COVID-19
កីឡាជាតិ
ជាតិ
ទាំងលីគកំពូល និងពានសម្តេច ហ៊ុន សែន បន្តផ្អាករហូតកម្ពុជាមានស្ថានភាពល្អឡើងវិញ
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ និងពានរង្វាន់សម្តេច ហ៊ុន សែន រួមជាមួយពានរង្វាន់កម្រិតយុវជនផ្សេងៗ ត្រូវបន្តផ្អាករហូតស្ថានភាពនៅកម្ពុជាមានភាពល្អប្រសើរឡើងវិញ។ នេះបើតាមការបញ្ជាក់របស់លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ទោះបីស្ថានភាព នៃការរីករាលដាល នៃជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុស(COVID-19)នៅកម្ពុជាមានភាពធូរស្រាលក៏ដោយ តែសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពុំទាន់អនុញ្ញាតឲ្យបើកការប្រកួតលីគកំពូល និងពានសម្តេច ហ៊ុន សែន ឡើងវិញឡើយ។ ពោលគឺរហូតដល់ស្ថានភាពនៅកម្ពុជាមានដំណើរការដូចប្រក្រតីឡើងវិញ។
«ទាល់តែកម្ពុជាមានបរិយាកាសដូចដើមវិញ គឺមានការបើកជើងហោះហើរទៅវិញទៅមក សិស្សចូលរៀនដូចប្រក្រតី ទើបរាជរដ្ឋាភិបាលអនុញ្ញាតឲ្យចាប់ផ្តើមដំណើរការទាំងលីគកំពូល និងពានសម្តេច ហ៊ុន សែន និងពានយុវជន»។ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលើកឡើងដូច្នេះប្រាប់សារព័ត៌មានថ្មីៗ ក្រោយកិច្ចប្រជុំគណៈកម្មការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នេះ។
អគ្គលេខាធិការរូបនេះបានបន្តថា ការសម្រេចបែបនេះ ធ្វើឡើងក្រោយថ្នាក់ដឹកនាំសហព័ន្ធ បារម្ភខ្លាចរលកនៃការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជាកើតឡើងជាលើកទី២។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំសហព័ន្ធទទូចឲ្យក្លិបនីមួយៗ និងអ្នកគាំទ្រកីឡាបាល់ទាត់ទាំងអស់ ត្រូវមានភាពអត់ធ្មត់ចំពោះបញ្ហានេះ។
គួររំលឹកថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្រេចផ្អាកដំណើរការនៃការប្រកួតពានរង្វាន់លីគកំពូល និងពានរង្វាន់សម្តេច ហ៊ុន សែន ជាបណ្តោះអាសន្ន ដោយសារបារម្ភពីការរីករាលដាលនៃជំងឺកូវីដ-១៩។ គិតត្រឹមថ្ងៃទី៤ ខែឧសភា នេះ កម្ពុជានៅសល់អ្នកជំងឺកូវីដ-១៩ តែពីរនាក់ប៉ុណ្ណោះ ដែលបន្តសម្រាកព្យាបាល ខណៈ១២០នាក់បានព្យាបាលជាសះស្បើយក្នុងចំណោមអ្នកជំងឺសរុប១២២នាក់៕
សកម្មភាពគាំទ្ររបស់អ្នកគាំទ្រក្នុងការប្រកួតពានរង្វាន់លីគកាលពីពេលកន្លងទៅ
Tag:
បាល់ទាត់
កែវ សារ៉េត
Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com