COVID-19
កីឡាជាតិ
ជាតិ
ណាហ្គា​វើ​ល​កំពុង​ពិចារណា​កាត់​ប្រាក់ខែ​មន្ត្រី និង​កីឡាករ ស្របពេល​លី​គ​កំពូល​បន្ត​ផ្អាក​
06, May 2020 , 8:29 am        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល ​កំពុង​ពិចារណា​លើ​បញ្ហា​ការ​កាត់​ខែ​មួយចំនួន ​ពី​មន្ត្រី គ្រូបង្វឹក និង​កីឡាករ ស្របពេល​ក្លិប​បាន​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់ ​ដោយសារ​គ្មាន​ការប្រកួត​។ លី​គ​កំពូល​កម្ពុជា និង​ពាន​សម្តេច ហ៊ុន សែន នឹង​បន្ត​ផ្អាក​ការប្រកួត ​រហូត​ស្ថានភាព​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ឡើងវិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ លោក កែវ សារ៉េត អគ្គលេខាធិការ​ នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

 
​លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​បាន​និយាយថា មន្ត្រី បុគ្គលិក គ្រូបង្វឹក និង​កីឡាករ​របស់​ក្លិប​ណាហ្គា​វើ​ល អាច​ប្រឈម​នឹង​ការ​កាត់​ប្រាក់ខែ​មួយចំនួន ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ គ្រូបង្វឹក​រូបនេះ​អះអាងថា បច្ចុប្បន្ន​ថ្នាក់ដឹកនាំ​ក្លិប​ កំពុង​ពិចារណា​លើ​បញ្ហា​នេះ ថា​តើ​គួរ​កាត់​ប៉ុន្មាន​ភាគរយ ​នៃ​ប្រាក់ខែ​របស់​ពួកគេ​? 
 
​មូលហេតុ​ដែល​ក្លិប​គ្រោង​ធ្វើបែបនេះ ដោយសារ​ក្លិប​កំពុង​ជួប​វិបត្តិ​បាត់បង់​ប្រាក់ចំណូល បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុ​ជា ស​ម្រេច​ឲ្យ​បិទ​មជ្ឈមណ្ឌល​កម្សាន្ត និង​កាស៊ីណូ​ណាហ្គា​វើ​ល ដែលជា​ប្រភព​ទុន​ទ្រទ្រង់​ដ៏​ធំ​របស់​ក្លិប​។ ម្យ៉ាងទៀត ដោយសារ​បច្ចុប្បន្ន​ការប្រកួត​លី​គ​កំពូល និង​ពាន​សម្តេច ហ៊ុន សែន ត្រូវបាន​ផ្អាក ហើយ​កីឡាករ ​ក៏បាន​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់ ហើយ​ទៅ​ហ្វឹកហាត់​តាម​ផ្ទះ​រៀងៗ​ខ្លួន​ផងដែរ​។ 
 
«​ទោះបី​ឈប់សម្រាក​ តែ​កីឡាករ​ទទួលបាន​ប្រាក់ខែ​ធម្មតា​។ ប៉ុន្តែ​ឥឡូវ ​ក្លិប​កំពុង​ពិចារណា​ថា ​គួរ​ដក​ប៉ុន្មាន​ភាគរយ​ពី​ពួកគាត់ ដោយសារ​ពួកគាត់​អត់​មាន​ត្រៀម​លេង ហើយ​ពួកគាត់​ហ្វឹកហាត់​តាម​អន​ឡាញ​។ ខ្ញុំ​ចេះតែ​ចង់​ឲ្យ​កីឡាករ​ ទទួលបាន​ប្រាក់ខែ​ពេញ តែ​សំខាន់ ​ក្លិប​អត់​មាន​ចំណូល។ ដូច​យើង​ដឹង​ហើយ​ថា ក្លិប​បាន​ចំណូល​ពី​ក្រុមហ៊ុន​ណាហ្គា​វើ​ល ហើយ​ពេលនេះ ​ហា​ហ្គា​បាន​បិទ យើង​បាន​ចំណូល​ពី​ណា​?»​។ លោក មាស ចាន់ណា បានលើកឡើង​បែបនេះ ហើយ​បាន​បន្ថែមថា ណាហ្គា​វើ​ល​ ក៏បាន​កាត់​ប្រាក់ខែ​៥០​ភាគរយ​ ពី​បុគ្គលិក​របស់ខ្លួន​ផងដែរ​។ 
 
​បើតាម​លោក មាស ចាន់ណា ទាំង​មន្ត្រី គ្រូបង្វឹក និង​កីឡាករ​ សុទ្ធតែ​បាន​ត្រៀម​ចិត្ត​រួចហើយ ​ក្នុងការ​ទទួលយក​ការ​កាត់​ប្រាក់ខែ​មួយចំនួន ​របស់ខ្លួន​នេះ​។ «​កីឡាករ​ទាំងអស់​ បាន​យល់ព្រម​តាម​សំណើ​របស់​ក្លិប មិនមាន​បញ្ហា​នោះទេ ដោយសារ​អ្នកខ្លះ​បាន​រួមរស់​ជាមួយ​ក្លិប​៥​ ទៅ​៦​ឆ្នាំ។ ដូច្នេះ ​គាត់​យល់​ពី​ស្ថានភាព​បែបនេះ​។ បើ​យើង​អត់​យល់​ពី​កាលៈទេសៈ ​នឹង​ក៏​ពិបាក​ដែរ ដូច​គ្រួសារ​ដែរ​ បើ​យើង​អត់​ចេះ​យល់​ពី​កាលៈទេសៈ ​រស់នៅ​ជាមួយគ្នា​មិនបាន​នោះទេ​»​។ នេះ​ជាការ​បន្ថែម​របស់​គ្រូបង្វឹក​កម្រិត A-License រូបនេះ​។ 
 
​តែ​យ៉ាងណា លោក រំពឹងថា លី​គ​កំពូល ​នឹង​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​កុំ​ឲ្យ​មានការ​កាត់​ប្រាក់ខែ​ពី​កីឡាករ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​កីឡាករ​។ បើតាម​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​លី​គ​កំពូល​កម្ពុជា ពាន​សម្តេច ហ៊ុន សែន និង​ពានរង្វាន់​កម្រិត​យុវជន​ផ្សេងៗ ត្រូវ​បន្ត​ផ្អាក​ការរៀបចំ ​រហូតដល់​ស្ថានការណ៍​នៅ​កម្ពុជា ​មានដំណើរ​ការដូ​ច​ប្រក្រតី​ឡើងវិញ​។ ដ្បិត​សហព័ន្ធ មិន​ចង់ឃើញ​រលក ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ កើតមាន​ជា​លើក​ទី​២​។​
 
​ប្រសិនបើ​គម្រោង​កាត់​ប្រាក់ខែ ​លេចចេញ​ជា​រូបរាង​មែន ណាហ្គា​វើ​ល ​នឹង​ក្លាយជា​ក្លិប​ទី​៣ បន្ទាប់ពី​ក្លិប​បឹងកេត និង​ក្រសួងការពារជាតិ ដែល​បាន​កាត់​ប្រាក់ខែ​បុគ្គលិក មន្ត្រី គ្រូបង្វឹក​និង​កីឡាករ ​ចន្លោះ​ពី​៣០​ទៅ​៥០​ភាគរយ ​ក្នុងអំឡុង​លី​គ​កំពូល​ឈប់សម្រាក ដោយសារ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ក្រៅពី​ក្លិប​ទាំងនេះ ក៏មាន​ក្លិប​មួយចំនួនទៀត​ផងដែរ ដែល​បាន​កាត់​ប្រាក់ខែ​កីឡាករ តែ​ពួកគេ​បិទបាំង​នូវ​ព័ត៌មាន​ទាំងនេះ​៕  

Tag:
 បាល់ទាត់​
  ណាហ្គា​វើ​ល​
  មាស ចាន់ណា
© រក្សាសិទ្ធិដោយ thmeythmey.com