COVID-19
ពីនេះ ពីនោះ
រូបត្លុក
កូវីដ-១៩៖ ភ្នំពេញហាក់មានជីវិតរស់រវើកឡើងវិញ តែជំនួញមិនទាន់ដើរទេ, ហេតុអ្វី?
× ក្នុងរយៈពេលចុងក្រោយនេះ ពលរដ្ឋហាក់លែងសូវខ្លាចមេរោគកូវីដ១៩ទៀតហើយ ព្រោះម្យ៉ាង ដោយសារ ចំនួនអ្នកឆ្លងថ្មីគ្មាន ចំនួនអ្នកជាសះស្បើយកើនឡើង។ ម្យ៉ាងទៀត ពលរដ្ឋមួយចំនួននៅវ៉ល់ជាមួយនឹងការផាកពិន័យជនល្មើសរំលោភច្បាប់ចរាចរណ៍។ សុធីរ និងសំណាង ជជែកគ្នាជុំវិញសកម្មភាពសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ។
សុធីរ៖ អា សំណាង! អញមើលទៅដូចជាអ្វីៗត្រឡប់មកវិញធម្មតាហើយឥឡូវនេះ ព្រោះ ពលរដ្ឋលែងពាក់ម៉ាស់ លែងខ្លាចកូវីដហើយ អ៊ីចឹងមែនឬទេ?
សំណាង៖ អញក៏សង្កេតឃើញដូចអ្ហែងដែរ។ អញឃើញជំនួញមួយចំនួនចាប់ផ្តើមបើកឲ្យដំណើរការឡើងវិញ។ អ្នកធ្វើការចាប់ផ្តើមធ្វើដំណើរទៅកន្លែងធ្វើការឡើងវិញ។ ស្ថានភាពមិនទាន់ដូចដើមមែន តែរាជធានីភ្នំពេញហាក់បីដូចជាចាប់ផ្តើមមានជីវិតរស់រវើកឡើងវិញ។ ចរាចរណ៍ចាប់ផ្តើមណែនជាងមុន ជំនួញតាមដងផ្លូវ ហាងនានា បើកទ្វារ។ល។ តែទោះជាយ៉ាងណា ហាងបិទទ្វារក៏នៅមានច្រើនដែរ។
សុធីរ៖ សកម្មភាពជំនួញហាក់បីដូចជាដំណើរការងារឡើងវិញមែន តើវាដំណើការល្អឬទេ?
សំណាង៖ អា សុធីរ! ជំនួញ ឬសកម្មភាពតាមដងផ្លូវហាក់បីដូចជាដំណើរការឡើងវិញមែន។ តែជំនួញទាំងនោះ មិនទទួលបានភ្ញៀវច្រើនទេ ព្រោះអតិថិនមិនសូវមានលុយ(ពលរដ្ឋជាច្រើនគ្មានការងារធ្វើ)។ ជំនួញបើកពេលនេះ មិនចំណេញទេ។ ជំនួញបើកឲ្យតែមានសកម្មភាពទេ តែខាតរាល់ថ្ងៃ និងរាល់ខែ។ អ្នកជំនួញនិយាយថា ពួកគេបើកឲ្យដំណើរការឡើងវិញដោយរង់ចាំថ្ងៃល្អត្រឡប់មកវិញតែប៉ុណ្ណោះ។
សុធីរ៖ តើថ្ងៃល្អត្រឡប់មកវិញនៅពេលណាទៅ?
សំណាង៖ គ្មានឡើយចម្លើយពិតប្រាកដទេ អា សុធីរ! គេច្រើននិយាយលេងថា មានតែមេរោគកូវីដ១៩ប៉ុណ្ណោះដែលអាចប្រាប់ចម្លើយបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com