ជាតិ
ព្រះមហាក្សត្រ​៖ លោក Peter Studer ជា​មហា​សប្បុរសជនរ​បស់​កម្ពុជា​ជិត​៣​ទសវត្សរ៍​
10, May 2020 , 5:29 pm        
រូបភាព
លោក Peter Studer (ស្តាំ) ថតជាមួយលោក Beat Richner ដោយវេជ្ជបណ្ធិតស្វីសទាំងពីររូបនេះ ត្រូវបានចាត់ទុកជាវីរបុរសរបស់កម្ពុជា
លោក Peter Studer (ស្តាំ) ថតជាមួយលោក Beat Richner ដោយវេជ្ជបណ្ធិតស្វីសទាំងពីររូបនេះ ត្រូវបានចាត់ទុកជាវីរបុរសរបស់កម្ពុជា
ដោយ: ថ្មីៗ
​ពី​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី​៩ ខែឧសភា ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ប្រោស​ព្រះរាជទាន​ព្រះរាជសារ​រំលែក​ទុក្ខ​ចំពោះ​មរណភាព​វេជ្ជបណ្ឌិត Peter Studer អនុប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជានា​យក​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា (Kantha Bopha Foundation Dr Beat Richner) ប្រចាំ​នៅ​ប្រទេស​ស្វី​ស ដែល​បានទទួល​មរណភាព​ក្នុង​អាយុ​៧៣​ឆ្នាំ ដោយ​រោគាពាធ​។​



​យោងតាម​ព្រះរាជសារ ទៅកាន់​វេជ្ជបណ្ឌិត Rene Schwartzenbach ប្រធាន​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​លោក Denis Laurent ដែលជា​អគ្គនាយក​មន្ទីរពេទ្យ​គន្ធបុប្ផា ព្រះមហាក្សត្រ​មាន​ព្រះរាជ​ទ័យ​សោកស្តាយ​ចំពោះ​ការបាត់បង់​វេជ្ជបណ្ឌិត Peter Studer កាលពី​ថ្ងៃទី​៦ ខែឧសភា នៅ​ប្រទេស​ស្វី​ស​។​
 
​ដូចជា​វេជ្ជបណ្ឌិត Beat Richner ដែលជា​ស្ថាបនិក​ផងដែរ ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ចាត់ទុក​លោក Peter Studer ជា​មហា​សប្បុរសជនរ​បស់​កម្ពុជា នា​រយៈពេល​ជិត​៣​ទសវត្សរ៍​កន្លងមក​នេះ ដែល​នាំ​ឲ្យ​កុមារ​កម្ពុ​ជាមាន​លក្ខខណ្ឌ​សុខភាព​ដ៏​ល្អប្រសើរ​។​
 
​ភាពក្លាហាន​និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ថែរក្សា​និង​អភិវឌ្ឍ​ការងារ​របស់​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​បានធ្វើ​ឱ្យមាន​ការគោរព​កោតសរសើរ​និង​ការគិតគូរ​ពី​ប្រជាជន​កម្ពុជា​។​
 
«​ភាពក្លាហាន និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់លោក [Peter Studer] ក្នុងការ​ថែរក្សា និង​អភិវឌ្ឍ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ទទួលបាន​នូវ​ការគោរព កោតសរសើរ និង​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ពលរដ្ឋ​កម្ពុជា​»​។ នេះ​បើ​យោងតាម​ព្រះរាជ​សំ​ណា​រលើ​ព្រះរាជសារ ថ្ងៃទី​៩ ខែឧសភា​។​
 
​ជាមួយគ្នានេះ ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ ក៏បាន​រំលែក​ដល់​លោកស្រី Geneviève F. Cattin-Studer និង​ក្រុមគ្រួសារ​របស់លោក Peter Studer ផងដែរ​៕
 

Tag:
 គន្ធបុប្ផា​
© រក្សាសិទ្ធិដោយ thmeythmey.com