ជាតិ
ខេត្តកែប កំពុងរៀបចំកំពង់ផែ ដើម្បីភ្ជាប់ទេសចរណ៍កម្ពុជា ថៃ និង វៀតណាម លោក កែន សត្ថា (រូបពីទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
× ភ្នំពេញ៖ ខេត្តកែប កំពុងរៀបចំសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ដែលអាចឲ្យនាវាពីក្រៅប្រទេសចូលចតនិងភ្ជាប់ទេសចរណ៍ផ្លូវទឹកពីរវាងកម្ពុជា ថៃ និង វៀតណាម។
ក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្រី្តស្ដីពីវឌ្ឍភាព និងទិសដៅការងាររបស់រដ្ឋបាលខេត្តកែប លោក កែន សត្ថា អភិបាលខេត្តកែប ថ្លែងថា៖«ឥឡូវនេះ យើង កំពុងធ្វើផែកែប តាមថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ យើងធ្វើផែស្ដង់ដាមួយ ដែលអាចឲ្យនាវាដឹកភ្ញៀវទេសចរ នាវាទំនើបៗ ផ្ទុកភ្ញៀវទេសចរបាន១០០ទៅ២០០នាក់ អាចឆ្លងទៅតាមបណ្ដាលប្រទេស ព្រោះយើងមានផែនការមួយទៀត គឺទេសចរណ៍សមុទ្រ គឺអាចថ្ងៃខាងមុខនេះ ជាមួយវៀតណាម កម្ពុជា និងជាមួយថៃ គឺហៅថាទេចរណ៍តាមផ្លូវទឹក»។
លោក កែន សត្ថា បន្ថែមថា គម្រោងនេះ គឺបានពិភាក្សាគ្នាហើយ និងដំណើរការសាងសង់បាន៣០ភាគរយ។ តំបន់ទេសចរណ៍តាមផ្លូវទឹកនេះ គឺគ្រោងភ្ជាប់ពីប្រទេសថៃ មកព្រំដែនកម្ពុជាតាមខេត្តព្រះសីហនុ និងខេត្តកែប បន្តទៅប្រទេសវៀតណាម។
លោក ម៉ម់ តូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ដែលចូលរួមក្នុងសន្និសីទព័ត៌មាននោះ លើកឡើងថា ក្រសួងសាធារណការ បានជួសជុលនិងកសាងកំពង់ផែនេះឡើងវិញ ដែលមានទំហំ៣៤០០ម៉ែត្រការ៉េ ហើយនឹងត្រូវបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២០។ លោក អះអាងថា ការសាងសង់ផែទេសចរណ៍នេះ គឺប្រើគម្រោងថវិកាជាង១លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com