COVID-19
អន្តរជាតិ
រដ្ឋាភិបាល​ជប៉ុន អនុញ្ញាត​ឲ្យ​ប្រើ​ថ្នាំ remdesivir ដើម្បី​ព្យាបាល​ជំងឺ COVID-19
08, May 2020 , 10:59 am        
រូបភាព
ថ្នាំរេមឌីស៊ីវៀដែលផលិតដោយក្រុមហ៊ុនអាមេរិក​ Gilead ។ រូបភាព AFP
ថ្នាំរេមឌីស៊ីវៀដែលផលិតដោយក្រុមហ៊ុនអាមេរិក​ Gilead ។ រូបភាព AFP
​រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃទី​៧ ខែឧសភា បានផ្ដល់​ភ្លើង​បៃតង​ឲ្យ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​វីរុស​រេ​ម​ឌី​ស៊ី​វៀ (Remdesivir) ក្នុងការ​ព្យាបាល​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។ ជប៉ុន​ជា​ប្រទេស​ទី​ពីរ​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​បន្ទាប់ពី​អាមេរិក​។ ក្រុង​តូ​ក្យូ ក៏​សម្លឹង​ឃើញ​ថ្នាំ Avigan មួយទៀត​ក្នុងការ​ព្យាបាល​ជំងឺ​ផ្លូវដង្ហើម​នេះដែរ​។​

 
«​ថ្នាំ​រេ​ម​ឌី​ស៊ី​វៀ ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើ​ក្រោម​វិធានការ​ពិសេស​។​» នេះ​ជាការ​លើកឡើង​របស់​ម​ន្ត្រី​ក្រសួងសុខាភិបាល ការងារ និង​សុខមាលភាព​ជប៉ុន​នៅ​ថ្ងៃទី​៧ ខែឧសភា​។ បើតាម​មន្ត្រី​ក្រសួង​ដដែល​នេះ នេះ​ជាការ​អនុញ្ញាត​លើកទីមួយ​សម្រាប់​រដ្ឋាភិបាល​ជប៉ុន​លើ​ការប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ។​
 
​កាលពី​សប្ដាហ៍​មុន អាមេរិក ក៏បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​រេ​ម​ឌី​ស៊ី​វៀ​ផងដែរ ដោយ​ផ្ដោតលើ​ករណី​ធ្ងន់ធ្ងរ បន្ទាប់​លទ្ធផល​ពិសោធន៍​បង្ហាញថា ថ្នាំ​នេះ​ព​ន្លឿ​ន​ការព្យាបាល​អ្នកជំងឺ COVID-19 មួយ​ភាគបី​ឯណោះ​។ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ក៏​ធ្លាប់​និយាយ​ដែរ​ថា រដ្ឋាភិបាល​របស់លោក ក៏​ត្រៀម​ផ្ដល់​ភ្លើង​បៃតង​សម្រាប់​ការប្រើប្រាស់​ថ្នាំ​ប្រឆាំង​វីរុស​នេះដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​រេ​ម​ឌី​ស៊ី​វៀ ជា​ប្រភេទ​ថ្នាំ​ចាក់​ដែល​ត្រូវបាន​ពិសោធ​ដើម្បី​ព្យាបាល​ជំងឺ​អេ​បូ​ឡា ប៉ុន្តែ​មិនដែល​ត្រូវបាន​ប្រើប្រាស់​ឡើយ​។ នៅពេល​សាកល្បង​លើ​ជំងឺ COVID-19 ថ្នាំ​មួយ​នេះ​បែរ​ជាមាន​លទ្ធផល​ល្អ​ទៅវិញ​។ ប្រទេស​មួយចំនួន ក៏​កំពុង​ប្រើប្រាស់​ថ្នាំ​នេះ​ដំណាក់កាល​សាកល្បង​ផងដែរ​។​
 
​ក្រៅពី​ថ្នាំ​រេ​ម​ឌី​ស៊ី​វៀ ជប៉ុន ក៏​ត្រៀម​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ផ្លូវការ​ថ្នាំ​មួយទៀត​ឈ្មោះ Avigan ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​ជប៉ុន Fujifilm Toyama Chemical ផងដែរ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក Yoshihide Suga និយាយថា ជប៉ុន​គ្រោង​ផ្ដល់​ការអនុញ្ញាត​ក្នុង​ខែ​នេះ​តែម្ដង ប្រសិនបើ​ការពិសោធ​លើ​អ្នកចូលរួម​១០០​នាក់ មាន​ប្រសិទ្ធភាព​។ 
 
Avigan ដែលមាន​ឈ្មោះ​តាម​ហ្សែ​ន​ថា favipiravir ជា​ប្រភេទ​ថ្នាំលេប ដែល​ត្រូវ​ប្រើប្រាស់​ព្យាបាល​ផ្ដាសាយធំ​ដែល​មិនអាច​ព្យាបាល​ដោយ​ថ្នាំ​ធម្មតា​បាន​។ ថ្នាំ​ប្រភេទ​នេះ មិនមាន​លក់​តាម​ទីផ្សារ​ទូទៅ​ឡើយ ហើយ​អាច​ផលិត និង​ចែកចាយ​បាន​លុះត្រា​មានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​។ យ៉ាងណាមិញ ថ្នាំ​នេះ មិនដែល​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើ​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ឡើយ​៕

Tag:
 ជប៉ុន​
  remdesivir
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com