COVID-19
អន្តរជាតិ
COVID-19៖ ថៃ ផ្តល់​សិទ្ធិ​ដល់​សាលារៀន​ក្នុងការ​សម្រេច​បើកទ្វារ​ឡើងវិញ​
06, May 2020 , 7:29 pm        
រូបភាព
រូបភាព៖ Bangkok Post
រូបភាព៖ Bangkok Post
​ការិយាល័យ​នៃ​គណៈកម្មការ​អប់រំ​មូលដ្ឋាន​របស់​ថៃ​(OBEC) បានសម្រេច​ឲ្យ​សាលារៀន​មាន​សិទ្ធិ​សម្រេច​ក្នុង​ការបើក​សាលារៀន​ឡើងវិញ នៅ​ថ្ងៃទី​១ ខែ​កក​ក្កដា បន្ទាប់ពី​សាលារៀន​នៅ​ទូទាំងប្រទេស​ត្រូវបាន​បិទ​មួយរយៈ ដើម្បី​ទប់ស្កាត់ និង​បង្ការ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កា​សែង Bangkok Post នៅ​ថ្ងៃទី​៦ ខែឧសភា​។


​ស្ថានភាព​កូ​រ៉ូ​ណាវី​រុស បាន​ថមថយ​ករណី​ឆ្លង​យ៉ាងខ្លាំង ហើយ​រដ្ឋាភិបាល​ថៃ ក៏​អាច​ត្រូវ​មើលឃើញថា អ​អាច​គ្រប់គ្រង​ស្ថានការណ៍​ជំងឺឆ្លង COVID-19 បាន​ថែមទៀត​។ ថៃ​បាន​បន្ធូរបន្ថយ​សកម្ម​ភាព​មួយចំនួន ដោយ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​បាន ក្នុងនោះ​មានដូចជា​ផ្សារ​, កន្លែង​ញាំ​អាហារ​, កន្លែង​លក់រាយ​, សកម្មភាព​កីឡា និង​កម្សាន្ត​, ហាង​អ៊ុតសក់ កាត់សក់ កន្លែង​កាត់​រោមសត្វ និង​ជំនួញ​មួយចំនួន​។ 
 
​ដោយឡែក​សាលារៀន​វិញ ថៃ​បានចេញ​លក្ខខណ្ឌ​ផ្សេង​ពីនេះ ដោយ​តម្រូវ​ឲ្យ​សាលារៀន មាន​សិទ្ធិ​បើក ឬ​ជ្រើស​ការបង្រៀន​តាម​អន​ឡាញ​នៅ​ថ្ងៃទី​១ ខែកក្កដា​ខាងមុខ​។ បើតាម​ការបញ្ជា​ក់រប​ស់លោក Amnat Wichayanuwat អគ្គលេខាធិការ​ការិយាល័យ​គណៈកម្មការ​អប់រំ​មូលដ្ឋាន ថៃ​ផ្តល់​សិទ្ធិ​ដល់​សាលារៀន​ក្នុងការ​សម្រេច​បើកទ្វារ​ឡើងវិញ ដើម្បី​រក្សា​សុវត្ថិភាព​របស់​សិស្សសាលា​។ 
 
​ក្នុងន័យនេះ ថៃ​បានផ្តល់​ដំណោះស្រាយ​ពីរ សម្រាប់​សាលារៀន​។ ទី​១ ក្នុង​លក្ខខណ្ឌ​ចង់​បើកទ្វារ​វិញ សាលារៀន​ទាំងនោះ ត្រូវសុំ​ការអនុញ្ញាត​ពី​អភិបាលខេត្ត​ជាមួយ​សិន ដើម្បី​ធានាថា​ស្ថានភាព COVID-19 នៅក្នុង​ខេត្ត​ទាំងនោះ មាន​ភាពល្អប្រសើរ​។ ប្រសិនបើ​មិនអាច​បើកទ្វារ​នៅ​ដើមខែ​កក្កដា​បានទេ ថៃ​នឹង​ផ្តល់​ដំណោះស្រាយ​មួយទៀត គឺ​ការបង្រៀន​តាម​អន​ឡាញ ឬ​តាម​ទូរទស្សន៍​សម្រាប់​សិស្សសាលា​ទាំងអស់​។ 
 
​ដោយ​វាយតម្លៃ​ស្ថានការណ៍​ជាមុន​ក្នុងករណី​បើក​សាលា​ឡើងវិញ លោក Amnat បាន​លើកឡើងថា បើ COVID-19 មាន​អត្រា​គ្រោះ​ថ្នាក់ទាប ថ្នាក់រៀន​អាច​បើក​ធម្មតា ប៉ុន្តែ​បើ COVID-19 នៅតែ​បង្ក​គ្រោះថ្នាក់ ថ្នាក់រៀន​ត្រូវ​កាត់បន្ថយ​ចំនួន​សិស្ស​នៅក្នុង​ថ្នាក់ ចំណែក​សិស្ស​ដែល​មិនបាន​ចូលរៀន អាចធ្វើ​កិច្ចការ​សាលា​នៅផ្ទះ​ក៏បាន​។ យ៉ាងណាក៏ដោយ ក្នុង​កាលៈទេសៈ​នេះ សាលា​ត្រូវ​ត្រៀម​កន្លែង​វាស់​កម្តៅ ការសម្អាត​ថ្នាក់រៀន ការពាក់​ម៉ាស់ និង​ការ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ដែរ​។​
 
​ក្រៅពីនេះ សកម្មភាព​សិក្សា និង​សកម្មភាព​ផ្សេងៗ​ទៀត​នៅក្រៅ​សាលា ក៏​ត្រូវបាន​ហាមឃាត់​ដែរ ដើម្បី​ទប់ស្កាត់ និង​បង្ការ​ករណី​ឆ្លង​លើ​សិស្សសាលា​កើតឡើង​។ សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ ថៃ​មាន​ករណី COVID-19 សរុប​ចំនួន ២៩៨៩​ករណី អ្នកស្លាប់​ចំនួន ៥៥​ករណី អ្នកជា​សះស្បើយ​ចំនួន ២៧៦១​នាក់​៕ 

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com