ផ្ទៃដី​ចិញ្ចឹម​ត្រី​៥០​ហិកតា ផ្តល់​ចំណូល​ប្រមាណ​២​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដល់​កសិករ​លី ហាំង សេង​
ជាតិ
ផ្ទៃដី​ចិញ្ចឹម​ត្រី​៥០​ហិកតា ផ្តល់​ចំណូល​ប្រមាណ​២​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដល់​កសិករ​លី ហាំង សេង​
06, May 2020 , 10:29 pm        
រូបភាព
រូបភាព​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ
រូបភាព​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ
​ភ្នំពេញ​៖ លោក លី ហាំង​សេង ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ឆ្ដោ ត្រី​ប្រា និង​ត្រី​ពោ​មួយកន្លែង នៅ​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ លោក​ផ្ដើម​ប្រកប​របរ​នេះ ក្នុង​ឆ្នាំ​២០១៧​។  បច្ចុប្បន្ន​លោក​មាន​ផ្ទៃដី​ចិញ្ចឹម​ត្រី ចំនួន​៥០​ហិកតា ដោយ​ក្នុង​មួយឆ្នាំ លោក​អាច​ប្រមូល​ផល​ត្រី​បាន​ចន្លោះ ១៥០០ ទៅ​២០០០​តោន និង​អាច​រក​ចំណូល​ពី ១,៥​ទៅ​២​លាន​ដុល្លារ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

 
​កាលពី​ថ្ងៃទី​២ ឧសភា​កន្លងទៅ លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះ​ពិនិត្យ​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្តោ ត្រី​ប្រា និង​ត្រី​ពោ នៅ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់លោក លី ហាំង​សេង ដែល​ស្ថិតនៅ​ភូមិ​ស្វាយព្រៃ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។ ក្នុង​ទស្សនកិច្ច​នោះ លោក លី ហាំង​សេង បាន​រៀបរាប់​ប្រាប់​លោក​រដ្ឋមន្ត្រី​ថា លោក​ចាប់ផ្ដើម​ចិញ្ចឹម​ត្រី​នៅ​ឆ្នាំ​២០១៧ ក្រោយ​លោក​បាន​រៀន​ចេះដឹង​ចំណេះ និង​បច្ចេកទេស​ចិញ្ចឹម​ត្រី ពី​មន្ត្រី​ជំនាញ​របស់​មន្ទីរ និង​រដ្ឋបាល​ជលផល​។ នេះ​បើតាម​សំណេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​
 
​តាម​ក្រសួងកសិកម្ម បច្ចុប្បន្ន​កសិករ ហាំង​សេង បាន​ពង្រីក​ផ្ទៃដី​ចិញ្ចឹម​ដល់​ទៅ​៥០​ហិកតា និង​មាន​ស្រះ​ចិញ្ចឹម​ចំនួន​១៩​ស្រះ ដែលមាន​កម្មករ​ជាង​៦០​នាក់​។ ម្ចាស់​កសិដ្ឋាន​ដដែល បញ្ជាក់ប្រាប់​លោក​រដ្ឋមន្ត្រី​កសិកម្ម​ទៀតថា លោក​អាច​ប្រមូល​ផល​ត្រី​បានជា​មធ្យម​ពី ១៥០០-២០០០​តោន ក្នុង​មួយឆ្នាំ និង​អាច​លក់បាន ពី​១,៥ ទៅ​២​លាន​ដុល្លារ​។ ចំណូល​នេះ មិនទាន់​ទូទាត់​ការចំណាយ​ថ្លៃដើម​នៅឡើយ​។  
 
​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​រូបនេះ បាន​ឲ្យ​ដឹងថា ដោយសារ​បញ្ហា​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​តម្រូវការ​ទី​និង​តម្លៃ​ត្រី​ធ្លាក់ចុះ​បន្តិច ពោលគឺ​ធ្លាក់​ពី ១​ម៉ឺន​២​ពាន់​រៀល​ក្នុង​មួយ​គីឡូ មក​នៅត្រឹម ១​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​។ យ៉ាងណា​ម្ចាស់​កសិដ្ឋាន​រូបនេះ សង្ឃឹមថា​ទីផ្សារ និង​តម្លៃ​ត្រី នឹង​ល្អ​ប​ឡើងវិញ​នៅពេល​ឆាប់ៗ​នេះ​។​
 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម បាន​កោតសរសើរ​ចំពោះ​ការ​ខំប្រឹង​របស់ លោក ហាំង​សេង ថា​បាន​ចូលរួមចំណែក បម្រើ​សេចក្ដីត្រូវការ​ប្រចាំថ្ងៃ និង​កាត់បន្ថយ​ការនាំ​ចូល​ត្រី​ពី​បរទេស​។ លោក​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ឲ្យ​លោក ហាំង​សេង ឲ្យ​បន្ត​របរ​នេះ​ឲ្យ​បានយូរ​អង្វែង​ទៀតផង​ដែរ​៕

រូបភាព​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ៖







Tag:
 កសិកម្ម​
  ចិញ្ចឹម​ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com