID-19 មិនទាន់​បញ្ចប់​ឡើយ​។ ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការឆ្លើយតប​ជំងឺ COVID-19 លោក Chung និយាយ​នៅ​ថ្ងៃទី​៤ ខែឧសភា ថា សង្គ្រាម​ប្រឆាំង COVID-19 មិនទាន់​ចប់​ឡើយ ហើយ​ការប្រយុទ្ធ​នេះ ក៏​មិន​ចប់​នៅត្រឹម​រយៈពេល​ខ្លី​ដែរ​។ លោក​ប្រាប់​ឲ្យ​ប្រជាជន​ត្រៀម​រស់នៅក្នុង​ស្ថានភាព​ដែល​វីរុស​នេះ​បន្ត​មាន​៕ 

Tag:
 COVID-19
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com