COVID-19
អន្តរជាតិ
COVID-19៖ ប្រធានាធិបតី​ប្រេ​ស៊ី​ល នៅតែ​ប្រឆាំង​ការបិទ​ប្រទេស ខណៈ​អ្នកស្លាប់​កើន​លើស​៧​ពាន់​នាក់​
04, May 2020 , 9:29 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក ជែ បុល​សូ​ណា​រ៉ូ (Jair Bolsonaro)  រិះគន់​ធ្ងន់ៗ​លើ​បទបញ្ជា​បិទ​ប្រទេស​ដែល​កំពុង​អនុវត្ត​នៅ​រដ្ឋ​សហព័ន្ធ​ខ្លះ​។ ក្នុង​សុន្ទរកថា​ទៅកាន់​ក្រុមអ្នកតវ៉ា​រាប់ពាន់នាក់​ដែល​ប្រឆាំង​ចំណាត់ការ​រឹតបន្តឹង​ទប់ស្កាត់ COVID-19 មេដឹកនាំ​ប្រទេស​ក្នុង​តំបន់​អាមេរិក​ខាងត្បូង​រូបនេះ លើកឡើងថា ការ​រឹតត្បិត​សិទ្ធិសេរីភាព​នៃ​ការដើរ​ហើរ​នេះ​កំពុង​បំផ្លិចបំផ្លាញ​ការងារ​ប្រជាជន​។​

 
​ក្នុង​សុន្ទរកថា​មួយ​នៅក្រៅ​បរិវេណ​វិមាន​ប្រធានាធិបតី​ក្នុង​រដ្ឋធានី ប្រា​ស៊ី​លី​យ៉ា នៅ​ពី​ថ្ងៃទី​៣ ខែឧសភា លោក ជែ បុល​សូ​ណា​រ៉ូ បាន​ទម្លាក់កំហុស​ដាក់​បណ្ដា​អភិបាលរដ្ឋ​សម្រាប់​ការបន្ត​អនុវត្ត​ចំណាត់​ការបិទ​ប្រទេស​។ តាមរយៈ​ការផ្សាយ​ផ្ទាល់​លើ​ហ្វេ​ស​ប៊ុ​ក ប្រមុខរដ្ឋ​ប្រេ​ស៊ី​ល​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ការបំផ្លិចបំផ្លាញ​ការងារ​ពី​សំណាក់​អភិបាលរដ្ឋ​ខ្លះ គឺជា​រឿង​ដែល​គ្មាន​ទំនួល​ខុសត្រូវ និង​ពុំ​អាច​ទទួលយក​បានឡើយ​។ យើង​នឹង​បង់ខាត​ក្នុងតម្លៃ​ខ្ពស់​នាពេល​អនាគត​»​។​
 
​ទន្ទឹមនេះ លោក​ប្រធានាធិបតី សង្កត់ធ្ងន់​ទៀតថា ចំណាត់ការ​រ​រាំងខ្ទប់​ការ​រាលដាល ជំងឺ COVID-19 ដែល​ពួក​អភិបាលរដ្ឋ​ខ្លះ​កំពុង​ដាក់ចេញ គឺជា​ការ​ប្រតិកម្ម​ជ្រុល​ហួសហេតុ ហើយ​កំពុង​បំផ្លាញ​សេដ្ឋកិច្ច​ប្រទេស​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៣ ខែឧសភា ប្រេ​ស៊ី​ល មាន​ករណី​ឆ្លង​COVID-19​សរុប​លើស​១០​ម៉ឺន​ករណី​ហើយ​ដែលជា​ចំនួន​ច្រើនជាងគេ​នៅ​អាមេរិក​ឡាទីន​។ នេះ​បើតាម​តួលេខ​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​។ ក្នុងពេល​២៤​ម៉ោង​មុននេះ ប្រទេស​នេះ មាន​អ្នកស្លាប់​ដោយសារ​COVID-១៩​ថ្មី ចំនួន ២៧៥​នាក់ ដែល​ធ្វើ​ឲ្យ​អ្នកស្លាប់​សរុប​ឡើងដល់​ជាង​៧០០០​នាក់​។ 
 
​អ្នកជំនាញ ជឿជាក់ថា តួលេខ​ឆ្លង​COVID-19 ជារួម ក្នុងប្រទេស​ប្រេ​ស៊ី​ល អាច​លើស​តួលេខ​រកឃើញ ចន្លោះ​ពី​១២ ទៅ​១៥​ដង​ឯណោះ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ការប៉ាន់ស្មាន​នេះ ធ្វើឡើង​ដោយ​ផ្អែកលើ​ហេតុផល​ថា ប្រទេស​នេះ​ខ្វះខាត​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ ខណៈ​ប្រជាជន​សរុប​មាន​រហូតដល់​២១០​លាន​នាក់​៕ 

Tag:
 ប្រេ​ស៊ី​ល​
  Jair Bolsonaro
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com